(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ទទួលបានអង្ករ ចំនួន១តោន និងថវិកាចំនួន ៥,០០០,០០០រៀល ដើម្បីរក្សាទុកសម្រាប់ជួយដល់អតីតយុទ្ធជន កងកម្លាំង និងការងារចុះធ្វើ និងផ្តល់សៀវភៅស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ជូនប្រជាជនទូទាំង៧សង្កាត់ ពីលោក ឯក ឃុនដឿន អភិបាលខណ្ឌ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២។

បើតាមលោក ឯក ឃុនដឿន ស្ថិតក្នុងឱកាសឧបត្ថម្ភអង្ករ១តោន និងថវិកា ៥,០០០,០០០រៀលនេះ បានបន្តជុំរុញឱ្យអធិការដ្ឋាននគរបាលខណ្ឌ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់បន្ថែមទៀត លើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណ:ឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវ និងធានាសុខុមាលភាព និងសុខសុវត្ថិភាព សម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ក្រោយពីអធិការដ្ឋាននគរបាលខណ្ឌ បានជម្រាបជូនដំណឹងជាថ្មី ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ-សង្កាត់និមួយៗទាំង៧ ក្នុងមូលដ្ឋានខណ្ឌទាំងអស់ឱ្យអញ្ជើញទៅធ្វើសៀវភៅ ស្នាក់នៅ (ក២) និងសៀវភៅគ្រួសារ (ក៤) ឱ្យបានគ្រប់ក្រុមគ្រួសារ ក្នុងយុទ្ធនាការចុះធ្វើ និងផ្ដល់ផ្ទាល់ពីក្រុមការងារចាប់ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ តទៅ។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត និងក្នុងនាមតំណាងឱ្យថ្នាក់ដឹកនាំ និងមន្ត្រីចំណុះអធិការដ្ឋាននគរបាលខណ្ឌទាំងអស់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឯក ឃុនដឿន និងក្រុមការងាររដ្ឋបាលខណ្ឌ ឱ្យទទួលបានសុខភាពល្អបរិបូណ៌ និងជោគជ័យគ្រប់ភារកិច្ច ក្នុងការដឹកនាំ និងរួមចំណែកលើការបម្រើសេវាសាធារណៈកាន់តែល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ៕