(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តសៀមរាប នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជេីញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប។ ក្នុងពិធីនោះ សម្ដេចបានជំរុញឱ្យមន្រ្តីទាំងអស់ចូលរួមទប់ស្កាត់ ទប់ស្កាត់ការទន្រ្ទានព្រៃខុសច្បាប់។

ក្នុងពិធីនោះដែរ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានសំណូមពរដល់សម្ដេចពិជ័យ ឱ្យជួយជំរុញកិច្ចការងារមួយចំនួនក្នុងខេត្ត ដូចជាកែសម្រួលព្រំប្រទល់ខេត្តសៀមរាប-ឧត្តរមានជ័យ ស្របតាមនិតិវិធីច្បាប់ជាធរមាន ក្រសួងពាក់ព័ន្ធ ជាពិសេសអាជ្ញាធរជាតិអប្សរា រៀបចំផែនការអភិរក្ស និងអភិវឌ្ឍន៍តំបន់១ តំបន់២ និងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមស្ថានភាពជាក់ស្តែងក្នុងការអភិវឌ្ឍន៍សេដកិច្ច។

លោកអភិបាលខេត្ត ក៏បានស្នើសុំលេខាធិការដ្ឋាន គជបក ជួយពង្រឹងសមត្ថភាពដល់រដ្ឋបាលខេត្ត ក្នុងការគាំទ្រដល់ការអភិវឌ្ឍកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅតាមរដ្ឋបាលថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ និងស្នើសុំរាជរដ្ឋាភិបាល ឲ្យកាត់ចេញលិខិតបទដ្ឋានគតិយុត្ត ដើម្បីកែទម្រង់ច្បាប់វិនិយោគថ្មីឱ្យបានឆាប់រហ័ស។

លោកអភិបាលខេត្ត ក៏បានស្នើសុំកែលម្អក្រុង ដើម្បីឲ្យក្រុងសៀមរាបក្លាយជាទីក្រុងឆ្លាតវៃ និងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលត្ថភាពចំពោះទីតាំង ភូមិ ឃុំចាស់ ដែលស្ថិតនៅតំបន់បឹងទន្លេសាប ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាទីតាំងដីអាស្រ័យ កំពង់ភ្លក់ កំពង់ឃ្លាំង និងចំពោះប្រជាពលរដ្ឋដែលរស់នៅទីតាំងផ្ទាល់ និងស្នើសុំរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្ម ពិនិត្យនៅការកាត់ឈ្វៀលដីគម្របព្រៃឈើឱ្យប្រជាពលរដ្ឋអាស្រ័យផលផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធការងារប្រចាំឆ្នាំ២០២១ នោះដោយស្នើឱ្យរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់ សហការជាមួយក្រសួងស្ថាប័ននានា ក្នុងការរៀបចំកំណត់តំបន់បោះបង្គោលព្រំ និងចុះបញ្ជីដីរដ្ឋ ដើម្បីបង្ការ និងទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ និងដីគម្របព្រៃឈើក្នុងតំបន់ការពារធម្មជាតិនានា។ ក្នុងនោះ ត្រូវពន្លឿនការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានឆាប់រហ័ស ជៀសវាងទុកវិវាទទាំងនោះឱ្យរីករាលដាល ស្មុគស្មាញ ពិបាកក្នុងការដោះស្រាយ ហើយនៅក្នុងការដោះស្រាយវិវាទដីធ្លី ជម្លោះ និងការទាមទារតវ៉ានានានៅមូលដ្ឋាន ត្រូវខិតខំបញ្ចៀសឱ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ត្រូវបង្កើនការតាមដាន និងគ្រប់គ្រងសកម្មភាពចូលទន្ទ្រានកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃ ដើម្បីបង្ការ និងទប់ស្កាត់កុំឲ្យមានការរុករានទន្ទ្រាន កាន់កាប់ដីព្រៃ ឬដីរបស់រដ្ឋដោយខុសច្បាប់បន្តទៀត។ ការទន្ទ្រានកាន់កាប់ដីធ្លីនៅតាមតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើ ត្រូវអនុវត្តវិធានការរដ្ឋបាល ឬវិធានការច្បាប់ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

បន្ថែមពីនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់អាជ្ញាធរភូមិ ឃុំ មិនត្រូវចុះហត្ថលេខាលើឯកសារ ទិញលក់ផ្ទេរកម្មសិទ្ធិ និងឯកសារកាន់កាប់ដីធ្លី ដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិនោះឡើយ។ ត្រូវបន្តអប់រំ ណែនាំ និងផ្សព្វផ្សាយដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានយល់ច្បាស់អំពីច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគាត់ចូលរួមសហការក្នុងការការពារព្រៃឈើ និងធនធានធម្មជាតិឱ្យបានគង់វង្ស ជាពិសេស គឺព្រៃឈើនៅតំបន់ភ្នំគូលែន ត្រូវតែការពារឱ្យបានព្រោះវាជាប្រភពទឹកដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ដល់ខេត្តសៀមរាប៕