(ភ្នំពេញ)៖ សាសនាឥស្លាមជាសាសនាដែលនាំមកនូវសន្តិភាព ដែលជាសាសនាអប់រំទូន្មានមនុស្ស តម្រង់ទិសដៅឱ្យមានសេចក្ដីស្រលាញ់ ការគោរព ក្ដីមេត្តាករុណា សណ្ដោសប្រណីដល់មនុស្សលោក និងសត្វលោកទូទៅ ។ នៅក្នុងនោះដែរ ការផ្ដល់តម្លៃនិងផ្ដល់សិទ្ធិសេរីភាពក៍មានចែងផងដែរក្នុងក្រិតក្រមច្បាប់ដែលត្រូវបានចាប់បដិសន្ធិឡើងដោយក្នុងនោះសិទ្ធិស្ត្រីត្រូវបាលើកតម្កើងឱ្យមានភាពយុត្តិធម៍ល្អបំផុតផងដែរ កាលអំឡុងជាង១៤០០ឆ្នាំមកហើយ។

នៅថ្ងៃនេះជាទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា លើកទី១១១ ដែលប្រទេសកម្ពុជា ក៏បានរៀបចំអបអរសាទរផងដែរ។ លោក ស្លៃម៉ាន ហ្វាន់ទី អតីតនិស្សិតបរិញ្ញាបត្រច្បាប់ និងសេដ្ឋកិច្ច ដែលបច្ចុប្បន្នជាបុគ្គលិករបស់អង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍លោក មោសា អះម៉ាត់ សាស្ត្រាចារ្យសាសនាឥស្លាម ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យម៉ាឌីណះ អាល់មូណាវ៉ារ៉ោះ នៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត ដែលលោកសាស្ត្រាចារ្យពន្យល់ដូចខាងក្រោមនេះ៖

* Fres News: សាឡាមូអាឡៃគុម លោកសាស្ត្រាចារ្យ - តើជាការពិតទេដែលសាសនាឥស្លាមបានហាមឃាត់និងបំបិទសិទ្ធិសេរីភាពដល់ស្ត្រីមូស្លីម ?

* សាស្ត្រាចារ្យ៖ ស្ត្រីទាំងឡាយនៅក្នុងសាសនាឥស្លាមត្រូវបានលើកតម្កើងឡើងស្មើនឹងបុរសហើយចំណុចខ្លះស្ត្រីត្រូវបានលើកកម្ពស់លើសបុរសទៅទៀត ដែលនេះសបញ្ជាក់ឲ្យឃើញពីតម្លៃស្ត្រីមិនត្រូវបានហាមឃាត់និងគៀបសង្កត់ឡើយ ពោលគឺសាសនាឥស្លាមជាសាសនាសន្តិភាព នាំឲ្យកើតមានសិលធម៍សង្គមល្អបំផុត ដឹកនាំឲ្យមនុស្សគោរពគ្នា ស្រលាញ់គ្នា ឲ្យតម្លៃគ្នា ផ្ដល់សិទ្ធិសេរីភាពឲ្យគ្នាជាដើម ដែលសាសនាឥស្លាមត្រូវបានមនុស្សរាប់ពាន់លាននាក់គោរពប្រណិបត្តិតាមយ៉ាងល្អឥតខ្ចោះប្រកបដោយសុខសន្តិភាព ។

* Fresh News: តើការមកដល់នូវសាសនាឥស្លាមកាលជំនាន់នោះ តើស្ត្រីត្រូវបានគេងាកមកផ្ដល់តម្លៃវិញយ៉ាងដូចម្ដេចដែរបាទ ?

* សាស្ត្រាចារ្យ៖ នៅក្នុងសម័យកាលដែលសិទ្ធិស្រ្តីកំពុងត្រូវបានញ្ញាំញីនិងត្រូវបានជាន់ឈ្លីនិងក្នុងសង្គមដែលគេផ្តល់អាទិភាពទៅលើកូនប្រុសហើយបង្អាប់កូនស្រី រហូតដល់អ្នកមានកូនស្រីខ្លះនាសម័យកាលនោះបានសម្រេចសម្លាប់កូនរបស់ខ្លួនចោលវិញដោយសារខ្លាចអាម៉ាស។ រីឯអ្នកខ្លះទៀតដែលអាណិតកូនស្រីសុខចិត្តទ្រាំចិញ្ចឹមកូនស្រីទាំងគ្មានមុខមាត់ជួបនឹងអ្នកដទៃនោះ ឥស្លាមបានប្រកាសការពារ និងផ្តល់សិទ្ធិដល់ស្រ្តីយ៉ាងពេញទំហឹងដោយបន្ទូលរបស់អល់ឡោះជាម្ចាស់ថា៖ «ហើយពួកនាងមានសិទ្ធិទៅលើប្ដីដូចសិទ្ធិរបស់ប្ដីដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ»។ (ជំពូក អាល់ហ្ពាក៏រ៉ោះ : ២២៨)
ចំណែកព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា៖ «ការពិតស្រ្តីគឺប្រៀបដូចជាបុរសដែរ»

