(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន៤៥ខ្នង សាលារៀន២ខ្នង ព្រមទាំងបង្គោលភ្លើង និងដំណាំ ត្រូវរលំ ប៉ើងដំបូល និងរងការខូចខាត ដោយសារហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំ ជាមួយខ្យល់កន្ត្រាក់ នាសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងស្រុកអូរជ្រៅ និងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ប៉ុន្តែមិនបង្កឱ្យប្រជាពលរដ្ឋណាម្នាក់រងរបួសនោះទេ។

បើតាមមន្ត្រីមូលដ្ឋានស្រុកកអូរជ្រៅបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា ហេតុការណ៍នេះបានកើតឡើងនាយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ខណៈនៅមូលដ្ឋានស្រុកអូរជ្រៅ មានភ្លៀង១មេធំលាយលំទៅដោយខ្យល់កន្ត្រាក់ បានបោកបក់មកចំភូមិចំនួន៤ ក្នុងឃុំចំនួន ដែលបានប៉ះពាល់ផ្ទះប្រជាពលរដ្ឋផ្ទះ១៥ខ្នង និងរងការខូចខាសាលារៀន ១ខ្នង។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ភូមិទាំង៤នោះរួមមាន៖ ភូមិវត្តឃុំសំរោង ខូចខាតផ្ទះចំនួន៤ខ្នង និងសាលារៀន១ខ្នង, ភូមិកណ្តាល ខូចខាតផ្ទះចំនួន ១១ខ្នង និងសាលាបឋមសិក្សា, ភូមិថ្មី ១ខ្នង និងបង្គោលភ្លើង៧ដើម, ក្នុងឃុំសឹង្ហ ប៉ះពាល់លើភូមិពង្រខូចខាតអស់ផ្ទះចំនួន ៣ខ្នង ភូមិរុន១ខ្នង ក្នុងនោះមានផ្ទះប្រពលរដ្ឋដួលរលំរាបដល់ដីជាច្រើនខ្នង។

បើតាមលោកអធិការអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក បានប្រាប់ឱ្យដឹងថាថ្ងៃទីយប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះមានភ្លៀងធ្លាក់កក់ខែ១មេយ៉ាងខ្លាំងលាយឡំជាមួយខ្យល់បោកបក់ខ្លាំង មកចំលើឃុំចំនួន៣ បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២០ខ្នង រួមមានឃុំ៖

ទី១៖ ឃុំណាំតៅ រងការខូចខាតចំនួន ៩ខ្នងផ្ទះ
ទី២៖ ឃុំប៉ោយចារ រងការខូចខាតចំនួនចំនួន ៣ខ្នងផ្ទះ
ទី៣៖ ឃុំពន្លៃ រងការខូចខាតចំនួន ៨ខ្នងផ្ទះ។

ក្រោយពីផ្ទះប្រជាពលរដ្ឋ៤៥គ្រួសាររងគ្រោះ ដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋាន សមត្ថកិច្ចទាំង ៣អង្គភាពចុះមកជួយអន្តរាគម៍រាបចំឱ្យមានរបៀបរាបរយឡើងវិញ និងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