(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ស្ថិតនៅភូមិ ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

នាល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៥៖៣០នាទីល្ងាច មានភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ ធ្វើឲ្យប៉ះពាល់ និងខូចខាតផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងស្រុកចំនួន៣ ក្នុងខេត្តបន្ទាយមានជ័យ គឺស្រុកអូរជ្រៅ ស្រុកថ្មពួក និងស្រុកភ្នំស្រុក បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៧ខ្នង សាលារៀនចំនួន ២ខ្នង។

កងកម្លាំងចម្រុះ រួមមានកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ កងរាជអាវុធហត្ថ នគរបាល ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាចុះជួយរុះរើ និងជួសជុលឡើងវិញជូនប្រជាពលរដ្ឋ។

លោកមេបញ្ជាការ សឹង្ហ ទុំ បានបញ្ជាក់ថា កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលក្នុងការការពារបូរណភាពទឹកដីហេីយនោះ កងទ័ព បានត្រៀមជានិច្ចទាំងកម្លាំងអន្តរាគមន៍ មធ្យោបាយ ឧបករណ៍ សម្ភារ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ ២៤ម៉ោងលើ២៤ម៉ោង។

លោកបន្តថា ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយដែលតែងតែរងគ្រោះ ដោយខ្យល់កន្រ្តាក់ និងទឹកជំនន់ជារៀងរាល់ឆ្នាំ ដូច្នេះកងទ័ពត្រៀមលក្ខណ:ជានិច្ចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ។ ក្នុងនោះដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី បានផ្តល់ស័ង្កសីចំនួនមួយម៉ឺនស្លឹក រក្សាទុកនៅកងពលតូចថ្មើរជើងលេខ៥១ សម្រាប់ជួយជួសជុលផ្ទះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់លកផងដែរ។

ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានគោរពថ្លែងអំណរគុណ ជូនចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទូទៅជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមជូនពរមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត៕