(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាហ្កាដ (Devyani Khobragade) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសលោកខាងលិចគួរតែលើកទឹកចិត្តឱ្យការចរចារុស្ស៊ី-អ៊ុយក្រែន បានជោគជ័យ និងចៀសសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់។

ក្នុងជំនួបសម្តែងការគួរសម នៅព្រឹកថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី និងលោកស្រីឯកអគ្គរដ្ឋទូត បានឆ្លៀតពេលនិយាយពីសង្រ្គាម រុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាបញ្ហាជាច្រើនទៀត ដែលជាកង្វល់រួម។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកជាច្រើនដងហើយនូវទស្សនៈ និងគោលជំហររបស់កម្ពុជា ហើយថាចំាបាច់ឱ្យមានការឈប់បាញ់ ដើម្បីរក្សាបាននូវឯករាជ្យបូរណភាព និងអធិបតេយ្យភាព អ៊ុយក្រែន ព្រមទាំងការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ី។ លោកឧបនាយករដ្ឋមន្ត្រី បានលើកបង្ហាញថា ប្រទេសលោកខាងលិចគួរតែលើកទឹកចិត្តជំរុញឱ្យមានការឈប់បាញ់ ការចរចារុស្ស៊ី-អ៊ុយក្រែន ឱ្យបានជោគជ័យ និងជៀសវាងអន្តរាគមន៍ពីបរទេស ធ្វើឱ្យសភាពការណ៍កាន់តែអាក្រក់ឡើង ដែលអាចប៉ះពាល់ដល់សន្តិសុខ និងសន្តិភាពនៅអឺរ៉ុប។

លោកបានលើកឡើងបន្តថា «តាមការពិតសង្រ្គាមនេះជាសង្រ្គាមរវាង ណាតូ-អឺរ៉ុប-អាមេរិក និងរុស្ស៊ី តាមរយៈអ៊ុយក្រែន»

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកអំពី ឥណ្ឌូ-ប៉ាស៉ីហ្វិក ដែលមានទស្សនាទានរបស់អាស៊ាន ព្រមទាំងមជ្ឈភាពអាស៊ាន (ASEAN CENTRALITY) និង និម្មាបនកម្មតំបន់អាស៊ាន (ASEAN REGIONAL ARCHITECTURE) ហើយសម្ដេចតេជោ ហ៊ុន សែន បានលើកឡើង ៣ចំណុច ដូចតទៅ៖

១៖ ត្រូវតែផ្តល់ផលប្រយោជន៍សម្រាប់សន្តិភាព និងការអភិវឌ្ឍ
២៖ មិនប្រឆាំងនឹងប្រទេសណាមួយ
៣៖ ត្រូវគោរព និងផ្តល់ការគំាទ្រសម្រាប់មជ្ឈភាពរបស់អាស៊ាន និងទស្សនាទានឥណ្ឌូ-ប៉ាស៉ីហ្វិក របស់អាស៊ាន។

ក្នុងជំនួបជាមួយលោកស្រីឯកអគ្គរដ្ឋទូត លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បាននិយាយអំពីបញ្ហាមីយ៉ាន់ម៉ាផងដែរ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន បានទៅទស្សនកិច្ចការងារជាមួយរដ្ឋាភិបាល ស្នើឱ្យមានការចរចាដោយផ្ទាល់ ហើយក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នឹងខិតខំជួយដោះស្រាយបញ្ហារបស់មីយ៉ានម៉ា ឈរលើគោលការណ៍កុងសង់ស៊ុស (5PC) របស់អាស៊ាន។ លោកបាននិយាយទៀតថា បញ្ហាមីយ៉ាន់ម៉ា មិនអាចដោះស្រាយ ៥ចំណុច តែម្ដងបានទេ ត្រូវចាប់ផ្តើមពីចំនុចទី១ រហូតដល់ ៥ ដូចនេះហើយបានជាសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជំរុញឱ្យមានការឈប់បាញ់សិន បានបន្តអនុវត្តចំណុចផ្សេងៗទៀតនៃ ៥ចំណុច កុងសង់ស៊ុស។