លើសពីនេះ អល់ឡោះបានព្រមានយ៉ាងខ្លាំងចំពោះអ្នកដែលបំពានលើសិទ្ធិរស់រានមានជីវិតរបស់អ្នដទៃ ពិសេសអ្នកដែលបំពានទៅលើកូនស្រីថា «..នៅពេលទារិកាដែលគេបានកប់ទាំងរស់ត្រូវបានគេសួរថា៖ ដោយសារបាបកម្មអី្វបានជានាងត្រូវបានគេសម្លាប់?» (អាត់តឹកវៀរ ៨-៩)។

នៅក្នុងបន្ទូលមួយទៀតរបស់ទ្រង់គឺទ្រង់បានចាត់ទុកអ្នកដែលធ្វើអោយប៉ះពាល់ដល់អាយុជីវិតអ្នកដទៃដោយបំពានម្នាក់មិនថា ជាបុរសឬស្រ្តីគឺប្រៀបដូចជាគាត់បានធ្វើអោយប៉ះពាល់ដល់ជីវិតមនុស្សនៅលើផែនដីនេះទាំងមូលដែរ។

* Fresh News: លោកសាស្ត្រាចារ្យ ចូរពន្យល់ពីសិទ្ធិសេរីភាពចំពោះការស្លៀកពាក់សំរាប់ស្ត្រី ខណ:ដែលត្រូវបានគេ (លោកសេរី)ចោទថា ជាការគៀបសង្កត់សិទ្ធិសេរីភាពរបស់ពួកគាត់ ?

*សាស្ត្រាចារ្យ៖ មានការយល់ច្រឡំមួយចំនួនចំពោះច្បាប់វិន័យខ្លះរបស់សាសនាឥស្លាមទៅលើស្រ្តីថា វាជាការបំបិទសិទ្ធិស្រ្តីដូចជា ការប្រើអោយស្រ្តីស្លៀកសំលៀកបំពាក់បិទបាំងរាងកាយអោយល្អជាដើម។ល។ តាមការពិតច្បាប់វិន័យទាំងនេះគឺសុទ្ធតែដើម្បីការពារដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្រ្តីប៉ុណ្ណោះ វាមិនមែនជាការបំបិទសិទ្ធិដូចការចោទប្រកាន់នោះឡើយ។

* Fresh News: នៅក្នុងរង្វង់គ្រួសារអ្នកកាន់សាសនាឥស្លាមវិញ តើស្ត្រីត្រូវបានគេគោរព ឱ្យតម្លៃអ្វីខ្លះបាទ ?

* សាស្ត្រាចារ្យ៖ ឥស្លាមបានប្រើអោយមនុស្សដែលនៅជុំវិញស្រ្តីធ្វើល្អចំពោះគាត់ ពោលគឺ៖ ឥស្លាមបានបានផ្តាំផ្ញើកូនៗអោយធ្វើល្អជាពិសេសចំពោះស្រ្តីជាម្តាយច្រើនជាងឪពុក។ ឥស្លាមបានដាក់បទបញ្ជាលើប្តីអោយធ្វើល្អបំផុតចំពោះស្រ្តីជាភរិយា និងបានចាត់ទុកថា អ្នកដែលល្អជាងគេនៃអ្នកឥស្លាម គឺអ្នកដែលធ្វើល្អជាងគេចំពោះគ្រួសាររបស់គាត់។ ដូចដែលព្យាការីមូហាំម៉ាត់ អ្នកនាំសារឥស្លាមបានមានប្រសាសន៍ថាៈ «ចូរពួកអ្នកទទួលយកបណ្តាំរបស់ខ្ញុំក្នុងការធ្វើល្អចំពោះស្រ្តី»។ ( អាល់ពូខរីនិងមូស្លីម)

* Fresh News: សាសនាឥស្លាមផ្ដល់សិទ្ធិស្មើនឹងបុរស ហើយចំណុចខ្លហះស្ត្រីមានសិទ្ធិពិសេសលើសបុរសទៅទៀត សូមលោកសាស្ត្រាចារ្យជួយពន្យល់ផងបាទ ?

