(ភ្នំពេញ)៖ លោក អាន សុខខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានធ្វើបទអន្តរាគមន៍៦ចំណុច ក្នុងកិច្ចពិភាក្សាទូទៅលើរបៀបវារៈទី២ ស្តីពីរបាយការណ៍សកលរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ក្នុងសម័យប្រជុំលើកទី៤៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលបានធ្វើឡើង កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

ក្នុងបទអន្តរាគមន៍ប្រមាណ ១៖៣០ នាទី ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងដូចតទៅ៖

១៖ គណៈប្រតិភូកម្ពុជា យល់ស្របទៅនឹងទស្សនៈរបស់ ឯកឧត្តមប្រធាន ពាក់ព័ន្ធនឹងការធ្វើ
នយោបាយូបនីកម្មនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស និងភាពលម្អៀងដោយសារការកំណត់ឋានានុក្រម ក្នុងចំណោមប្រភេទសិទ្ធិមនុស្ស។

២៖ យើងខ្ញុំកត់សម្គាល់ដោយក្ដីខកចិត្តយ៉ាងខ្លាំងចំពោះប្រការដែលលោកជំទាវឧត្តមស្នងការ ទទួលយករបាយការណ៍ ដែលពិនិត្យមើលតែមួយជ្រុង និងបង្កការយល់ខុស ពាក់ព័ន្ធស្ថានភាពនៅកម្ពុជា។

៣៖ ការថ្លែងថា កូដកម្មរបស់អតីតបុគ្គលិកកាស៊ីណូធ្វើឡើងដោយស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។ តុលាការបានប្រកាសតាំងពីខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះថា កូដកម្មនេះគឺខុសច្បាប់។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានត្អូញត្អែរពីការរំខាន បង្កដោយការតវ៉ាខុសច្បាប់ដែលអូសបន្លាយពេលជាច្រើនខែ។ អាជ្ញាធរកម្ពុជាបានរក្សាភាពអត់ធ្មត់ជាទីបំផុត ហើយថែមទាំងបានលុតជង្គង់អង្វរករសុំឱ្យបាតុករគោរពតាមវិធានបង្ការនិងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ យ៉ាងហោចណាស់ បាតុករចំនួន១៣០ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩។ លោកជំទាវឧត្តមស្នងការ តើបាតុកម្មខុសច្បាប់ដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបំពានលើវិធានសុខភាពសាធារណៈដូច្នេះ គឺជាការអនុវត្តសេរីភាពប្រមូលផ្តុំដោយសន្តិវិធីដែលស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ?

៤៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កិច្ចប្រជុំអន្តរក្រសួងដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយវិវាទការងារដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែកន្លងមកនេះ និងត្រូវបានគេធ្វើនយោបាយូបនីកម្ម។

៥៖ អវត្តមាននៃគណបក្សនយោបាយមួយក្នុងការបោះឆ្នោតនាពេលខាងមុខ ដោយសារការបំពានច្បាប់ មិនបានធ្វើឱ្យកម្ពុជាចាកឆ្ងាយពីពហុបក្សឡើយ។ មិនថាលទ្ធផលបែបណាឡើយ ការពិតមួយដែលមិនអាចប្រកែកបានគឺថា អ្នកបោះឆ្នោតនៅតែអាចជ្រើសរើសគណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយចំនួន១៧ ដែលបានចុះបញ្ជីរួចរាល់ ចូលរួមការប្រកួតប្រជែងការបោះឆ្នោត។ គណបក្សទាំងនោះ មិនថាតូច ឬធំ មានសិទ្ធិនយោបាយ និងសេចក្តីថ្លៃថ្នូរស្មើៗគ្នា និងត្រូវទទួលបានការគោរពដូចៗគ្នា។

៦៖ នៅទីបញ្ចប់នេះ គណៈប្រតិភូយើងខ្ញុំកត់សម្គាល់ឃើញថា ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានសំងំស្ងៀមឈឹងអស់រយៈពេលជាច្រើនឆ្នាំ ចំពោះការប្រើភាសាប្រជាភិថុតិប្រកបដោយគ្រោះថ្នាក់ របស់ក្រុមប្រឆាំងមួយចំនួន ដែលវិធីសាស្រ្តរបស់ក្រុមនោះគឺផ្សព្វផ្សាយព័ត៌មានមិនពិត ជេរប្រមាថ និងបង្កាច់បង្ខូចគ្រប់បែបយ៉ាង ញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ និងការរើសអើងពូជសាសន៍ និងអំពាវនាវឱ្យមានការបះបោរប្រឆាំងរដ្ឋាភិបាលជាថ្នូរនឹងប្រាក់។ លោកជំទាវឧត្តមស្នងការ តើសកម្មភាពទាំងនេះគឺជាអ្វីដែលលោកជំទាវ ចាត់ទុកថា ជាការប្រព្រឹត្តស្របច្បាប់ ក្រោមច្បាប់អន្តរជាតិឬ?

ខាងក្រោមនេះជា បទអន្តរាគមន៍ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា៖