(ព្រះវិហារ)៖ ព្រះពុទ្ធរូបចំនួន ៣៦១ព្រះអង្គ ត្រូវបានថ្នាក់ដឹកនាំមន្រ្តីសង្ឃសាលាអនុគណ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង រួមនិងពុទ្ធបរិស័ទបានដង្ហែរយកទៅតម្កល់ទុកសម្រាប់ជាសក្ការៈបូជា នៅវត្តឧត្តរគិរីទួលអណ្តែត ភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។

ពិធីដង្ហែរនេះដែរបានធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ដោយបាននិមន្តដឹកនាំដោយ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះអនុគណស្រុករលាប្អៀរ និងមានការចូលរួមពី ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា ព្រះរាជាគណថ្នាក់កិត្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហា សង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា និងជាជំនួយការសាលាគណខេត្ត, ព្រះសិរីមង្គលមុនី ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិ ឧទ្ទេសបណ្ឌិត ទេព វង្ស ជាជំនួយការសាលាគណខេត្ត និងជាព្រះចៅអធិការវត្តក្រឡាញ់ចាស់, លោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង រួមទាំងពុទ្ធបរិស័ទជាច្រើន រូបទៀត។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកាបញ្ជាក់ថា ដោយមើលឃើញថា វត្តឧត្តរគិរីអណ្តែត ខេត្តព្រះវិហារ នៅពុំទាន់មានព្រះពុទ្ធរូប សម្រាប់តម្កល់ ជាទីសក្ការៈបូជានោះ ថ្នាក់ដឹកនាំមន្រ្តីសង្ឃសាលាអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានធ្វើការផ្សព្វផ្សាយរកសប្បុរស ពុទ្ធសាសនិកជន ដែលមានចិត្តជ្រះថ្លា ចូលរួមជាសទ្ធាកសាងនូវព្រះពុទ្ធរូបដើម្បីដង្ហែរ យកទៅតម្កល់នៅវត្ត ឧត្តរគិរីអណ្តែត ខេត្តព្រះវិហារនេះតែម្តង។

ព្រះសាសនសោភ័ណ ហឿម សុវណ្ណារ៉ា មានសង្ឃដីកា បន្តថា ដោយសារតែប្រជាពលរដ្ឋ ពុទ្ធបរិស័ទជិតឆ្ងាយជាអ្នកគោរពប្រតិបត្តិនូវព្រះពុទ្ធសាសនានោះ ក៏បានមានសទ្ធាជ្រះថ្លានឹងបុណ្យកុសលក្នុងកសាងព្រះពុទ្ធរូបនេះ គឺបានសិតនូវព្រះពុទ្ធរូបធ្វើពីលោហស្ពាន់ បានចំនួន៣៦១ព្រះអង្គ ដោយបានធ្វើពិធីបុណ្យពុទ្ធាភិសេក និងបានដង្ហែរព្រះពុទ្ធរូបទាំងអស់នេះ ពីខេត្តកំពង់ឆ្នាំងទៅតម្កល់នៅក្នុងវត្ត ឧត្តរគិរីទួលអណ្តែត ស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

លោក ស លាង បានឱ្យដឹងដែរថា ព្រះពុទ្ធសាសនា មានតួនាទីក្នុងការចងភ្ជាប់សង្គមឱ្យក្លាយជាធ្លុងមួយមានភាពសាមគ្គី ដោយប្រកាន់យក ឬបដិបត្តិតាមគោលធម៌ គឺឱវាទរបស់ព្រះពុទ្ធសាសនាដូចគ្នា ធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គីគ្នាយ៉ាងស្អិតរមួត ។ ជាមួយនេះព្រះពុទ្ធសាសនាដែលពុទ្ធសាសនិកជនបានគោរពប្រតិបត្តិ ក្នុងគោលបំណង គឺសេចក្តីសុខសន្តិភាព ធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត ភាពសុខដុមរមនា និងជួយអភិវឌ្ឍន៍សង្គម ដែលស្ថិតស្ថេរ ជានិរន្តផងដែរ។

លោកប្រធានមន្ទីរ បានបញ្ជាក់ទៀតថា ដោយសារការគោរពប្រតិបត្តិដោយភាពជឿជាក់ របស់ពុទ្ធសាសនិកជន ទើបធ្វើឱ្យប្រជាពលរដ្ឋពុទ្ធសាសនិកជនគ្រប់ទិស កសាងនូវបុណ្យកុសល ដូជាពិធីដង្ហែព្រះពុទ្ធរូប ៣៦១អង្គនាពេលនេះផងដែរ៕