* សាស្ត្រាចារ្យ៖ ឥស្លាមផ្ដល់ភាពយុត្តិធម៍ពេញលេញដល់ស្ត្រី ក្នុងករណីខ្លះស្ត្រីមានសិទ្ធិពិសេសលើសបុរសទៅទៀត ។ សិទ្ធិពិសេសនោះគឺ ស្ត្រីត្រូវបានលើកកម្ពស់នូវសេចក្ដីថ្លៃថ្នូរក្នុងសង្គមដូចខាងក្រោមនេះ៖
*សិទ្ធិមួយចំនួនបុរសមានសិទ្ធិលើសខ្លះ ហើយករណីខ្លះស្ត្រីមានសិទ្ធិលើសបុរស សំខាន់ឈរលើភាពជាក់ស្ដែងប្រកបដោយភាពយុត្តិធម៍ ។
*ហាមឃាត់ការបំពានលើជីវិតអ្នកដទៃ
*រស់នៅក្នុងសេចក្ដីថ្លៃថ្នូរ កុំមើលងាយ កុំប្រមាថអ្នកដទៃ កុំហៅងារអ្នកដទៃ ។
*អ្នកលើកតម្កើងកិត្តិយសស្ត្រី គឺមានកិត្តិយសថ្លៃថ្នូរ និងអ្នកមិនឲ្យតម្លៃស្ត្រីជាមនុស្សទាបថោក ។
*ឥស្លាមផ្ដល់សិទ្ធិស្ត្រីមានសេរីភាពជ្រើសរើសគូរស្រករ និងជ្រើសរើសអ្វីដែលគាត់ពេញចិត្ត ។
*ស្ត្រីមានសិទ្ធិទទួលមរតក ច្បាប់ឥស្លាមនាំមកនូវយុត្តិធម៍សំរាប់ស្ត្រី ។

+ ករណីខ្លះ ស្ត្រីមានសិទ្ធិពិសេសជាងបុរស ដែលត្រូវបាលើកឡើងដូចខាងក្រោម៖
*នរណាហើយដែលចិញ្ចឹមបីបាច់ដល់កូនស្រី និងផ្ដល់ឱកាសសិក្សាបានល្អ ពួកគេត្រូវបានចូលឋានសួគ៍នៅជិតព្យាការីមូហាំម៉ាត់ ។
*ស្វាមីទាំងអស់ត្រូវធ្វើល្អចំពោះភរិយា ខណ:ដែលអល់ឡោះជាម្ចាស់បានមានបន្ទូលឲ្យស្វាមីធ្វើល្អដាក់ភរិយារបស់ពួកគាត់ ។
*ឥស្លាមផ្ដាំផ្ញើរដល់ឪពុកម្ដាយឱ្យធ្វើល្អដល់កូនស្រី ។

* Fresh News: ក្នុងគម្ពីអាល់គុរអាន អល់ឡោះជាម្ចាស់ក៍មានព្រះបន្ទូលផងដែរជុំវិញការផ្ដល់សិទ្ធិដល់ស្ត្រី សូមលោកសាស្ត្រាចារ្យ លើកឡើងពីចំណុចខ្លះៗផងបាទ ?

* សាស្ត្រាចារ្យ៖ អល់ឡោះបានមានព្រះបន្ទូលនៅក្នុងគម្ពីរគួរអានថា៖
+وَلَهُنَّ مِثلُ الَّذِي عَلَيهِنَّ بِالمَعرُوفِ
មានន័យថា៖ ហើយពួកនាងមានសិទ្ធិទៅលើប្តីដូចសិទ្ធិរបស់ប្តីដែលមានទៅលើពួកនាងដោយស្របច្បាប់ដែរ។(២:២២៨)

+ មនុស្សទាំងអស់មានដើមកំណើតពីបុរសម្នាក់គឺព្យាការីអាដាំ អល់ឡោះបានមានព្រះបន្ទូលថា៖
يَا أَيُّهَا النَّاسُ اتَّقُوا رَبَّكُمُ الَّذِي خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ وَخَلَقَ مِنْهَا زَوْجَهَا وَبَثَّ مِنْهُمَا رِجَالًا كَثِيرًا وَنِسَاءً ۚ

មានន័យថា៖ ឱមនុស្សលោក! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដែលបានបង្កើតពួកអ្នកចេញពីមនុស្សតែមួយគត់(អាដាំ) ហើយទ្រង់បានបង្កើតចេញពីគាត់នូវភរិយារបស់គាត់(ហាវ៉ា) ហើយទ្រង់បានបង្កើតចេញពីអ្នកទាំងពីរនូវបុរសនឹងស្ត្រីជាច្រើន។(៤:១)

*Fresh News: សូមលោកសាស្ត្រាចារ្យពន្យល់លម្អិតអំពីសិទ្ធិមនុស្សនិងភាពយុត្តិធម៍នៅក្នុងសាសនាឥស្លាម?

