(អាមេរិក)៖ មហាសេដ្ឋីវ័យក្មេង និងជាមេធំរបស់បណ្ដាញសង្គម Facebook លោក Mark Zuckerberg បានជំរុញឲ្យ​ប្រជាជនប្រេស៊ីលទាំងអស់ ក្រោកឈរឡើង តវ៉ារឿងតុលាការឧទ្ធរណ៍បានចេញសេចក្ដីប្រកាសបិទកម្មវិធី WhatsApp ចំនួន ៧២ម៉ោង ព្រោះតែ​មិន​ព្រមផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ពាក់ព័ន្ធនឹងរឿងក្ដីព្រហ្មទណ្ឌ នេះបើយោងតាមការចេញផ្សាយ​របស់​សារព័ត៌មាន Reuters ចេញផ្សាយមុននេះបន្ដិច នាថ្ងៃទី០៤ ខែឧសភា។

នៅក្នុង Facebook Page របស់លោក Mark Zuckerberg បានជំរុញឲ្យប្រជាជនប្រេស៊ីលទៅជួបជុំគ្នានៅខាងក្រៅ​សភា ក្នុងរដ្ឋធានី Brasilia នាម៉ោង ៦ល្ងាចនេះ ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រើប្រាស់កម្មវិធី WhatsApp ខណៈដែលប្រទេសប្រជាធិបតេយ្យមួយនេះ បានធ្វើការបិទ WhatsApp ចំនួន ២ដងរួចមក ក្នុងអំឡុងពេល ៥ខែ។

«អ្នក និងមិត្តភ័ក្តិរបស់អ្នក អាចប្រាកដទេថា វានឹងមិនមានរឿងនេះកើតឡើងម្ដងទៀត? ចូរអ្នកចងចាំថា ប្រេស៊ីលជាប្រទេស​ប្រជាធិបតេយ្យ ដូច្នេះអ្នកមិនគួរខ្លាច ក្នុងការបញ្ចេញមតិឡើយ»។ នេះជាសំដីរបស់លោក Zuckerberg បានសរសេរនៅលើ Facebook Page។

គួរបញ្ជាក់ផងដែរថា តុលាការប្រេស៊ីលបានបញ្ជាឲ្យក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ក្នុងប្រទេសប្រេស៊ីល បិទកម្មវិធី WhatsApp ក្នុងរយៈពេល ៧២ម៉ោង ដោយមិនបញ្ជាក់មូលហេតុ ប៉ុន្តែប្រភពជិតស្និទ្ធបានបង្ហើបឲ្យដឹងថា ដោយសារ​តែ WhatsApp មិនព្រមផ្ដល់ទិន្នន័យមួយចំនួនពាក់ព័ន្ធនឹងរឿងក្ដីបទព្រហ្មទណ្ឌ៕