(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ (៨ មីនា ១៩១១- ៨ មីនា ២០២២) ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ និងលោកស្រី ហេង សុខគង់ ដោយមានការ ចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខណ្ឌជាស្រ្តី តំណាងអធិការនគបាលខណ្ឌការិយាល័យជុំវិញខណ្ឌ និងលោកស្រីចៅសង្កាត់ជាស្ត្រីសរុបចំនួន ៣០នាក់។

បន្ទាប់ពីការផ្តល់នូវមតិសំណេះសំណាលប្រកបដោយអត្ថន័យថ្លៃថ្លា និងស្និទ្ធស្នាល លោកអភិបាលខណ្ឌ ក៏បានផ្ដល់ជូននូវបាច់ផ្កាជូនដល់ភរិយា ដើម្បីបង្ហាញអំពីសេចក្តីស្រឡាញ់ យ៉ាងជ្រាលជ្រៅ ចំពោះស្រ្តី និងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូចពេញ ជាស្ត្រីនូវថវិកាចំនួន៥០,០០០រៀល សរុបចំនួន៧០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកអភិបាលខណ្ឌ បានជូនពរដល់ស្ត្រីទូទាំងខណ្ឌដូនពេញ ទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