(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិនិងមណ្ឌលសុខភាព។ នេះបើតាមការលើកឡើងរបស់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានា ក្នុងវត្តកងត្រង់ណឹង ឃុំកងតាណឹង ស្រុកកងមាស។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ដោយមានការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គិតគូពីសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជា និងទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ តាមរយៈការកៀរគរ និងស្វែងរក វ៉ាក់សាំងចាក់ជូនដល់ប្រជាជនដោយឥតគិតថ្លៃ សំដៅបង្កើតឱ្យមានភាពស៊ាំក្នុងសហគមន៍ទប់ទល់នឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» ជូនដល់ប្រជាជនកម្ពុជា ក្នុងនោះប្រជាជនខេត្តកំពង់ចាម បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ចំនួន ៨៤៣,៩២៩នាក់ ស្មើនឹង ៩០.១៩% នៃផែនការ ៩៣៥,៦៧៤នាក់ និងប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង បានចាក់ដូសទី៣ ចំនួន ៣៣៧,១៩៧ នាក់ និងដូសទី៤ ចំនួន ៩,៧០៦នាក់។

បន្ថែមពីនេះ រដ្ឋបាលខេត្ត បានរៀបចំក្រុមគ្រូពេទ្យចល័ត ចុះយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ នៅតាមភូមិ និងមណ្ឌលសុខភាពថែមទៀតផង។ បច្ចុប្បន្ននេះ យើងបាននឹងកំពុងបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជូនដល់កុមារ អាយុចាប់ពី០៣ឆ្នាំ ដល់អាយុ ០៥ឆ្នាំ នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព។

លោកអភិបាលខេត្តបានបញ្ជាក់ថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច បង្កផលប៉ះពាល់ដល់ការអភិវឌ្ឍ និងប៉ះពាល់ដល់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ផ្តើមចេញពីកត្តានេះ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងរក្សាលំនឹងជីវភាពដល់ប្រជាពលរដ្ឋដែលមានស្ថានភាពខ្វះខាត ក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ គាំពារសង្គម ដែលជាលទ្ធផលក្នុងខេត្តកំពង់ចាម កម្មការិនីដែលសម្រាលកូន មានចំនួន ៤,៩១២នាក់ និងត្រូវទទួលបានថវិកាគោលនយោបាយគាំពារសង្គម ពីរាជរដ្ឋាភិបាល សរុបចំនួន ១,៩៧៣,២០០,០០០ រៀល។

ដោយឡែក ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដោយបានចុះឈ្មោះអ្នកទទួលផលសរុបចំនួន ៦,៦២០នាក់ ក្នុងនោះ ស្ត្រីមានផ្ទៃពោះ ៤,៩៣៨នាក់ និងជាកុមារ ១,៦៨២នាក់ និងអ្នកទទួលផលបានមកអនុវត្តលក្ខខណ្ឌ នៅតាមមណ្ឌលសុខភាព ចំនួន ៤៤,៥៥២ករណី និងសម្រាលកូន ៥,៦៧១នាក់ ស្មើនឹងទឹកប្រាក់សរុប ២,៩៥០,៥៦០,០០០ រៀល និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូន គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ មកដល់ជុំទី៨ លើកទី១ (ខែមករា) ឆ្នាំ២០២២ នេះ បានផ្ទៀងផ្ទាត់ និងបើកផ្តល់ប្រាក់ជូនគ្រួសារក្រីក្រ សរុប ៤៧,៩១៩គ្រួសារ ស្មើនឹងទឹកប្រាក់ ១៥២,២១៩,៤០០,០០០ រៀល (ប្រហែលជា ៣៧លានដុល្លារអាមេរិក)៕