(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិ នារី ៨ មីនា ក្រោមប្រធានបទ «សមភាពយេនឌ័រ ថ្ងៃនេះដើម្បីមានចីរភាពនាពេលអនាគត» នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរខណ្ឌមានជ័យ បានអញ្ជើញជួបសំណេះសំណាល ជាមួយកងកម្លាំងនគរបាលនារី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន៣៩រូប។

ក្នុងឱកាសនោះ លោកអធិការខណ្ឌ អ៊ុក បូនីន បានសម្ដែងការកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ ប្រកបដោយ ឆន្ទៈមនសិការ បន្តដិតជាប់ក្នុងស្មារតី នៃកងកម្លាំងនគរបាលនារីជារៀងរហូត។

ក្នុងនោះឱកាសនោះលោកអធិការ បានលើកឡើងទៀតថា កងកម្លាំងនគរបាលនារី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ក៏បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងល្អប្រសើរ។

លោកអធិការបន្តថា ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរស និងស្រ្តីដដែល។ ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។

អធិការនគរបាលខណ្ឌមានជ័យ បាននាំមកនូវការសួរសុខទុក្ខពីសំណាក់លោលឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកអធិការនគរបាលខណ្ឌមានជ័យ បានផ្តល់ ជូនបាច់ផ្កាជាអនុស្សាវរីយ៍ដល់កងកម្លាំងនគរបាលនារី និងថវិកាមួយចំនួនផងដែរ៕