(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកបាទក្រហមខេត្តកំពង់ចាម អមដំណើរដោយសហការី និងព្រះសង្ឃផងនោះ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញចុះប្រគល់ផ្ទះបន្ទាប់ទី៨ ជាផ្ទះមនុស្សធម៌ខេត្ត ជូនលោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយជរា គ្មានទីពឹងអាយុ៧២ឆ្នាំ នៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម។

នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម លោកទូច ឆៃ បានឲ្យដឹងថា លោកយាយ អ៊ាង មួយហ៊ាង ជាស្ត្រីមេម៉ាយគ្មានទីពឹង មានកូនប្រុសស្រី ៣នាក់ ក្នុងនេះ ២នាក់មានគ្រួសាររស់នៅបែកគ្នា ឯកូនប្រុស១នាក់ទៀត អាយុ ៣៥ឆ្នាំ មានសតិមិនគ្រប់រស់ក្នុងបន្ទុកគាត់សព្វថ្ងៃ។

លោកបន្តថា ខណ:ជីវភាពគាត់ជួបលំបាកស្រាប់ រកបានព្រឹកខ្វះល្ងាច ដោយប៉ុន្មានឆ្នាំមកនេះ លោកយាយ បានធ្លាក់ខ្លួនមានជម្ងឺប្រចាំកាយ ពុំមានលទ្ធភាពរកទទួលទានបាន ក៏ដាច់ចិត្តលក់ដីភូមិរបស់ខ្លួន ហើយចែកប្រាក់មួយចំនួនដល់កូន២នាក់ ដែលបែកនៅឆ្ងាយ រីឯប្រាក់សេសសល់ មួយចំនួនទៀត ទុកចិញ្ចឹមកូនម្នាក់ក្នុងបន្ទុកផង និងមើលជំងឺខ្លួនឯងផង។ ជាងនេះទៅទៀតគឺ ២នាក់ ម្តាយនិងកូន ត្រូវប្រឈមនឹងកង្វះទីជម្រក ហើយបង្ខំចិត្ត ដើរសុំស្នាក់ពំនាក់ ក្រោមផ្ទះអ្នកជិតខាង។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ព្រះចៅអធិការវត្តស្រក បានសម្រេចផ្តល់ដីជាគរុភ័ណ្ឌវត្ត ១ប្លង់ ជូនលោកយាយ រស់នៅ តែមិនប្រគល់អោយជាកម្មសិទ្ធិ ទេ ហើយ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា ក៏បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ ទំហំ៤ម×៦ម ១ខ្នង តម្លៃប្រមាណ ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ អនុសាខាស្រុកសាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម និងសប្បុរសជន ជូន លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ ស្នាក់នៅតទៅ។

ទន្ទឹមនឹងនោះ ដើម្បីជួយសម្រាលជីវភាពរស់នៅ លោកអភិបាលខេត្ត បានផ្តល់សម្ភារ: គ្រឿងឧបភោគបរិភោគ ជូនគ្រួសារ លោកយាយ អ៊ាង មួយហ៊ាង សម្រាប់ឡើងផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ ត្រីខ ២០កំប៉ុង ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ ១២ដប មី ២កេស ឃីត ២សម្រាប់ អាវយឺត ១២ ម៉ាស់ ២ ប្រអប់ ចង្ក្រាន១ សម្ភារផ្ទះបាយមួយចំនួន និង ថវិកា ២០០,០០០រៀល ។

ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួល ផ្ទះថ្មីនេះ ចំនួន ១២ នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអាវយឺត ម៉ាស់ ព្រមទាំងថវិកាចំនួន២០,០០០រៀល ផងដែរ៕