(សៀមរាប)៖ កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ ដោយខ្យលកន្ត្រាក់នៅឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន ២៩គ្រួសារ (រលំ៤ខ្នង របើកដំបូល២២ខ្នង របួសធ្ងន់២នាក់ និងស្លាប់១នាក់)។

ក្នុងឱកាសចែកអំណោយមនុស្សធម៌ ដល់ពលរដ្ឋរងគ្រោះនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោកបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ។ លោកលេីកឡេីងថា នេះជាគ្រោះមហន្តរាយដោយធម្មជាតិ ដែលគ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។

លោក គុជ លីណា បានលេីកឡេីងថា ទោះបីជាអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ក៏ដោយ តែក៏អាចជួយសម្រាលទុក្ខបាករបស់បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

សូមបញ្ជាក់ផងដែរ អំណោយមនុស្សធម៌ដែលផ្ដល់ជូន១គ្រួសាររលំផ្ទះទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល។

គ្រួសាររបើកដំបូលទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។

គ្រួសាររងរបួសទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា៣សែនរៀល និងគ្រួសារមានសមាជិកគ្រួសារស្លាប់ទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា៥សែនរៀលផងដែរ៕