(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានបើកវគ្គបណ្តុះបណ្តាល គោលការណ៍ណែនាំ ស្តីពីការរៀបចំថវិកា សមិទ្ធកម្ម តាមប្រព័ន្ធអនឡាញ (Zoom) ជូនដល់សិក្ខាកាម ជាគ្រូបង្គោល និងមន្ត្រីជំនាញថវិកា សរុបចំនួន ៦០០ នាក់ មកពីគ្រប់ក្រសួង-ស្ថាប័ន។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដើម្បីផ្តល់ចំណេះដឹងបន្ថែម អំពីគោលការណ៍ និងវិធីសាស្រ្ត នៃការរៀបចំថវិកា សមិទ្ធកម្ម ដែលក្រសួង-ស្ថាប័ន និងត្រូវអនុវត្តសាកល្បង សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ស្របតាមក្របខណ្ឌ ពេលវេលា នៃការអនុវត្តផែនការ សកម្មភាព នៃយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ។ វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅរយៈពេលចំនួន ០៣ថ្ងៃ។

លោក វង្សី វិស្សុត ថ្លែងថា វគ្គបណ្តុះបណ្តាលនេះ ក៏នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាព ចំណេះដឹង ជូនដល់គ្រូបង្គោល ជំនាញថវិកា នៅតាមក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី, ការកំណត់សូចនាករ, ការរៀបចំអង្គភាពថវិកា និងការវិភាជថវិកាឱ្យចំកម្មវិធី និងគោលដៅអាទិភាពជាដើម ដើម្បីបង្កើនគុណភាពនៃការវិភាជថវិកា និងរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ។

លោកបានគូសបញ្ជាក់ថា ថវិកាសមិទ្ធកម្ម មិនមែនជាការងារថ្មីសន្លាង និង មានភាពខុសគ្នាខ្លាំង ជាមួយនឹងថវិកាកម្មវិធី ដែលក្រសួង-ស្ថាប័ន កំពុងអនុវត្ត នាពេលបច្ចុប្បន្ននេះនោះទេ។ ថវិកាសមិទ្ធកម្ម គឺជាការរៀបចំកញ្ចប់ថវិកា មានការផ្សារភ្ជាប់ជាមួយនឹងព័ត៌មាន សមិទ្ធកម្មដែលគ្រោង នឹងសម្រេច ឬដែលសម្រេចបានកន្លងមក ដោយក្រសួង-ស្ថាប័ន។

ក្នុងន័យនេះ ព័ត៌មានសមិទ្ធកម្មមានតួនាទីសំខាន់ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏មិនទាន់ជាកត្តាកំណត់ដាច់ខាត សម្រាប់ធ្វើការសម្រេច ក្នុងការវិភាជថវិកាទាំងស្រុងនោះទេ ពោលគឺព័ត៌មានសមិទ្ធកម្មជាសមាសធាតុមូលដ្ឋានមួយ ដែលត្រូវប្រើគួបផ្សំ ជាមួយនឹងព័ត៌មានផ្សេងទៀតពាក់ព័ន្ធនឹងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់ ជាមូលដ្ឋានរួម ក្នុងការធ្វើសេចក្តីសម្រេចចិត្តលើការវិភាជថវិកា ឬបែងចែកធនធានជូនដល់ក្រសួង-ស្ថាប័ន។

លើសពីនេះ ចំណុចដែលខុសគ្នាមួយទៀត គឺថវិកាសមិទ្ធកម្មដែលត្រូវរៀបចំ នឹងមានការកំណត់កាន់តែច្បាស់លាស់ ជាងមុនអំពីសូចនាករសមិទ្ធកម្ម នៅតាមកម្រិតរចនា សម្ព័ន្ធកម្មវិធី ទាំងការកំណត់ សូចនាករ លទ្ធផលក្នុងឆ្នាំ និងទាំងសូចនាករលទ្ធផលចុងក្រោយ ដែលក្រសួង-ស្ថាប័នគ្រោងនឹងសម្រេច។

លោក វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ថវិកាសមិទ្ធកម្មនេះ អាចផ្ដល់ភាពបត់បែន ក្នុងការបង្កើត រចនាសម្ព័ន្ធកម្មវិធី ដោយផ្អែក ឬមិនផ្អែកទាំងស្រុង ទៅលើរចនាសម្ព័ន្ធរដ្ឋបាល ប៉ុន្តែតម្រូវឱ្យមានការវាស់វែង ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃកម្មវិធី តាមរយៈសូចនាករសមិទ្ធកម្ម ដោយផ្សារភ្ជាប់រវាង លទ្ធផលក្នុងឆ្នាំ និងលទ្ធផលចុងក្រោយ ឱ្យបានច្បាស់លាស់។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា កន្លងមក រាជរដ្ឋាភិបាល និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញនូវអនុក្រឹត្យ ប្រកាស និងលិខិតបទ ដ្ឋានគតិយុត្តផ្សេងៗ ក្នុងការជំរុញការប្រគល់សិទ្ធិអំណាច ជូនអង្គភាពថវិកា នៅតាមក្រសួង-ស្ថាប័នទាំងអស់ ដោយផ្អែកលើលក្ខខណ្ឌ វិនិច្ឆ័យច្បាស់លាស់ ដើម្បីពង្រឹងប្រសិទ្ធភាព បន្ថែមក្នុងការរៀបចំ និងការគ្រប់គ្រងថវិកា ព្រមទាំងពង្រឹង ការទទួលខុសត្រូវ កាន់តែច្បាស់លាស់ជាងមុន លើប្រតិបត្តិការ អនុវត្តចំណាយ សំដៅឈានទៅសម្រេចលទ្ធផលការងារ ជាពិសេសគោលបំណងគោលនយោបាយ របស់ក្រសួង-ស្ថាប័ន។

លោកបានបញ្ជាក់ថា ក្រសួងស្ថាប័នណា ដែលបានរៀបចំ និងគ្រប់គ្រងថវិកាបានល្អ ក្រសួងស្ថាប័ននោះ នឹងទទួលបាននូវការ ប្រគល់សិទ្ធអំណាច កាន់តែច្រើនថែមទៀត៕