(ត្បូងឃ្មុំ)៖ លោក ខ្វៃ អាទិត្យា អនុប្រធានក្រុមការងារគណបក្សគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល និងជួយចែករំលែកការលំបាកគ្រួសារស្រ្តីមេម៉ាយ ដែលមានជីវភាព ខ្វះខាតក្នុងមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សកម្មភាពរបស់លោក ខ្វៃ អាទិត្យា បានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២។

នាឱកាសនោះដែរ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានរូបនេះ ក៏បានសំណូមពរដល់ប្រជាជនក្នុងមូលដ្ឋានចូលរួមការធ្វើអនាម័យបរិស្ថាន ការសំអាត ភូមិឋាន ក៏ដូចជាការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមានសោភ័ណភាព។ ពោលគឺ ហូបចុកស្អាត ផឹកស្អាត និងការរស់នៅស្អាត។

លោក ខ្វៃ អាទិត្យា ក៏អំពាវនាវដល់ឪពុក ម្តាយ អាណាព្យាបាល ឱ្យចូលរួមជំរុញកូនចៅទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ព្រមទាំងអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ «៣ការពារ និង៣កុំ» ឱ្យខ្ជាប់ខ្ជួន ដើម្បីឈានទៅការកាត់ផ្តាច់ចម្លងជំងឺកាចសាហាវនៅក្នុងសហគមន៍។

សូមបញ្ជាក់ថា គ្រួសារស្រ្តីមេម៉ាយ ចាស់ជរា ចំនួន១១គ្រួសារ មកពីភូមិចំនួន៣រួមមាន៖ ភូមិស្រែមៀន ចំនួន៣គ្រួសារ, ភូមិទួល ឃ្លាំងបួនគ្រួសារ និងភូមិទួលមានជ័យ ចំនួន៤គ្រួសារ។ អំណោយដែលផ្តល់ជូនមាន៖ មី ត្រីខកំប៉ុង ទឹកពិសាបរិសុទ្ធ និងថវិកាមួយ ចំនួន។

ក្នុងថ្ងៃដដែល លោក ខ្វៃ អាទិត្យា បានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពព្រះធាតុ ដែលកំពុងបំពេញការងារចល័តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងភូមិថ្មីកណ្តាល ឃុំព្រះធាតុ, ស្រុកអូររាំងឪ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ យុទ្ធវិធី ប្រកបដោយភាពឈ្លាសវៃ សង្គ្រោះអាយុជីវិតរបស់ ប្រជាជនទូទាំងប្រទេស ទាំងទីក្រុង ទាំងទីជនបទឱ្យរួចផុតពីគ្រោះហានិភ័យនេះ។ ដូចនេះ វ៉ាក់សាំងមានសារៈសំខាន់ខ្លាំងណាស់ វាអាចជួយយើងឱ្យចៀសផុតពីការស្លាប់បាត់បង់ជីវិតពីជំងឺកូវីដ១៩ និងបានជួយបង្កើនភាពស៊ាំនៅក្នុងសហគមន៍របស់យើង ដែលរួមចំណែកដល់ការបើកសេដ្ឋកិច្ចសង្គម ឡើងវិញចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមបញ្ជាក់ថា ក្នុងឱកាសនោះលោកក៏បានឧបត្ថម្ភថវិកាលើក ទឹកចិត្តមួយចំនួនដល់ក្រុមគ្រូពេទ្យប្រចាំការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ៕