*សាស្ត្រាចារ្យ៖ សាសនាឥស្លាមមិនដាក់កាតព្វកិច្ចដាច់ខាតទៅលើបុរស និងស្ត្រីលើកលែងតែមានភាពយុត្តិធម៌ ជាក់ស្តែងដូចជា៖

១៖ ភាពស្មើគ្នាក្នុងការទទួលផលបុណ្យ និងទំនួលខុសត្រូវបុរស និងស្ត្រីក្នុងសាសនាឥស្លាមគោរពសក្ការៈព្រះតែមួយគត់គឺអល់ឡោះ រឺមានគោលជំនឿដូចគ្នា ហើយអនុវត្តតាមគម្ពីរតែមួយ(គម្ពីរគួរអាន)។ អល់ឡោះ( ជាពាក្យតាមភាសាអារ៉ាប់សម្រាប់ព្រះពិតតែមួយគត់ដែលបានបង្កើតអ្វីៗទាំងអស់) ជាអ្នកកាត់ក្តីលើគ្រប់មនុស្សជាតិទាំងអស់ដោយមិនលម្អៀង និងមានសមភាព ទ្រង់ផ្តល់នូវផលបុណ្យស្មើៗគ្នាសម្រាប់បុរស និងស្ត្រី ដែលមានចែងជាច្រើនកន្លែងនៅក្នុងគម្ពីរគួរអាន៖

وَعَدَ اللَّهُ الْمُؤْمِنِينَ وَالْمُؤْمِنَاتِ جَنَّاتٍ تَجْرِي مِنْ تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا وَمَسَاكِنَ طَيِّبَةً فِي جَنَّاتِ عَدْنٍ ۚ وَرِضْوَانٌ مِنَ اللَّهِ أَكْبَرُ ۚ ذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
មានន័យថា៖ អល់ឡោះបានសន្យាចំពោះបណ្តាអ្នកមានជំនឿទាំងប្រុសទាំងស្រីនូវឋានសួគ៌ដែលមានទន្លេហូរកាត់ពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ និងមានលំនៅឋានជាច្រើនដ៏ល្អប្រណីតនៅក្នុងឋានសួគ៌អាត់និន។ ហើយការពេញចិត្តពីអល់ឡោះគឺធំធេងបំផុត។ នោះគឺជាជ័យជំនះដ៏ធំធេង។(៩:៧២)

أَنِّي لَا أُضِيعُ عَمَلَ عَامِلٍ مِّنكُم مِّن ذَكَرٍ أَوْ أُنثَىٰ ۖ بَعْضُكُم مِّن بَعْضٍ

មានន័យថា៖ ពិតប្រាកដណាស់យើងមិនបំបាត់ទង្វើរបស់អ្នកដែលបានធ្វើក្នុងចំនោមពួកអ្នកឡើយទោះបីជាប្រុស ឫស្រីក្តី ដោយពួកអ្នកមកពីពូជអំបូរតែមួយគត់។(៣:១៩៥)
ឃ្លានេះបានបង្ហាញថាក្នុងសាសនាឥស្លាម ផលបុណ្យដែលប្រុសនិងស្រីទទួលបានគឺអាស្រ័យទៅលើអ្វីដែលពួកគេបានធ្វើ មិនបានបែងចែកភេទនោះឡើយ។ ប្រសិនបើយើងប្រៀបធៀបសាសនាឥស្លាមទៅនឹងសាសនាដទៃ សបញ្ជាក់អោយឃើញថាសាសនាឥស្លាមមានភាពយុត្តិធម៌លើការទទួលបានផលបុណ្យរវាងភេទទាំងពីរ។ ឧទាហរណ៍៖ ព្យាការីអាដាំ និងនាងហាវ៉ា បានហូបផ្លែឈើដែលគេហាមឃាត់ យោងតាមច្បាប់សាសនាឥស្លាមពួកគេទាំងពីរត្រូវទទួលបាបកម្មដូចគ្នា ហើយនៅពេលដែលពួកគេសារភាពកំហុសទៅចំពោះអល់ឡោះ ទ្រង់បានអភ័យទោសអោយពួកគេទាំងពីរដូចគ្នាដែរ។

២៖ សិទ្ធិស្មើគ្នាក្នុងការស្វែងរកចំណេះវិជ្ជាសាសនាឥស្លាមជំរុញស្មើគ្នាទាំងបុរសនិងស្ត្រីអោយស្វែងរកចំណេះវិជ្ជា ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់)បានមានប្រសាសន៍ថា៖
طلب العلم فريضة على كل مسلم

មានន័យថា៖ ការស្វែងរកចំណេះវិជ្ជាជាកាតព្វកិច្ចលើរាល់ជនមូស្លីម(អ្នកកាន់សាសនាអ៊ីស្លាមប្រុសនិងស្រី)។

