(ភ្នំពេញ)៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់ពីរសៀលថ្ងៃទី០៧ រហូតដល់រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានស្នើសុំកិច្ចសហការពីក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ចំនួន១៨២នាក់ (ស្រី ១៦១នាក់) ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់អញ្ជើញមកធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា «អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺរហូតដល់ម៉ោង១៧៖០០នាទី រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ក្រុមបាតុករទាំងអស់នៅតែពុំព្រមផ្ដល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែបបទ សម្រាប់ធ្វើតេស្តយកសំណាក បើទោះបីជាក្រុមគ្រូពេទ្យព្យាយាមខិតខំពន្យល់ហេតុផល ព្រមទាំងមានការសម្របសម្រួលពីអាជ្ញាធរដោយភាពអត់ធ្មត់យ៉ាងណាក៏ដោយ»។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា ក្រុមបាតុករទាំង ១៨២នាក់ មានចេតនាពុំចូលរួមអនុវត្តវិធានសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដែលអាចនាំឱ្យមានហានិភ័យចំពោះសុខភាពសាធារណៈ ដោយបង្កការឆ្លងរាលដាលទៅអ្នកដទៃ ញាតិមិត្ត ក្រុមគ្រួសារ និងសហគមន៍។

ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំសារជាថ្មីដល់ក្រុមបាតុករទាំង១៨២នាក់ មិនត្រូវធ្វើការប្រមូលផ្ដុំតាមទីសាធារណៈ ដោយហេតុថា ក្រុមបាតុករទាំងអស់នេះពុំបានយកសំណាកដើម្បីស្វែងរកមេរោគកូវីដ១៩ នៅឡើយ។ ក្នុងករណីក្រុមបាតុករណាម្នាក់មានរោគសញ្ញា ក៏ដូចជាមានការសង្ស័យអំពីការឆ្លងជំងឺកូវីដ១៩ សូមរួសរាន់ធ្វើតេស្តរហ័ស ឬទៅយកសំណាកនៅតាមគោលដៅដែលបានកំណត់នៅជិតផ្ទះបំផុត៕