(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែមីនា រៀងរាល់ឆ្នាំ ជាទិវានារីអន្ដរជាតិ គឺមិនថាជាតិសាសន៍ខ្មែរ ឬជាតិសាសន៍ណាៗនោះទេនៅលើពិភពលោកនេះ បានប្រារព្ធពិធីអបអរសាទរ និងជូនពរយ៉ាងអធិកអធម ដើម្បីជាការលើកកំពស់អំពីគុណតម្លៃដល់សិទ្ធិស្រី្ត។ ដោយទ្បែក នៅប្រទេសអ៉ីតាលី នៅក្នុងទិវាសិទ្ធិនារីអន្ដរជាតិនេះ មានប្រពៃណីជូនផ្កា «មីម៉ូហ្សាពណ៌លឿង Mimosa» ដល់ស្ត្រី។

តើអ្នកដឹងទេ ហេតុអ្វីជនជាតិអ៉ីតាលី មានប្រពៃណីជូនផ្កា «មីម៉ូហ្សាពណ៌លឿង Mimosa» ដល់ទិវានារីអន្តរជាតិ?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា បើនិយាយអំពីទិវានារីអន្ដរជាតិ៨ មីនា ដែលជនជាតិអ៉ីតាលី មានប្រពៃណីជូនផ្កាមីម៉ូហ្សាពណ៌លឿង Mimosa ដែលហាក់ដូចជាមានលក្ខណៈប្លែកពីជាតិសាសន៍នានា លើពិភពលោកបន្ដិចនោះ គឺចង់បង្ហាញអំពីគុណតម្លៃរបស់ស្រ្ដី ដែលពោរពេញទៅដោយសម្រស់រូបឆោមលោមពណ៌ដ៏ស្រស់ត្រកាល និងមានភាពរឹងមំាមិនខុសពីផ្កាពណ៌លឿងមីម៉ូហ្សា Mimosa នោះទេ។

ព្រោះបើពោលអំពីផ្កាមីម៉ូហ្សាពណ៌លឿង mimosa នេះ គឺជាផ្ការុក្ខជាតិធម្មជាតិនៃប្រទេសអ៉ីតាលី ហើយដែលរីកមុនរដូវផ្ការីក ដ៏គួរឲ្យស្រទ្បាញ់របស់មនុស្សជាតិផងទាំងពួង និងប្រកបដោយភាពស្រស់បំព្រង។ ស្ថិតក្នុងន័យនេះ ចំពោះផ្កាពណ៌លឿងមីម៉ូហ្សា Mimosa ដែលរីកមុនរដូវផ្ការីកនេះ គឺជាផ្កាដែលរីកគ្មានរដូវកាលកំណត់។ ដោយទោះបីជា ត្រូវប្រឈមនឹងអាកាសធាតុដ៏ត្រជាក់ ឬការធ្លាក់ទឹកកកយ៉ាងណាក្ដី ក៏ផ្កាប្រភេទនេះអាចធន់នឹងភាពត្រជាក់ ហើយលូតលាស់ដោយស្រស់បំព្រង។

អ៉ីចឹងចំពោះជនជាតិអ៉ីតាលី ដែលបានជូនផ្កាមីម៉ូហ្សា ពណ៌លឿង Mimosa ដល់ស្ត្រីនេះ គឺជាការឆ្លុះបញ្ចំាងឲ្យឃើញថាស្រ្ដីពិតជាធន់ទ្រាំខ្លាំងណាស់ទៅនឹងអាកាសធាតុត្រជាក់ រងា ក្ដៅ សព្វបែបយ៉ាង ដែលជាភាពរឹងមាំ និងពោរពេញដោយថាមពលរបស់គ្រួសារ និងសង្គមជាតិ។

បើដូច្នេះ ប្រហែលជាស្ថិតក្នុងគំនិតនេះហើយ បានជារៀងរាល់ថ្ងៃទី៨ ខែមីនា នៅប្រទេសអ៉ីតាលី គេមានប្រពៃណីជូនផ្កាមីម៉ូហ្សាពណ៌លឿង Mimosa ដើម្បីជានិមិត្ដរូបដល់គុណតម្លៃស្រ្ដីចំពោះគ្រួសារ និងសង្គមជាតិ។ បច្ចុប្បន្ន យើងឃើញនៅតាមហាងលក់ផ្កានានា សុទ្ធតែមានលក់ផ្កាមីម៉ូហ្សាពណ៌លឿង Mimosa នៅទូទំាងប្រទេសអ៉ីតាលី៕