(ស្វាយរៀង)៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) ចុះជួយសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង បានថ្លែងថា ស្ត្រីបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបុព្វហេតុបង្រួបបង្រួមជាតិ និងការពារសន្តិសុខជាតិ មិនអាចខ្វះបាន។

លោកថ្លែងបែបនេះ ខណៈតំណាងលោកស្រី ឌួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក្នុងពិធីអបអរសាទរខួបលើកទី ១១១ ទិវាអន្តរជាតិនារី ៨ មីនាឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះដើម្បីចីរភាពនាពេលអនាគត» នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្វាយរៀង។

លោកបណ្ឌិត កែរ រដ្ឋា បានថ្លែងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកស្រីតែងតែនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ជាពិសេស បុគ្គលិក មន្ត្រីរាជការ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាជានារី ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកបណ្ឌិតបានបន្ថែមថា ឆ្នាំនេះក៏ដូចពីឆ្នាំមុនៗដែរ ក្នុងឱកាសអបអរសាទរទិវានារីអន្ដរជាតិខួបលើកទី១១១នេះ ពិពភលោកបានជ្រើសរើសយកប្រធានបទមួយគឺ សមភាពយេនឌ័រ ថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត នៅទូទាំងពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីនេះឡើងក្នុងគោលបំណង រំលឹកពីការតស៊ូរបស់ស្រ្ដី ក្នុងការធ្វើឲ្យសម្រេចបាននូវ សមធម៌ សន្ដិភាព និង ការអភិវឌ្ឍ នៅក្នុងសង្គម ដើម្បីឲ្យស្រ្ដីទួទលបាននូវការគោរព សិទ្ធិ សេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាពក្នុងការអភិវឌ្ឍ គ្រួសារ និងប្រទេសជាតិ។ ជាក់ស្តែងមានស្រ្តីជាច្រើន ដែលមានមុខតំណែង តួនាទីសំខាន់ៗ ក្នុងជួររាជរដ្ឋាភិបាល ដូចជាសម្តេចព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

រាជរដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាចិត្តររបស់ខ្លួន ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្ត្រី និងយុវវ័យក្នុងសង្គម និងការបង្កើតយន្តការ ផែនការសកម្មភាពជាតិ ដើម្បី ឆ្លើយតបនឹងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងក្មេងស្រី ជាពិសេសការលើកកម្ពស់គុណភាពនៃការផ្តល់សេវាជាពហុវិស័យនៅតាមខេត្តនានា តាមរយៈក្រុមការងារអន្តរស្ថាប័ន ដោយមានកិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល ដើម្បីជួយជនរងគ្រោះឲ្យទាន់ពេលវេលា និង ប្រសិទ្ធភាពស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលនៅ តែបានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ។

សូមបញ្ជាក់ថា នារីដែលជាសមាជិកបក្សដែលបានចូលរួមចំនួន ១៧នាក់ ក្នុងម្នាក់ៗ ទទួលបានសំពត់សឹង១ ជែលលាងដៃ១ដប ម៉ាសនិងថវិកា១ ម៉ឺនរៀល ដែលជាអំណោយរបស់លោកស្រី ឌួង វណ្ណា និងលោកបណ្ឌិត កែរ រដ្ឋា ក៏បានឧបត្ថម្ភថវិកាចំនួន ២ម៉ឺនរៀលបន្ថែមក្នុងម្នាក់ៗផងដែរ៕