និយាយអំពីសមុទ្រចិនខាងត្បូង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ជាការទាមទារអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះជាមួយចិន ដូចនេះត្រូវតែដោះស្រាយផ្ទាល់រវាងប្រទេសទាក់ទងនឹងបញ្ហានេះ។ លោកក៏បានរំលឹកអំពីសេចក្តីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដែលរដ្ឋមន្រ្តីការបរទេសអាស៊ានទាំង១០ បានចុះហត្ថលេខាជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីជៀសវាងទំនាស់នៅសមុទ្រចិនខាងត្បូង។

លោកឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា DOC នេះអាចទុកថាជាឯកសារប្រវត្តិសាស្រ្តទំនាក់ទំនងអាស៊ាន-ចិន ដែលបានចុះហត្ថលេខាជាមួយចិន ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០០២ ជាលើកទី១។ នៅគ្រប់ការចរចា ២០ឆ្នំាមកហើយ (២០០២-២០២២) ភាគីទាក់ទងទំាងអស់នៅតែទាមទារការអនុវត្ត DOC ឱ្យបានពេញលេញ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កម្ពុជា ក្នុងការជួសជុលប្រាសាទតាព្រហ្ម តំាងពីឆ្នាំ២០០៤ ម៉ាស៉ីនបូមទឹក ការដោះមីន ព្រមទាំងអាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជា ព្រមទាំងកម្ចីឥតសំណង។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកអំពីទំនាក់ទំនងទ្វេភាគី ដែលនឹងគម្រប់បាន ៧០ឆ្នាំនៅខែឧសភាខាងមុខនេះ ក្នុងរយៈពេល ៧០ឆ្នាំនេះ ដោយលោកបានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការបានល្អប្រសើរលើគ្រប់វិស័យ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មប្រទេសទាំងពីរ នៅមានកម្រិតតិចតួច គួរតែពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ។

ជាឆ្លើយតបទៅនឹងសំណើរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺលោកស្រីឯកអគ្គរដ្ឋទូត គាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងកម្ពុជា-ឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធ និងស៉ីជម្រៅថែមទៀត។

ពេលនិយាយពីបញ្ហានៅប្រទេសមីយ៉ាន់ម៉ា លោកស្រីឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ អំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយយល់ស្របជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថាបញ្ហាមីយ៉ាន់ម៉ាមិនអាចដោះស្រាយទំាង ៥ចំណុច ជាបន្ទាន់ភ្លាមៗបានទេ គឺត្រូវធ្វើមួយជំហានម្ដង មួយជំហានម្ដង។

ទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង លោកស្រីឯកអគ្គរដ្ឋទូត បានចោទជាសំណួរថា «តើចិនពិតជាចង់បានរមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC) ពិតមែនឬទេ»?

អំពីសង្រ្គាម រុស្ស៊ី-អ៊ុយក្រែន លោកស្រីបានលើកឡើងថា នាយករដ្ឋមន្រ្តីឥណ្ឌាបានទូរសព្ទទៅដោយផ្ទាល់ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន និងប្រធានាធិបតី អ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡិនស្គី ស្នើឱ្យមានការចរចាដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាសង្រ្គាមនេះ។ លោកស្រីបានបន្ថែមទៀតថា ឥណ្ឌានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសមាជិក QUAD ដើម្បីស្វែងរកដំណោះស្រាយបញ្ហាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។

ពាក់ព័ន្ធនឹងបញ្ហាឥណ្ឌូ-ប៉ាស៉ីហ្វិក លោកស្រីបានគំាទ្រមជ្ឈភាពអាស៊ាន (ASEAN CENTRALITY) និង និម្មាបនកម្មតំបន់អាស៊ាន (ASEAN REGIONAL ARCHITECTURE) ៕