ជាក់ស្តែងដូចជាវត្តមានអ្នកប្រាជ្ញមូស្លីមដែលជាស្រ្តីនៅសម័យកាលព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់)។ ពួកនាងមួយចំនួនជាក្រុមគ្រួសាររបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) ហើយអ្នកដទៃទៀតជាមិត្តភក្តីរបស់លោក ឬ ជាកូនស្រីរបស់ពួកគេ។ អ្នកស្រីអាអ៊ីស្ហះត្រូវជាប្រពន្ធរបស់ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) បាននាំយកមួយភាគបួននៃច្បាប់សាសនាឥស្លាមពីព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់)ដល់មនុស្សជំនាន់ក្រោយ។

៣៖ សិទ្ធិស្មើគ្នាក្នុងការជ្រើសរើសគូស្រករ -សាសនាឥស្លាមបានផ្តល់សិទ្ធិយ៉ាងពេញលេញដល់បុរសនិងស្រ្តីក្នុងការរើសគូស្រករ ហើយសាសនាឥស្លាមបានហាមឃាត់ឪពុកម្តាយពីការបង្ខិតបង្ខំកូនស្រីរបស់ខ្លួនក្នុងការរៀបអាពាហ៍ពិពាហ៍ ដែលសកម្មភាពទាំងអស់នេះ

ត្រូវបានអនុវត្តក្នុងវប្បធម៌មួយចំនួន។ នៅសម័យកាលព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) មានស្ត្រីម្នាក់បានមកជួបគាត់ហើយនិយាយថា៖ ឪពុករបស់ខ្ញុំបានរៀបការខ្ញុំជាមួយជីដូនមួយរបស់ខ្ញុំដើម្បីលើកកិត្តិយសរបស់គាត់ហើយខ្ញុំត្រូវបង្ខំអោយរៀបការ។ ព្យាការីមូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់)បានផ្ញើរការដូរទៅកាន់ឪពុករបស់នាង ហើយអត្ថន័យនៅក្នុងការដូរនោះគឺ៖ ចូរផ្តល់សិទ្ធិអោយកូនស្រីជ្រើសរើស(គូស្រករ)ក្នុងការរៀបអាពាហ៍ពិពាហ៍ រឺទុកជាមោឃៈនូវការរៀបអាពាហ៍ពិពាហ៍។ នាងបានតបថា៖ ឱអ្នកនាំសាររបស់អល់ឡោះ! ខ្ញុំបានទទួលនូវអ្វី(អាពាហ៍ពិពាហ៍)ដែលឪពុករបស់ខ្ញុំបានធ្វើ ប៉ុន្តែខ្ញុំចង់បង្ហាញប្រាប់ទៅស្ត្រីដទៃទៀត (ថាពួកនាងនឹងមិនត្រូវបង្ខំអោយរៀបអាពាហ៍ពិពាហ៍ឡើយ)។

៤៖ ភាពស្មើគ្នាដ៏ពិសេសចំំពោះលក្ខណៈផ្សេងគ្នានៃប្រព័ន្ធដំណើរការរបស់សារពាង្គកាយជាទូទៅបុរសនិងស្ត្រីទទួលបានសិទ្ធិស្មើគ្នា ប៉ុន្តែលក្ខណៈពិសេសនៃសិទ្ធិនិងទំនួលខុសត្រូវទាំងនោះមិនដូចគ្នាទេ។ យោងតាមច្បាប់សាសនាឥស្លាម បុរសនិងស្ត្រីមានការបំពេញបន្ថែមសិទ្ធិ និងទំនួលខុសត្រូវចំពោះគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសមភាព។ ក្រៅពីលក្ខណៈខុសគ្នារវាងផ្នែកខាងក្នុង និងខាងក្រៅនៃកាយវិភាគ(Anatomical) អ្នកវិទ្យាសាស្ត្របានអោយដឹងថា៖ មានលក្ខណៈខុសគ្នារវាងបុរសនិងស្ត្រីនូវភាពប៉ិនប្រសប់របស់ខួរក្បាលអំពីដំណើរការបកស្រាយភាសារ ពត៌មាននិងអារម្មណ៍។

លោក Edward O. Wilson ជាអ្នកជំនាញផ្នែកជីវៈវិទ្យានៃសាកលវិទ្យាល័យ ហាវ៉ើត(Harvard University) បាននិយាយថា : ស្ត្រីមានភាពប៉ិនប្រសប់ជាងបុរសក្នុងជំនាញវោហាស័ព្ទ ការស្វែងយល់ពីអារម្មណ៍អ្នកដទៃ និងសង្គមទូទៅ ខណៈពេលដែលបុរសមានភាពប៉ិនប្រសប់ជាងលើជំនាញឯករាជ្យភាព(ទំនួលខុសត្រូវលើខ្លួនឯង) ការពង្រីកឥទ្ធិពលនៃអំណាច ជំនាញគណិតវិទ្យា ការឈ្លានពាន និងលក្ខណៈដទៃទៀតជាច្រើន។ លក្ខណៈបំពេញបន្ថែមទៅវិញទៅមកទាំងនេះធ្វើអោយមានសមភាពរវាងបុរសនិងស្ត្រី ដូចដែលអល់ឡោះបានមានព្រះបន្ទូលថា៖

