(កំំពង់ចាម)៖ លោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម និងសហការី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ បានចុះពិនិត្យស្ថានភាពទឹក និងការដ្ឋានស្ថាបនាផ្លូវប្រវែង ៧គីឡូម៉ែត្រ នៅឃុំតាំងក្រាំង ស្រុកបាធាយ។

ការជួបសំណេះសំណាលជាមួយ ប្រជាជនប្រមាណជិត២០០នាក់ នៅក្នុងភូមិអកទៀង ឃុំតាំងក្រាំង ស្រុកបាធាយ លោកអភិបាលខេត្ត បានដោះស្រាយបញ្ហាសំខាន់បាន៣ធំៗ គឺ ១- ការឆ្លើយតបនឹងសំណូមពរ របស់ប្រជាពលរដ្ឋចំពោះការស្តារស្រះទឹក, ២-ការធ្វើផ្លូវប្រវែង៧គីឡូម៉ែត្រ នៅឃុំតាំងក្រាំង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង៣-ការជួបប្រជាជន និងលោកគ្រូ អ្នកគ្រូ ដើម្បីពន្យល់ និងបង្ហាញអំពីការអភិវឌ្ឍជឿនលឿន របស់ប្រទេសកម្ពុជា ដែលផ្តើមចេញពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩។

ក្រៅពីនេះ លោកបានលើកទឹកចិត្តដល់ឪពុកម្តាយ ឲ្យជំរុញកូនៗទៅរៀនឲ្យបានជ្រៅជ្រះ ដើម្បីបង្កើនធនធានមនុស្ស ចៀសវាងបាននូវដានប្រវត្តិសាស្ត្រដ៏ជូចត់ និងបន្តកសាងអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