(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយឥតសំណងចំនួន ១,០៩៣,៨១៨ដុល្លារអាមេរិក ក្រោមគម្រោងជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន លើការលើកកម្ពស់សុខភាពសហគមន៍ និងអនាម័យ និងការកសាងសមត្ថភាពយុវជន នៅខេត្តព្រះវិហារ និងខេត្តប៉ៃលិន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាងអង្គភាពទទួលជំនួយចំនួនពីរ នៅស្ថានទូតជប៉ុន នាថ្ងៃរសៀល ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុន នាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

*ទី១៖ គម្រោងកសាងសមត្ថភាពយុវជនក្នុងខេត្តប៉ៃលិន តាមរយៈការពង្រឹងមជ្ឈមណ្ឌលសិក្សាសហគមន៍ (ឆ្នាំទី៣) (ថវិកាជំនួយ ៤៤៥,៩៩៤ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការកុមារឥតព្រំដែន (KnK)។

នៅក្នុងគម្រោងនេះ អង្គការ KnK នឹងបន្តគាំទ្រដល់យុវជន ជាពិសេសអ្នកដែលទទួលរងការលំបាកដោយសារការងារមិនឋិតថេរ ខ្វះជំនាញជីវិត និងបោះបង់ចោលការសិក្សា។ សម្រាប់ឆ្នាំទី៣ នៃគម្រោងនេះ មជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ នឹងត្រូវបានសាងសង់ ហើយមជ្ឈមណ្ឌលសិក្សាសហគមន៍ចំនួន៤ ដែលរួមទាំងមជ្ឈមណ្ឌលសិក្សាសហគមន៍ថ្មីចំនួន២ ដែលទើបសាងសង់នេះ នឹងត្រូវបានបំពាក់ជាមួយនឹងសម្ភារៈសិក្សា។

តាមរយៈការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដែលមានភាពប្រសើរជាងមុន ក៏ដូចជាការគាំទ្រយ៉ាងជិតស្និទ្ធដល់យុវជន ពួកគេអាចទទួលបានជំនាញដែលជួយពួកគេបង្កើតមូលដ្ឋានគ្រឹះមួយសម្រាប់ជីវិតកាន់តែប្រសើរ នាពេលអនាគត។

* ទី២៖ គម្រោងរួមបញ្ចូលគ្នា សុខភាព អាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ ក្នុងខេត្តព្រះវិហារ (ឆ្នាំទី៣) (ថវិកាចំនួន ៦៤៧,៨២៤ដុល្លារអាមេរិក) អង្គភាពទទួលជំនួយ៖ អង្គការ World Vision Japan.(WVJ)។

ក្នុងគម្រោងនេះ អង្គការ WVJ នឹងបន្តផ្តល់វគ្គបណ្តុះបណ្តាល និងលើកកម្ពស់ការយល់ដឹងអំពីសុខភាព អាហារូបត្ថម្ភ និង WASH (ទឹកស្អាត និងអនាម័យ) ដល់មន្ត្រីសុខាភិបាល និងមន្ត្រីអភិវឌ្ឍន៍ជនបទ ព្រមទាំងសហគមន៍ ក្នុងខេត្តព្រះវិហារផងដែរ។ សកម្មភាពជាបន្តបន្ទាប់ទាំងនេះ ចាប់តាំងពីឆ្នាំទី១ នៃគម្រោងនឹងរួមចំណែកកែលម្អស្ថានភាពទាំងមូលនៃការអនុវត្តការផ្តល់អាហារ និងការប្រើប្រាស់ទឹកដែលមានសុវត្ថិភាព ក្នុងខេត្តព្រះវិហារ និងជួយកុមារឱ្យមានការលូតលាស់ប្រកបដោយ សុខភាពល្អ និងភាពរឹងមាំជាងមុន។

កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជាតាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាជាង៤៨លានដុល្លារអាមេរិក ដល់គម្រោងចំនួន១៤៥ ដែលផ្ដោតសំខាន់ទៅលើវិស័យអប់រំ នៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យ កសិកម្ម និងសកម្មភាពបោសសម្អាតមីន ក្នុងប្រទេសកម្ពុជា៕