(តាកែវ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វនស៊ិនប៉ិច នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ បានយាងសំណេះសំណាលជួបជុំជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ គណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងខេត្តតាកែវ។

នាឱកាសយាងជួបសំណេះសំណាលនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូលកោតសរសើរ ចំពោះទឹកចិត្តអង់អាច មុះមុតរបស់សមាជិក សមាជិកា ថ្នាក់ដឹកនាំគ្រប់លំដាប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មជាមួយគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយប្រើប្រាស់គ្រប់មធ្យោបាយ ទាំងពេលវេលា ប្រាជ្ញា និងធនធាន និងសេចក្តីស្មោះត្រង់បំផុត។

ព្រះអង្គម្ចាស់ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានព្រះបន្ទូលបន្ថែមថា «យើងទាំងអស់គ្នានៅមានបេសកកម្មជាច្រើន ដើម្បីបន្តចូលរួមដោះស្រាយ និងចូលរួមចំណែកជាមួយប្រជារាស្ត្រខ្មែរយើង ឱ្យមានភាពសម្បូរសប្បាយ ជីវភាពធូរធា ហើយព្រះរាជាណាចក្រកម្ពុជាយើង កាន់តែមានជឿនលឿន អភិវឌ្ឍទៅមុខជាលំដាប់»

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ ក៏បានលើកទឹកចិត្តដល់ បេក្ខភាពក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ដែលនឹងត្រូវចូលរួមបោះឆ្នោតខាងមុខនេះ ត្រូវនៅជាប់ជាមួយប្រជានុរាស្ត្រ រួមសុខទុក្ខ ការពារសមាជិក សមាជិកាជាម្ចាស់ឆ្នោត និងបម្រើរាស្ត្រ ដោយភាពស្មោះត្រង់ គ្រប់ស្ថានការណ៍។

ព្រះអង្គម្ចាស់ បន្តថា គណបក្សហ៊្វុនស៊ិន នៅតែមានការគាំទ្រ ហើយបេក្ខភាពក្រុមប្រឹក្សាឃុំ សង្កាត់ យើងមានគ្រប់រាជធានី ខេត្ត យើងប្តេជ្ញា ធ្វើការរួមគ្នា ថែរក្សាស្ថេរភាពនយោបាយ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិដោយចីរភាព។

នៅក្នុងឱកាសនោះដែរ សហជីវិន តា រ៉ ប្រធានគណកម្មាធិការប្រតិបត្តិខេត្តតាកែវ បានឡើងធ្វើការប្តេជ្ញាចិត្តក្នុងការប្រមែលប្រមូលសមាជិក សមាជិកា អ្នករាជានិយម សីហនុនិយម រណឫទ្ធិ អ្នកគាំទ្រនៅមូលដ្ឋានទាំងអស់គ្នាឱ្យមានភាពសាមគ្គីគ្នា រួបរួមគ្នា ហើយខិតខំបំពេញការងារជូនគណបក្សឱ្យ ទទួលបានជោគជ័យសារជាថ្មី៕