(កំពង់ឆ្នាំង)៖ ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង៥០០ម៉ែត្រ តភ្ជាប់ពីមុខសាលាខេត្ត និងជាប់របងមន្ទីរសាធារណការខេត្ត ស្ថិតនៅក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានរងការខូចខាតយ៉ាងខ្លាំង អាចបង្កគ្រោះថ្នាក់ដល់អ្នកបើកម៉ូតូ។ ហេតុនេះប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុង និងខេត្តមេត្តាជួយជួសជុលកំណាត់ផ្លូវខាងលើនេះផង។

ប្រជាពលរដ្ឋនៅក្នុងសង្កាត់ខាងលើនេះ បាននិយាយថា ផ្លូវខាងលើនេះមួយកំណាត់ផ្នែកខាងលិចប្រវែងប្រមាណ២គីឡូម៉ែត្រក្នុងភូមិប្អេរ ភូមិក្តីត្នោត រហូតដល់ភូមិទ្រាជើង ត្រូវបានមន្ទីរសាធារណការខេត្តជួយជួសជុលរួចរាល់ហើយ កាលពីអំឡុងឆ្នាំ២០២១។

ដោយឡែក កំណាត់ផ្លូវផ្នែកខាងកើតតភ្ជាប់ពីផ្លូវមុខសាលាខេត្តជាប់របងសាធារណការខេត្ត ដែលមានប្រវែងប្រមាណជាង ៥០០ម៉ែត្រ បានរងការខូចខាតដោយមានក្រឡុកធំៗ និងជ្រៅៗ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកបើកបរម៉ូតូនៅពេ លយប់ឬនៅពេលមានទឹកភ្លៀងទឹកដក់។

បញ្ហាខាងលើនេះប្រជាពលរដ្ឋនៅក្នុងសង្កាត់ប្អេរ សំណូមពរដល់អាជ្ញាធរក្រុងកំពង់ឆ្នាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជួសជុលកំណាត់ផ្លូវកៅស៊ូដែលរងការខូចខាតខាងលើនេះដើម្បីងាយស្រួលក្នុងការធ្វើដំណើរ។ ជាមួយ គ្នានេះនៅពេលភ្លៀងធំម្ដងៗផ្លូវនៅចំណុចខាងលើនេះ ត្រូវទឹកលិចដូចទន្លេ ព្រោះតែអូរប្រឡាយមួយចំនួនបានរួមតូចដោយសារតែការធ្វើសំណង់របស់ប្រជាពលរដ្ឋ ខ្វះការត្រួតពិនិត្យពីអាជ្ញាធរ និងជំនាញទើបប្រជាពលរដ្ឋក្នុង មូលដ្ឋាន ទទួលផលលំបាកពេលមានជំនន់ទឹកភ្លៀងម្តងៗ។

ទាក់ទងនឹងករណីនេះលោក ហ៊ីង ភ័ព្វមិនា អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែមីនានេះថា កំណាត់ផ្លូវដែលរងការខូចខាតនៅក្នុងសង្កាត់ប្អេរនេះអាជ្ញាធរសង្កាត់ និងក្រុងក៏បានរាយការណ៍ ជូនរដ្ឋបាលខេត្តរួចហើយ។

លោកថា កន្លងមករដ្ឋបាលខេត្តក៏បានជួយជួសជុលកំណាត់ ផ្លូវកៅស៊ូនេះផ្នែកខាងលិច និងជួយជួសជុលផ្លូវកៅស៊ូនៅចំណុចខាងក្រោយសួនច្បារដំរីសក្នុងភូមិទួលក្រឡាញ់រួចហើយ និងកំពុងបន្តជួសជុលផ្លូវកៅស៊ូខូចខាត មួយខ្សែទៀត នៅខាងក្រោយមន្ទីរពេទ្យខេត្ត និងក្រោយសាលាបំពេញវិជ្ជារៀបរយខេត្ត។ ដូចនេះកំណាត់ផ្លូវដែលរងការ ខូចខាតនៅសង្កាត់ប្អេរខាងលើនេះ អាចនឹងបន្តជួសជុលក្នុងពេលខាងមុខនេះផងដែរ ហេតុនេះសូមបងប្អូនប្រជា ពលរដ្ឋមានការយោគយល់អធ្យាស្រ័យផង៕