(ឧត្តរមានជ័យ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ស្តូប ឈ្នះ ឈ្នះ អន្លង់វែង ដែលស្ថិតនៅភ្នំ២០០ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ថ្លែងនៅក្នុងពិធីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា គោលនយោបាយឈ្នះតាមរយះប្រវត្តិសាស្ត្រអន្លង់វែង បានផ្តល់ចក្ខុគំនិត មេរៀន បទពិសោធន៍ ដល់ប្រទេសដទៃទៀត ពិសេសថា តើគោលនយោបាយនេះ មានប្រសិទ្ធភាពយ៉ាងដូចម្តេចក្នុងការបញ្ចប់ជម្លោះផ្នែកនយោបាយ និងយោធានៅថ្នាក់មូលដ្ឋាន។ សម្តេចបន្ថែមថា តាមពិតអន្លង់វែងគប្បីត្រូវធ្វើក្រោយតំបន់ដទៃទៀត ប៉ុន្តែបែរជាចាប់ផ្តើមមុន បន្ទាប់ពីវិមាន ឈ្នះ ឈ្នះ និងការរៀបចំសាងស្តូប ឈ្នះ ឈ្នះ នៅកោះកុង ដែលអាចចាត់ទុកជាវិញ្ញាសារបើកផ្លូវសម្រាប់ការកសាងនៅទីនេះ។

សម្តេចបានមានប្រសាសន៍បន្តថា រឿងរ៉ាវជាច្រើនដែលរកបាននៅទីនេះ គឺការរួមចំណែកនៃប្រតិបត្តិករទាំងអស់ ទាំងកងយោធពលខេមរភូមិន្ទ ស្ថាប័ននានា និងទាំងអតីតកងកម្លាំងកម្ពុជាប្រជាធិបតេយ្យដែលកំពុងនៅទីនេះ ក្នុងស្មារតីសាមគ្គី ឆន្ទៈ បន្តកាន់ទង់សន្តិភាព តកូនតចៅទាំងអស់គ្នាតទៅ។ នេះហើយគឺជាខឿនការពារជាប្រវត្តិសាស្ត្រដែលមិនអាចកាត់ថ្លៃបាន និងដំណើរសន្តិភាពរបស់យើងដូចសម្តេចតេជោបានបញ្ជាក់ថា «មានសន្តិភាព ទើបមានក្តីសង្ឃឹម» ហើយសន្តិភាពដែលបានដោយនយោបាយ ឈ្នះ ឈ្នះ គឺជាស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិការឯកដែលយើងខិតខំធ្វើនៅថ្ងៃនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា៖ តំបន់ប្រវត្តិសាស្ត្រយោធាទាំងអស់ ដែលបានរៀបចំទទួលបានការអនុម័ត និងកំពុងដំណើរការតាមផ្លូវច្បាប់ ដូចជាតំបន់កំពុងប្រារព្វពិធីនៅទីនេះគឺភ្នំ២០០។ នៅទីនេះ សម្តេចបានអាន បានសិក្សាពីភូមិសាស្ត្រភ្នំ២០០នេះ ដែលមិនត្រឹមជាកន្លែងឆ្នៃគ្រាប់ដំបូង គឺជាតឹកតាងប្រវត្តិសាស្ត្រ ប៉ុន្តែសកម្មភាពនានាជាច្រើន និងចុងក្រោយមាននៅជុំវិញនៅទីនេះតែម្តង។ សម្តេចតេជោ ធ្លាប់បានបញ្ជាក់ជាច្រើនលើកអំពីការចាប់ផ្តើមរបស់យើងនៅភ្នំ២០០ផងដែរ។

