(ភ្នំពេញ)៖ «ស្ត្រីមានសិទ្ធិ និងមានតម្លៃរាល់ថ្ងៃ»។ នេះគឺជាការថ្លែងរបស់អ្នកឧកញ៉ា គួច ម៉េងលី នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។

អ្នកឧកញ៉ា គួច ម៉េងលី បានដកស្រង់ខ្លឹមសារសំខាន់ពីសៀវភៅ «បណ្តុំទស្សនៈ - The Philosophy Collection» របស់គាត់មករៀបរាប់បន្តថា ស្រ្តី និងបុរស គឺជាតំណាងស្មើភាពគ្នាទៅវិញទៅមក។ យើងទាំងអស់គ្នា មានតួនាទីស្មើៗគ្នានៅស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់ក្នុងជីវិតរស់នៅ។

បន្ថែមពីលើនេះទៅទៀត ស្ត្រីមានតួនាទីផ្តល់កំណើតដល់យើងគ្រប់ៗគ្នា។ ទោះបីជាស្រ្តីមានតួនាទីសំខាន់យ៉ាងនេះក្តី យើងនៅតែមើលឃើញពីវិសមភាពរវាងបុរស និងស្រ្តីដដែល។ ពោលគឺស្ត្រីតែងតែទទួលបានតួនាទី ការគោរព និងបៀវត្សទាបជាងអ្វីដែលបុរសទទួលបាន។

អ្នកឧកញ៉ាបន្តថា បុរសមានកំណើតពីស្ត្រី ហើយជីវិតនឹងកាន់តែមានន័យ បើបុរសនិងស្ត្រី ចេះរួមរស់នៅជាមួយគ្នាដោយល្អ។ បើខ្វះនរណាម្នាក់ នោះជីវិតនឹងគ្មានភាពពេញលេញ ខ្វះភាពកក់កៅ្ត និងអាចប្រឈមបញ្ហាជីវភាពមិនខាន។ ប៉ុន្តែ បើនៅជុំគ្នា ជីវិតនឹងពេញលក្ខណៈ និងប្រកបដោយសេចក្តីសុខ និងមានសុភមង្គល។ បើបុរសជាស្តេច ច្បាស់ណាស់ ស្រ្តីគឺជាមាតា ជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកទំនុកបម្រុងស្តេច មិនអាចប្រកែកបានឡើយ។

អ្នកឧកញ៉ា គួច ម៉េងលី បានជំរុញថា «ចូរពួកយើងគោរពលើកតម្កើង និងឱ្យតម្លៃម្ចាស់ក្សត្រិយ៍របស់យើងគ្រប់ពេលវេលា ដរាបណាព្រះអាទិត្យនៅតែរះ។ ម្យ៉ាងវិញទៀត ការលើកតម្កើងតម្លៃស្រ្តី មិនចាំបាច់ត្រូវតែរង់ចាំឱ្យដល់ទិវាសិទ្ធិនារីអន្តរជាតិនោះទេ»

យើងត្រូវឱ្យតម្លៃមនុស្សស្មើៗគ្នា ដោយមិនប្រកាន់អាក្រក់ ល្អ ស ខ្មៅ ខ្ពស់ ទាប មាន ក្រ ភេទ ឬជាតិសាសន៍អ្វីឡើយ។ អនុវត្តបានដូចច្នេះ ទើបសមជាគ្រឹះនៃការឱ្យតម្លៃ និងទទួលនូវការគោរពស្រលាញ់ និងផ្ដល់សិទ្ធិគ្នាទៅវិញទៅមក។ រក្សាឱ្យបាននូវវប្បធម៌ទន់ភ្លន់ រួសរាយរាក់ទាក់ សុភាពរាបសា ត្រជាក់ត្រជុំ កក់ក្ដៅ និងស្វាគមន៍ចំពោះអ្នកដទៃ ដោយសមានចិត្ត។ ត្រូវចេះគោរពគេ ប៉ុន្ដែការគោរពគេ មិនសន្មតថាយើងត្រូវខ្លាចគេ និងឱនលំទោនដាក់គេខុសបែបផែននោះឡើយ។

«ស្នាមញញឹមរបស់អ្នក ចំពោះអ្នកដទៃ គឺពិតជាមានអនុភាពមហស្ចារ្យណាស់ ព្រោះវាអាចធ្វើឱ្យគេមានក្តីសង្ឃឹម និងអាចជម្រុះចោលនូវរាល់ទុក្ខកង្វល់ និងភាពសៅហ្មងទាំងឡាយបាន។ រឿងរ៉ាវការពិតក្នុងចិត្ត គឺឋិតនៅលើទឹកមុខរបស់យើង។ ហើយទឹកមុខយើងនេះ ពិតជាមិនអាចលាក់បាំងនូវអារម្មណ៍នៃសេចក្តីចង់បាន និងទុក្ខវេទនាដែលយើងកំពុងមាននៅក្នុងចិត្តបានឡើយ។ ដូច្នេះចូរយើងចាំថា ការសន្ទនា ភាពជាដៃគូ និងការស្រឡាញ់រាប់អានគ្នាក្នុងនាមជាខ្មែរតែមួយ គឺឈ្នះលើអ្វីៗទាំងអស់»។ នេះជាការថ្លែងបន្ថែម របស់អ្នកឧកញ៉ា គួច ម៉េងលី៕