(កំពង់ធំ)៖ លោក ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានមូលនិធិជនពិការ លោកឧត្តមសេនីយ៍ឯក ច័ន្ទ សុភត្រា មេបញ្ជាការរងកងទ័ពជើងគោក និងជាអនុប្រធានអចិន្ត្រៃយ៍ថ្នាក់កណ្តាលចុះជួយ ខេត្តព្រះវិហារ និងលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះជួយដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ នៅឃុំពពក ស្រុកស្ទោងនៅថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៦ បន្ទាប់ពីមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋ នៅតំបន់នោះ ក្រោយពីទឹកតាមស្ទឹង បឹង បួរ ស្រះ និងប្រឡាយត្រូវរីងស្ងួតជាបណ្តើរៗហើយនោះ។

យុទ្ធនាការនេះធ្វើឡើងដើម្បីគោរពតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាថា «អភិបាលខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់​ ស្លាប់ដោយសារអត់ទឹកនោះទេ។

លទ្ធផលទទួលបានយកទឹកចំណុះ៦.៥០០លីត្រទៅចែកជូន ជួយជីកអណ្តូងស្នប់ខា្នតធំជំរៅ៣៥ម៉ែត្រចំនួនមួយកន្លែង ជីកអណ្តូងលូជំរៅ៦,៥ ម៉ែត្រ មួយកន្លែងស្តាអណ្តូងលូចាស់ជំរៅ ៧ ម៉ែត្រ ពីរកន្លែង ស្តាស្រះចាស់ពីរកន្លែងមានទំហំ៥០ម៉ែត្រ x ៦០ ម៉ែត្រ x ជំរៅ៣,៥ ម៉ែត្រ និង ទំហំ១៥ ម៉ែត្រ x ៦ ម៉ែត្រ xជំរៅ៤ ម៉ែត្រ និងជីកស្រះថ្មីមានទំហំ១០ម៉ែត្រ x ១០ ម៉ែត្រ x ជំរៅ៤ ម៉ែត្រ។

ប្រជាពលរដ្ឋមានភាពសប្បាយរីការាយបានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ជូនប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋជួបការលំបាក ហើយសំណូមពររបស់ប្រជាពលរដ្ឋនិងគណៈកម្មការអាចារ្យក្រុមការងារ និងជួយដោះស្រាយជាបណ្តើរ ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ជួបការលំបាកឡើយ។

ក្រុមការងារបានលើកឡើងនេះ គឺជាការរៀបចំទុកសម្រាប់ពេលរដូវរាំងស្ងួតនេះផង និងទុកសម្រាប់ឆ្នាំក្រោយៗទៀត៕