សម្តេចបន្ថែមថា ក្រុមការងារបានរៀបចំតំបន់ថ្មីមួយទៀត ដែលជាកិច្ចការត្រូវធ្វើខានមិនបាន នោះគឺបុព្វហេតុនៃសកម្មភាព ដែលដំណើរការមកដល់តំបន់នេះ ក្នុងដំណើរការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ ចុងក្រោយគឺតំបន់អណ្តូង៣ នៅស្រែណូយ ព្រៃស្អាក។ ក្រុមការងារបានបញ្ជាក់អះអាងយ៉ាងហ្មត់ចត់ ដើម្បីដំណើរការរៀបចំនៅតំបន់នេះ ដោយសូមឲ្យរដ្ឋអំណាចមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធសហការ ព្រោះទីនោះគឺជាតឹកតាងមួយដ៏សំខាន់ មុននឹងមកដល់តំបន់ភ្នំ២០០។ អ្វីទាំងអស់នេះអាចកសាងជាខ្សែរភាពយន្តប្រវត្តិសាស្ត្រនៅពេលខាងមុខ នឹងត្រូវបានចារឹក ជាចម្លាក់ តាមជញ្ជាំងនៃស្តូប ឈ្នះ ឈ្នះ នៅទីនេះ ទាំងអស់នេះជាភាពដំបូងដែលមិនអាចកាត់ថ្លៃបាន នៅក្នុងដំណើរការនៃការកសាងស្តូប ឈ្នះ ឈ្នះ សម្រាប់មនុស្សជំនាន់ក្រោយដើម្បីការពារសន្តិភាព ដោយដឹងរឿងរ៉ាវនៃការធ្វើពីមុនមក។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបន្ថែមថា៖ ការកែប្រែតំបន់នេះ ទៅជាតំបន់ប្រវត្តិសាស្ត្រយោធា មិនមែនមានន័យថា ជាកិច្ចការសម្រាប់តែផ្នែកកងទ័ពនោះទេ ប៉ុន្តែគឺជាមូលដ្ឋាននៃការបង្កើត និងពង្រីកសក្កានុពលនៃវិស័យសេដ្ឋកិច្ចសង្គម ប្រវត្តិសាស្ត្រ ទេសចរណ៍ វប្បធម៌ សន្តិសុខ និងការការពារបូរណភាពទឹកដីថែមទៀតផងដែរ។ នៅទីនេះ ទោះបីជាកសាងយ៉ាងណាក៏មិនអាចដល់ទីបញ្ចប់ ឬគ្រប់ដែរ ភាពចាំបាច់របស់យើងគឺនិរន្តរភាពត្រូវធ្វើជាបន្តបន្តាប់ លើស្មារតីនៃការចូលរួម ដើម្បីតបស្នងសងគុណ និងបង្ហាញពីការដឹងគុណចំពោះសុខដុមភាព និងបាវចនានៃវិមាន ឈ្នះ ឈ្នះ ដែលបានដាក់ចេញ និងមានន័យទូលំទូលាយសម្រាប់យើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវ ដូចខាងក្រោម៖

* ឲ្យបន្តអនុវត្តនូវស្មារតីសិក្ខាសាលានៅថ្ងៃ៧-៨ ខែមករា ឆ្នាំ២០២០ ឲ្យបានគ្រប់ជ្រុងជ្រោយ ពង្រឹងពង្រីកនូវការយល់ដឹង ការចូលរួមសម្រាប់ការលើកកម្ពស់គោលនយោបាយ ឈ្នះ ឈ្នះ មគ្គុទេសភាពរបស់សម្តេចតេជោ និងតឹកតាងប្រវត្តិសាស្ត្រនានា នៅក្នុងការងនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ។

* គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធចូលរួមចំណែកគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជុំវិញតំបន់អភិវឌ្ឍន៍នេះតាមសំណូមពរចាំបាច់របស់ អនុគណៈកម្មការសាងសង់ស្តូបឈ្នះឈ្នះអន្លង់វែង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពស្តូបនិងតំបន់រណបឲ្យកាន់តែប្រសើរឡើង ដែលជាការទាក់ទាញភ្ញៀវទេសចរណ៍មកចូលរួមទស្សនាកំសាន្ត។

* អនុគណៈកម្មការសាងសង់ស្តូប ឈ្នះ ឈ្នះ ត្រូវសហការជាមួយការងារពាក់ព័ន្ធទាំងអស់ ខិតខំសិក្សាស្រាវជ្រាវ ឯកសារ ភស្តុតាង តឹកតាង ខ្លឹមសារប្រវត្តិសាស្ត្រនិងសមិទ្ធិផលនានាដែលសម្រេចបាន ក្រោយនយោបាយ ឈ្នះ ឈ្នះ សម្រាប់រៀបចំប្រវត្តិសាស្ត្រជាតិកម្មវិធីអប់រំនិងពិពណ៍ផ្សេងៗ។

* ក្រុមការងារទទួលបន្ទុកស្តូប ឈ្នះ ឈ្នះ បន្តដំណើរតាមផែកនារមេនិងប្លង់ទីតាំងរួម ដូចជាប្លង់ស្ថាបត្យកម្ម ប្លង់រចនាបទសម្ព័ន្ធ ប្លង់សាងសង់ ប្លង់បំពាក់គ្រឿងសម្ភារ ការតុបតែង ត្រូវគ្រប់គ្រងដឹកនាំសាងសង់ទៅតាមលក្ខណៈបទដ្ឋានបច្ចេកទេស និងពេលវេលាបានកំណត់ ដោយធានាគុណភាពប្រើប្រាស់យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ។

* អំពាវនាវដល់លោកឧកញ៉ា លោកលោកស្រី បន្តចូលរួមគាំទ្រថវិកា ឧបករណ៍ សម្ភារ តាមលទ្ធភាពជាក់ស្តែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អនុគណៈកម្មការសាងសង់ ដំណើរការការងារបស់ខ្លួន សម្រេចបានជោគជ័យ តាមការប្រកល់ភារកិច្ច របស់គណៈកម្មការសាងសង់វិមាន ឈ្នះ ឈ្នះ៕