{وَلَيْسَ الذَّكَرُ كَالْأُنْثَى} [آل عمران: 36]
أَلَا يَعْلَمُ مَنْ خَلَقَ وَهُوَ اللَّطِيفُ الْخَبِيرُ} [الملك: 14] {
មានន័យថា៖ ហើយកូនប្រុសមិនដូចកូនស្រីឡើយ។ (៣:៣៦)

តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់) មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រូតជ្រាបបំផុត។ (៦៧:១៤)

៥៖ សិទ្ធិស្មើគ្នាក្នុងគ្រួសារអល់ឡោះបានបង្កើតបុរស និងស្ត្រីមានលក្ខណៈពិសេសខុសគ្នា ជាមួយនឹងតួនាទី ជំនាញ និងទំនួលខុសត្រូវតែមួយ។ ភាពខុសគ្នាទាំងនេះមិនមែនជាភស្តុតាងបង្ហាញពីភាពល្អប្រសើរ ឬអន់ថយរវាងបុរសនិងស្ត្រីនោះឡើយ ប៉ុន្តែជាលក្ខណៈពិសេសដ៏អាថ៌កំបាំងហើយមានចែងជាច្រើនកន្លែងនៅក្នុងគម្ពីរគុរអាន។ សាសនាអ៊ីស្លាមបានបែងចែកតួនាទីក្នុងគ្រួសារស្មើគ្នារវាងប្តីនិងប្រពន្ធ។ ប្តីមានទំនួលខុសលើការផ្គត់ផ្គង់ក្រុមគ្រួសារ ខណៈពេលដែលប្រពន្ធមានតួនាទីចិញ្ចឹមបីបាច់ អប់រំ កូនចៅ។ ការជំរុញបែបនេះធ្វើអោយក្រុមគ្រួសារចេះសហការគ្នាទៅវិញទៅមកជាងការយកឈ្នះចាញ់គ្នារវាងប្តីប្រពន្ធ។ លក្ខណៈបំពេញបន្ថែមនូវទំនួលខុសត្រូវទៅវិញទៅមកនេះនឹងបង្កើតជាគ្រួសារនិងសង្គមដ៏រឹងមាំមួយ។ អល់ឡោះបានមានព្រះបន្ទូលថា៖
هُنَّ لِبَاسٌ لَكُمْ وَأَنْتُمْ لِبَاسٌ لَهُنَّ

មានន័យថា៖ ពួកនាង(ប្រពន្ធ)គឺជាសំលៀកបំពាក់សម្រាប់ពួកអ្នក ហើយពួកអ្នក(ប្តី)គឺជាសំលៀកបំពាក់សម្រាប់ពួកនាង។(២:១៨៧)
ជាទូទៅសំលៀកបំពាក់ផ្តល់ភាពស្រស់ថ្លា កក់ក្តៅ សុវត្ថិភាពហើយវាធ្វើអោយមនុស្សម្នាក់កាន់តែស្រស់ស្អាតដូច្នេះហើយទើបសាសនាឥស្លាមបានប្រៀបធៀបសំលៀលបំពាក់ទៅនឹងទំនាក់ទំនងរវាងប្តីប្រពន្ធ។

៧៖ សេចក្តីស្រលាញ់និងក្តីមេត្តាក្នុងទំនាក់ទំនងប្តីប្រពន្ធព្យាការីម៉ូហាំម៉ាត់ជំរុញអោយបុរសគ្រប់រូបធ្វើល្អចំពោះភរិយារបស់ខ្លួន លោកបានមានប្រសាសន៍ថា៖
أكمل المؤمنين إيماناً أحسنهم خلقاً، وخياركم خياركم لنسائهم

មានន័យថា៖ អ្នកមានជំនឿដែលពេញលេញជាងគេគឺជាអ្នកដែលមានក្រមសីលធម៌ល្អជាងគេ ហើយអ្នកដែលល្អប្រសើរជាងគេក្នុងចំណោមពួកអ្នកគឺអ្នកដែលធ្វើល្អចំពោះភរិយារបស់ខ្លួនខ្លាំងជាងគេ។
الدُّنْيَا مَتَاعٌ وَخَيْرُ مَتَاعِ الدُّنْيَا الْمَرْأَةُ الصَّالِحَةُ

