(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៉ីនព្រីនចំនួន ៤០ គ្រឿងដល់ឃុំគោលដៅទាំង ៤០ឃុំ ក្នុង៥ស្រុក មានស្រុកបាធាយ, ជើងព្រៃ, កងមាស, កោះសូទិន និងស្រុកស្ទឹងត្រង់ ដែលអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប (TSSD-AF) ជំហានទី២ ។

តាមមន្ត្រីរដ្ឋបាលខេត្ត បានឲ្យដឹងថា គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន១ បានចែកកុំព្យូទ័រយួរដៃចំនួន ៤០គ្រឿង និងម៉ាស៉ីនព្រីនចំនួន ៤០គ្រឿង ដល់ឃុំគោលដៅទាំង ៤០ឃុំ ប៉ុន្តែបច្ចុប្បន្នសម្ភារៈទាំងនោះ បានខូចខាតប្រើប្រាស់មិនកើត។

ដូច្នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីផ្សព្វផ្សាយផ្តល់ព័ត៌មានចល័តឃុំ (CMAWs) និងមេឃុំក្នុងការបំពេញការងារ ដែលទទួលបានជោកជ័យនាពេលកន្លងមក លើគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ទើបលោកអភិបាលខេត្ត បានចែកកុំព្យូរទ័រយូរដៃចំនួន ៤០គ្រឿង និងម៉ាស៊ីនព្រ៉ីនចំនួន ៤០គ្រឿងបន្ថែមទៀត ដល់ស្រុក៥ ដែលមាន ៤០ឃុំ រួមមានស្រុកបាធាយមាន ៩ឃុំ, ជើងព្រៃមាន ៨ឃុំ , កងមាសមាន ៨ឃុំ, កោះសូទិនមាន ៧ឃុំ, និងស្រុកស្ទឹងត្រង់មាន ៨ឃុំ ៕