(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​២០១៦​ម្សិលមិញនេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៦​លើក​ ក្នុង​នោះ​យប់​១២​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៩​នាក់​ រង​របួសធ្ងន់​ ១២​នាក់​ (​ស្រី​៣​នាក់​)​ និង​របួសស្រាល​ ១០​នាក់​ (​ប្រុស​)​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៧គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៨​គ្រឿង​,​ រថយន្ត​ធុន​តូច​៩​គ្រឿង​ រថយន្ត​ធុន​ធំ​៦​គ្រឿង​,​ រថយន្ត​ធុនធំ១​គ្រឿង​, យានផ្សេងៗ២គ្រឿង, ថ្មើរជើង៣នាក់ ហើយ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៩​លើក ​(​ស្លាប់​៦​នាក់​)​,​ ស្រវឹង​១​លើក​,​ មិនប្រកាន់​ស្តាំ​១​លើក​,​ ប្រជែង​គ្រោះថ្នាក់​៣​លើក​ (​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​១​លើក​(​ស្លាប់​ម្នាក់​)​,​ បត់​គ្រោះថ្នាក់​ ១​លើក​ ក្នុង​នោះ​ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​១៦​នាក់​ យប់​១២​នាក់។

ជាមួយគ្នានេះ ​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅថ្ងៃម្សិលមិញ សម្ថកិច្ចនគរបាលចរាចរណ៍បានរកឃើញ ​មធ្យោបាយ​ល្មើស​ ៥,៧៦០​ គ្រឿង​,​ អប់រំ​ ២,៦១៩​ គ្រឿង​,​ ពិន័យ​ ៣,១៤១​ គ្រឿង​៕ ​