មានន័យថា៖ លោកីយ៍គឺជាទ្រព្យ ហើយទ្រព្យដែលល្អប្រសើរបំផុតនៅក្នុងលោកីយ៍នេះគឺស្ត្រីគ្រប់លក្ខណ៍។
لا يفرك مؤمن مؤمنة إن كره منها خلقا رضي منها آخر

មានន័យថា៖ ចូរបុរសមានជំនឿកុំស្អប់ស្ត្រីមានជំនឿ បើសិនគេស្អប់ចរិតណាមួយរបស់នាង គឺគេច្បាស់ជាពេញចិត្តនឹងចរឹតផ្សេងទៀតរបស់នាង។
លើសពីនេះព្យាការីមូហាំម៉ាត់បានសុំបួងសួងទៅចំពោះអុលឡោះថា៖
اللهم إني أحرج حق الضعيفين اليتيم والمرأة

មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំរឹតបន្តឹងទៅលើមនុស្សទាំងឡាយមិនអោយរំលោភសិទ្ធិមនុស្សទន់ខ្សោយពីរប្រភេទគឺកូនកំព្រា និងស្ត្រីភេទ។ មានគេសួរអាអ៊ីស្ហះថា៖តើព្យាការីម៉ូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) រស់នៅក្នុងផ្ទះយ៉ាងដូចម្តេច? គាត់បានប្រាប់គេថា៖ គាត់ដូចជាបុរសសាមញ្ញដទៃទៀតដែរ គាត់បោសសម្អាតផ្ទះ ប៉ះខោអាវ ដេរស្បែកជើងឱ្យទឹកសត្វអូដ្ឋ រឹតទឹកដោះពពែ ជួយធ្វើការអ្នកបម្រើ បរិភោគចំណីអាហារជាមួយពួកគេ ហើយគាត់ទៅផ្សារទិញអ្វីដែលពួកយើងត្រូវការ។

៧៖ ការលើកកម្ពស់តួនាទីម្តាយនិងកូនស្រីម្តាយមានតួនាទីយ៉ាងសំខាន់ក្នុងការចិញ្ចឹមបីបាច់ថែរក្សានិងផ្តល់ក្តីស្រលាញ់ដល់កូនៗជាពិសេសពេលពួកគេស្ថិតក្នុងវ័យកំពុងលូតលាស់។

អុលឡោះបានមានព្រះបន្ទូលថា៖
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ

មានន័យថា៖ ហើយយើងបានណែនាំមនុស្សលោកអោយធ្វើល្អចំពោះឪពុកម្តាយរបស់គេ។ ម្តាយរបស់គេបានពពោះគេដោយលំបាក និងបានប្រសូតគេដោយលំបាកបំផុត។(៤៦:១៥)

អំពីអាហ្ពីហ៊ូរ៉ៃរ៉ោះបានបញ្ជាក់ថា៖ មានបុរសម្នាក់បានចូលសំដែងការគួរសមចំពោះព្យាការីម៉ូហាំម៉ាត់(សូមសន្តិភាពកើតមានចំពោះគាត់) រួចលោកសួរថា៖ឱអ្នកនាំសាររបស់អុលឡោះ តើមនុស្សណាខ្លះដែលខ្ញុំត្រូវធ្វើល្អចំពោះនោះ? លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្តទៀតថា៖ បន្ទាប់មកនរណាទៀត?លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្តទៀតថា៖ បន្ទាប់មកនរណាទៀត?លោកបានឆ្លើយថា៖ គឺម្តាយរបស់អ្នក បុរសនោះសួរបន្ថែមទៀតថា៖ បន្ទាប់មកនរណាទៀត?លោកបានឆ្លើយថា៖ គឺឪពុករបស់អ្នក។

ក្នុងសាសនាឥស្លាម ផលបុណ្យមិនត្រឹមតែទទួលបានពីការធ្វើល្អចំពោះម្តាយប៉ុណ្ណោះទេ ជាក់ស្តែងការធ្វើល្អចំពោះកូនស្រីគឺជាការទទួលបានផលបុណ្យយ៉ាងធំធេងពីអុលឡោះ ព្យាការីមូហាំម៉ាត់បានមានប្រសាសន៍ថា៖ នរណាចិញ្ចឹមកូនស្រីបីនាក់ ហើយគេចំណាយលុយទៅលើពួកនាង អាណិតស្រលាញ់ពួកនាង បង្រៀនអប់រំពួកនាងឱ្យមានសុជីវធម៌ល្អ គឺអល់ឡោះនឹងអោយគេចូលឋានសួគ៌។ មានគេសួរថា៖ ចុះបើពីរនាក់? គាត់បានឆ្លើយថា៖ ទោះជាពីរនាក់ក៏ដោយ។

