(កំពង់ចាម)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ជាផ្លូវការកុដិ បណ្ណាល័យ និងសមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ស្ថិតក្នុងឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ដែលកើតមានទ្បើងជាបន្តបន្ទាប់សម្រាប់អ្នកស្រុកកងមាស ទាំងការកសាងហេដ្ឋាររចនាសម្ព័ន្ធ និងសំណង់ពុទ្ធសាសនានានា ជាពិសេសជីវភាពកាន់តែល្អ ប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលទាំងនេះពិតជាបង្ហាញឱ្យឃើញអំពីការរីកចម្រើនស្របគ្នាទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន និងពឹងអាស្រ័យគ្នាទៅវិញទៅមក។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោក បានសូមអបអរសាទរផងដែរចំពោះភាពជោគជ័យលើសង្គ្រាមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលកម្ពុជាទទួលបាន ហើយជោគជ័យនេះកើតមានទ្បើងដោយសារប្រតិបត្តិករ ០៣សំខាន់រួមមាន៖

*ទី១៖ គឺតួអង្គ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានធ្វើការដឹកនាំផ្ទាល់នូវយន្តការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាំងតែពីដើមដំបូងមក ដើម្បីការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយជំងឺដ៏កាចសាហាវមួយនេះ។ សម្តេច បានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ រួមជាមួយការសិក្សាស្រាវជ្រាវល្អិតល្អន់ពីក្រុមការងារបច្ចេកទេសជំនាញដែលមានការពាក់ព័ន្ធ ក្នុងការជ្រើសរើសវ៉ាក់សាំង និងបើកយុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងផ្ទៃប្រទេស ដើម្បីកាត់បន្ថយ ការឆ្លងរាលដាល, ភាពធ្ងន់ធ្ងរនៃជំងឺ និងអត្រាមរណភាព ក៏ដូចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពសេដ្ឋកិច្ច-សង្គម។
*ទី២៖ គឺការរួមពួតដៃចូលរួមសហការគ្នាពីសំណាក់មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ក្នុងការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគ្រប់វិធានការដែលរាជរដ្ឋាភិបាល បានដាក់ចេញ ជាពិសេសការឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្ត ពេលវេលា និងធនធានចូលរួមនៅក្នុងបុព្វហេតុដ៏ឧត្តុងឧត្តមថ្លៃថ្លានេះ។
*ទី៣៖ គឺជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលស្តែងឡើងតាមរយៈការចូលរួមយ៉ាងសកម្មផុសផុលទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីការការពារអាយុជីវិត របស់ខ្លួន និងក្រុមគ្រួសារ បើទោះបីជាមានការញុះញង់ អូសទាញបន្លាច និងក្លែងបន្លំការពិតពីសំណាក់អ្នកនយោបាយអគតិមួយចំនួនយ៉ាងណាក៏ដោយ។

លោកបានលើកឡើងថា គណបក្សប្រជាជន បេ្តជ្ញាបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរទ្បើង ព្រមទាំងផ្តោតលើការបង្កើតសមិទ្ធផលវិជ្ជមាននានាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋឱ្យកាន់តែសម្បូរសប្បាយ ប្រកបដោយភាពសុខសាន្ត ទន្ទឹមនឹងការជំរុញកសាង និងអភិវឌ្ឍប្រទេស លើដំណើរផ្លូវប្រកបដោយសន្តិភាព និងស្ថិរភាព ក៏ដូចជាការពង្រឹងកិត្យានុភាពជាតិក្នុងនាមជាប្រទេស អធិបតេយ្យសើ្មមុខស្មើមាត់ជាមួយគ្រប់បណ្តាប្រទេសតូចធំលើឆាកអន្តរជាតិ។ ហេតុនេះ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់ឱកាសជូន សម្តេចតេជោ ប្រមុខដឹកនាំគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ទាំងអស់បន្តកិច្ចការបម្រើជាតិ និងប្រជាជន ដោយនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុភមង្គល និងវឌ្ឍនភាពរុងរឿង៕