(ភ្នំពេញ)៖ កីឡាករហែលទឹកកម្ពុជា ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទីនី ត្រូវបានសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ (FINA) ផ្ដល់សិទ្ធិអនុគ្រោះ ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង Rio ប្រទេសប្រេស៊ីល ឆ្នាំ២០១៦ នេះបើយោងតាមការឲ្យដឹងពីលោក វ៉ាត់ ចំរើន អគ្គលេខាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

អគ្គលេខាធិការខាងលើបានថ្លែងថា «ដោយសារសហព័ន្ធខ្មែរកីឡាហែលទឹក បានកំណត់ច្បាស់លាស់ពីលទ្ធផល អត្តលិកជម្រើសជាតិ និងបញ្ជូនទៅសហព័ន្ធកីឡាហែលទឹកអន្ដរជាតិ ទើប FINA សម្រេចផ្ដល់សិទ្ធិអនុគ្រោះ (Wild Card) ឲ្យកីឡាករ-កីឡាការិនីកម្ពុជា ២រូបទៅចូលរួមប្រកួតអូឡាំពិក នៅប្រទេសប្រេស៊ីល»

លោកបានពន្យល់ទៀតថា សម្រាប់កីឡាហែលទឹកកម្ពុជាបច្ចុប្បន្ន នៅមិនទាន់មានសមត្ថភាពអាចចូលរួមប្រកួតជម្រុះ កម្រិតអាស៊ីដូចកញ្ញា ស៊ន សៀវម៉ី ដើម្បីដណ្ដើមសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកជាផ្លូវការនោះទេ ហេតុនេះហើយ ទើបយើងស្នើឲ្យមានការផ្ដល់សិទ្ធិអនុគ្រោះ ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ដែលមានរយៈពេល៤ឆ្នាំម្ដងនេះ។

គួរបញ្ជាក់ផងដែរថា រយៈពេល ៦២ឆ្នាំមកហើយ អត្តពលិកកម្ពុជា នៅមិនទាន់ឆ្លងផុតវគ្គជម្រុះកីឡាអូឡាំពិកនោះទេ ប៉ុន្ដែទើបតែកាលពីពេលថ្មីៗកន្លងទៅ ដែលកញ្ញា ស៊ន សៀវម៉ី បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រនេះ តាមរយៈការ ប្រកួតឈ្នះមេដាយមាស និងសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិក នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលជាផ្លូវការ បន្ទាប់ពីឆ្លងផុតការប្រកួតជម្រុះកីឡាអូឡាំពិកប្រចាំទ្វីបអាស៊ី នៅប្រទេសហ្វីលីពីន។

ដូច្នេះ គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ នេះ កម្ពុជា មាន២ប្រភេទកីឡា គឺកីឡាតេក្វាន់ដូ ស៊ន សៀវម៉ី និង កីឡាហែលទឹក កីឡាករ ពូ សុវិជ្ជា និងកីឡាការិនី ហែម ថុនវិទីនី ស្មើនឹង៣វិញ្ញាសា សម្រាប់ត្រៀមប្រកួតកីឡាថ្នាក់ពិភពអូឡាំពិករដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែសីហាខាងមុខ គ្រាដែលកម្ពុជា ក៏បានកំពុងទន្ទឹងរង់ចាំអត្តពលិកនៃប្រភេទកីឡាផ្សេងទៀត ក៏ដូចជាការអនុគ្រោះបន្ថែមទៀត ពីសហព័ន្ធពិភពលោកទៀតផង លោក វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