(កែប)៖ អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ (CNRP) នៅក្នុងខេត្តកែបប្រមាណ ១៨៨នាក់ បានស្ម័គ្រចិត្តចូលរួមរស់ និងធ្វើសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) បន្ទាប់ពីពួកគេបានមើលឃើញថា គណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយចាស់ទុំ រឹងមាំ និងបានសាងស្នាដៃជាច្រើនចំពោះជាតិ និងប្រជាជន។ ជាពិសេសពួកគេពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។

ពិធីទទួលស្គាល់ និងស្វាគមន៍អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០២២នេះ ក្រោមវត្តមានលោក យូ សិរីវុឌ្ឍ, លោក ផេង គីមស្រ៊ុន, លោក គង់ លីវ៉ា និងលោក ហ៊ត សីហា ដែលជាក្រុមការងាររបស់លោក លី សាមេត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

សមាសភាពអ្នកដែលបានស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាព្រឹកមិញនេះរួមមាន៖ លោក មា ស៊ីថា អតីតអនុប្រធានប្រតិបត្តិខេត្តកែប របស់អតីតគណបក្ស CNRP, លោក លេង ចំរើន អតីតប្រធានប្រតិបត្តិស្រុកដំណាក់ចង្អើរ របស់អតីតគណបក្ស CNRP, លោក មាស ឃិន អតីតបេក្ខជនក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ របស់អតីតគណបក្ស CNRP, លោក ឆាយ ហេ អតីតបេក្ខជនក្រុមប្រឹក្សាស្រុកដំណាក់ចង្អើររបស់អតីតគណបក្ស CNRP, លោក ទួន សាយ អតីតបេក្ខជនមេឃុំអង្កោល របស់អតីតគណបក្ស CNRP។ ក្រៅពីនេះសុទ្ធសឹងជាសមាជិកគាំទ្រ។

ក្នុងឱកាសស្វាគមន៍វត្តមានរបស់អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិនេះ លោក យូ សិរីវុឌ្ឍ បានសម្តែងការរីករាយជាខ្លាំងចំពោះវត្តមានសមាជិកថ្មីទាំងជិត ២០០នាក់។ លោក បានចាត់ទុកការចូលរួមសកម្មភាពនយោបាយរបស់អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្ស CNRP ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចិត្តមួយដ៏ត្រឹមត្រូវបំផុត ក្នុងការកសាងសង្គមកម្ពុជា និងរក្សានូវសុខសន្តិភាពសង្គមជាតិ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃ។

លោក យូ សិរីវុឌ្ឍ បានបង្ហាញក្តីសង្ឃឹមថា សមាជិកថ្មីមកពីអតីតគណបក្សសង្គ្រោះជាតិ នឹងចូលរួមធ្វើសកម្មភាពដ៏ខ្លាំងក្លាយនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបកាន់តែច្បាស់ពីស្នាដៃ និងគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចកសាងសង្គមកម្ពុជា ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ដែលមិនមានអ្វីទាល់តែសោះ។ ជាពិសេសការធ្វើពលីកម្មរបស់សម្តេចតេជោ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម បង្កើតនូវសុខសន្តិភាព ការឯកភាពជាតិ ដែលជាបុព្វលក្ខខណ្ឌដ៏សំខាន់ ក្នុងការធ្វើឱ្យសង្គមកម្ពុជាមានការចម្រើនលូតលាស់ដូចពេលបច្ចុប្បន្ន។

ក្នុងលិខិតសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា ការដែលពួកគេចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគេបានមើលឃើញយ៉ាងច្បាស់ថា គណបក្សកំពុងដឹកនាំប្រទេសមួយនេះ តែងតែនៅរួមសុខរួមទុក្ខ និងគិតគូរចំពោះប្រជាជនកម្ពុជាជាប់ជានិច្ច។

ក្នុងលិខិតសុំចូលជាសមាជិក អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ បានគូសរំលេចយ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជាអតីតថ្នាក់ដឹកនាំ CNRP ខេត្តកែប រួមនិងសមាជិកគាំទ្រ បានមើលឃើញយ៉ាងច្បាស់ថា នៅប្រទេសកម្ពុជាយើងមានតែគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ដែលតែងតែរួមសុខរួមទុក្ខ ជួយគិតគូរចំពោះប្រជាជន និងខិតខំកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន រស់យ៉ាងសុខសាន្ត និងមានសុភមង្គល»

អតីតថ្នាក់ដឹកនាំ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិទាំងអស់នេះ បានប្រកាសសច្ចាស្មោះត្រង់ជាមួយសម្តេចតេជោ និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ។ ពួកគេ ក៏បានប្រកាសគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតផងដែរ៕