មុនពេលសាសនាឥស្លាមមកដល់ ស្រ្តីត្រូវគេចាត់ទុកថាមិនល្អ ហើយក្មេងស្រីកើតមកត្រូវគេកប់ទាំងរស់ ការចាប់រំលោភ ការលែងលះស្ថិតនៅលើការសម្រេចចិត្តរបស់ប្តី ការគៀបសង្កត់លើស្ត្រីបានរាលដាលពាសពេញពិភពលោក។ ពេលសាសនាឥស្លាមបានមកដល់ វប្បធម៌ទាំងអស់នេះត្រូវលុបបំបាត់។ សូម្បីតែក្នុងបច្ចុប្បន្ននេះក៏នៅតែមានប្រទេសអភិវឌ្ឍមួយចំនួនមិនទាន់ផ្តល់ការគោរពសិទ្ធិស្ត្រី និងកិត្តិយសពេញលេញនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយសាសនាឥស្លាមបានយកចិត្តទុកដាក់និងលើកកម្ពស់ កិត្តិយស តម្លៃ ការគោរព ជាទីគាប់ចិត្តសម្រាប់ស្ត្រីគ្រប់រូប។ ចំណែកឯការធ្វើបាបទៅលើស្រ្តីមូស្លីមនៅតំបន់មជ្ឈឹមបូព៌ា និងគ្រួសារមូស្លីមមួយចំនួនដែលមូលហេតុបណ្តាលមកពីកត្តាវប្បធម៌ និងទំនៀមទំលាប់ដែលជាការប្រតិបត្តខុសពីមាគ៌ាត្រឹមត្រូវរបស់សាសនាឥស្លាម និយាយជារួមគឺជាកំហុសបុគ្គលផ្ទាល់តែម្តង។

សំនួរសួរថា៖ ហេតុអ្វីបានជាស្រ្តីនៅជុំវិញពិភពលោកជាច្រើនមានឆន្ទៈដ៏មុះមុតចង់ចូលសាសនាឥស្លាម ប្រសិនបើវាជាសាសនាគៀបសង្កត់ទៅលើស្ត្រី?

ខ្ញុំសូមបញ្ចប់ដោយពាក្យអរគុណទៅចំពោះអល់ឡោះដែលទ្រង់តែមួយគត់ជាអ្នកបង្កើតអ្វីៗទាំងអស់ និងជាអ្នកគាំពៀលើបុរស និងស្ត្រីទាំងអស់។
អុលឡោះបានមានព្រះបន្ទូលថា៖

إِنَّ الْمُسْلِمِينَ وَالْمُسْلِمَاتِ وَالْمُؤْمِنِينَ وَالْمُؤْمِنَاتِ وَالْقَانِتِينَ وَالْقَانِتَاتِ وَالصَّادِقِينَ وَالصَّادِقَاتِ وَالصَّابِرِينَ وَالصَّابِرَاتِ وَالْخَاشِعِينَ وَالْخَاشِعَاتِ وَالْمُتَصَدِّقِينَ وَالْمُتَصَدِّقَاتِ وَالصَّائِمِينَ وَالصَّائِمَاتِ وَالْحَافِظِينَ فُرُوجَهُمْ وَالْحَافِظَاتِ وَالذَّاكِرِينَ اللَّهَ كَثِيرًا وَالذَّاكِرَاتِ أَعَدَّ اللَّهُ لَهُمْ مَغْفِرَةً وَأَجْرًا عَظِيمًا

មានន័យថា៖ ពិតប្រាកដណាស់បណ្តាមូស្លីមប្រុសស្រី និងបណ្តាអ្នកមានជំនឿប្រុសស្រី និងបណ្តាអ្នកគោរពប្រតិបត្តិប្រុសស្រី និងបណ្តាអ្នកសច្ចៈប្រុស-ស្រី និងបណ្តាអ្នកអត់ធ្មត់ប្រុស-ស្រី និងបណ្តាអ្នកឱនលំទោនប្រុស-ស្រី និងបណ្តាអ្នកបរិច្ចាគទានប្រុស-ស្រី និងបណ្តាអ្នកបួសប្រុស-ស្រី និងបណ្តាអ្នកដែលរក្សាកេរ្តិ៍របស់ពួកគេទាំងប្រុសទាំងស្រី ហើយនិងបណ្តាអ្នកដែលរំលឹកចំពោះអល់ឡោះយ៉ាងច្រើនទាំងប្រុសទាំងស្រី អល់ឡោះបានរៀបចំសម្រាប់ពួកគេនូវការអភ័យទោសនិងផលបុណ្យដ៏ធំធេង (ឋានសួគ៌)៕