(ឧត្តរមានជ័យ)៖ យ៉ាងហោចណាស់មានផ្ទះរបស់ប្រជាពលរដ្ឋចំនួន៨៥ខ្នង បានរលំ និងបរបើកដំបូល ស្ថិតនៅក្នុងក្រុងសំរោង, ស្រុកត្រពាំងប្រាសាទ និងស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ម្សិលមិញ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលអង្គភាពព័ត័មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ដឹងថា នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ មានករណីភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះរបស់ប្រជាពលរដ្ឋសរុបចំនួន ៨៥ខ្នង ក្នុងនោះរួមមាន៖

ទី១៖ ក្រុងសំរោង ប៉ះពាល់ចំនួន១០ភូមិ ក្នុងសង្កាត់សំរោង បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤៥ខ្នង ក្នុងនោះរបើកដំបូលចំនួន ៤៤ខ្នង, លោតពីជើងតាងចំនួន ០១ខ្នង, បាក់សំយ៉ាប់ផ្ទះចំនួន ០៣ផ្ទាំង និងដួលស្លាកពាណិជ្ជកម្ម និងស្លាកគណបក្សមួយចំនួន។

ទី២៖ ស្រុកត្រពាំងប្រាសាទ ប៉ះពាល់ចំនួន០១ភូមិ ក្នុងឃុំផ្អាវ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៥ខ្នង ក្នុងនោះ របើកដំបូលចំនួន ៣៤ខ្នង និងដួលរលំទាំងស្រុងចំនួន ០១ខ្នង។

និងទី៣៖ ស្រុកបន្ទាយអំពិល ប៉ះពាល់ ០២ភូមិ របស់ឃុំគោកខ្ពស់ និង០១ភូមិ របស់ឃុំបេង បណ្តាលឱ្យរបើកដំបូលចំនួន០៥ខ្នង។

សូមបញ្ជាក់ថា រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី៦-៧ខែមីនា ឆ្នាំ២០២២ មានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន ១៦៤ខ្នង បានរងការខូចខាតដោយគ្រោះធម្មជាតិ ភ្លៀងលាយឡំ និងខ្យល់កន្ត្រាក់៕