(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមីនាជារៀងរាល់ឆ្នាំ ទិវានារីអន្តរជាតិ គឺជាថ្ងៃដ៏វិសេសវិសាលបំផុតមួយ ដែលត្រូវបានប្រារព្ធឡើងដើម្បីអបអរដល់សមិទ្ធផលរបស់ស្ត្រី បង្កើនការយល់ដឹងអំពីសមភាពរបស់ស្ត្រី និងជំរុញសមភាពយេនឌ័រឲ្យកាន់តែប្រសើរឡើង។

ថ្ងៃនេះ លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សូមថ្វាយសម្តេចម៉ែនូវ ព្រះកិត្តិយស ចំពោះការបំពេញព្រះរាជកិច្ចដោយឥតនឿយណាយរបស់ព្រះអង្គ សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ព្រះរាជដំណើរជីវិតមួយផ្នែកនៃព្រះអង្គ ត្រូវបានពិពណ៌នានៅក្នុងសៀវភៅ សាក្សីប្រវត្តិសាស្ត្រ។

ក្នុងព្រះនាមជាព្រះរាជវរមាតាជាតិខ្មែរ ព្រះមហាក្សត្រី គឺជាព្រះរាជសាក្សីនៃជំពូកជាច្រើនរបស់ប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ តាមរយៈប្រវត្តិសាស្ត្រនេះ ព្រះអង្គបានបំពេញព្រះរាជកិច្ចទាំងនៅលើឆាកជាតិនិងអន្តរជាតិ ព្រមទាំងព្រះរាជកិច្ច សំខាន់ៗ ជាច្រើនដែលមិនសូវដឹងឮ ដើម្បីទ្រទ្រង់ដល់ប្រជាជនកម្ពុជាទាំងអស់។

«ឆ្លៀតឱកាសនៅក្នុងថ្ងៃដែលទទួលស្គាល់ចំពោះតម្លៃ ក៏ដូចជាលើកកម្ពស់សិទ្ធិរបស់ស្ត្រីទាំងអស់ ខ្ញុំសូមថ្វាយព្រះកិត្តិយស សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជាវីរស្ត្រីមួយព្រះអង្គ នៃស្ត្រីគ្រប់រូបនិងជនរួមជាតិកម្ពុជាទាំងអស់»។ លោក ឆាំង យុ បានបន្ថែម៕