(ភ្នំពេញ)៖ កាលពីសប្តាហ៍មុន លិខិតភូតកុហកព្រះមហាក្សត្រមួយច្បាប់ ត្រូវបានគេដឹងថា ចេញពីក្រុមតំណាងរាស្ត្ររបស់គណបក្ស សំឡេងភាគតិចក្នុងរដ្ឋសភា ដែលមានគ្នាប្រមាណ៥៣នាក់ បានចុះហត្ថលេខាយ៉ាងញាប់ដៃ ដើម្បីទួលថ្វាយបំភ័ន្តព្រះមហាក្សត្រ ក្នុងគោលបំណងសម្អុយកិត្តិយស កេរ្តិ៍ឈ្មោះរបស់កម្ពុជា និងនៅថ្ងៃទី៣ ខែឧសភានេះ ក្រុមមនុស្សដដែលបានបន្តយុទ្ធនាការរបស់ខ្លួនជាថ្មីទៀត តាមរយៈការចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបំពុលសាធារណមតិ។

លិខិតដែលផ្ញើទៅព្រះមហាក្សត្រ ពួកគេបាននិយាយភូតភរកុហកថា ស្ថានការណ៍នយោបាយនៅកម្ពុជា បច្ចុប្បន្នមានសភាពកាន់តែធ្ងន់ធ្ងរទៅៗ ដែលអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ...។ ខ្ញុំគ្រាន់តែបានដឹងថា បើខ្ញុំមិនធ្វើខុសច្បាប់ ឬប៉ះពាល់ដល់សិទ្ធិអ្នកដទៃ គឺខ្ញុំគេចផុតពីនីតិវិធីផ្លូវច្បាប់អស់មួយជីវិត។ ដូច្នេះការលើកឡើងថា កម្ពុជាកំពុងអាប់អួរវាជាសិទ្ធិបំភ្លើសរបស់ ក្រុមជនមួយក្តាប់តូចនោះ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមថា ពួកគេគ្មានលទ្ធភាពនឹងបង្ខំ អូសទាញ ឲ្យប្រជាពលរដ្ឋជឿតាមស្លុង ដោយគ្មានការពិចារណានោះទេ។

អំពីការភូតកុហក! ចម្លើយនៅពេលនេះ គឺបើកម្ពុជាប្រឈមនឹងវិបត្តិ ឬពិតដូចការចោទមែននោះ ម៉្លេះសមប្រជាពលរដ្ឋកម្ពុជាភ័យតក់ស្លុត ជ្រួលច្របល់ ផ្អើលចលាចល និងនាំគ្នាត្រៀមទិញស្បៀងអាហារ សម្ភារៈហូបចុក ដោយគិតបារម្ភថា សង្គ្រាមបង្ហូរឈាមនឹងកើតឡើងជាក់ជាពុំខានឡើយ នៅពេលដ៏ខ្លីខាងមុខ។ ប៉ុន្តែល្បែងថ្ពិនភ្នែក បោកប្រាស់ទាំងនោះ ប្រជាពលរដ្ឋពេញមួយនគរ មិនបានចាប់អារម្មណ៍បន្តិចសោះឡើយ ពីព្រោះពួកគាត់ បានដឹងយ៉ាងច្បាស់ថា ក្រុមប្រឆាំងបាន និងកំពុងទូងស្គរ បំភ័យ បំភ័ន្តប្រជាពលរដ្ឋ ដើម្បីតែការពារមេបក្សរបស់ខ្លួន (លោក កឹម សុខា) ដែលធុំក្លិនស្អុយគគ្រុកដោយរឿងអាស្រូវស្រីញី អំពើពុករលួយ និងពាក់ព័ន្ធនឹងអំពើពេស្យាកម្ម វ័ណ្ឌកនឹងផ្លូវច្បាប់ដែលគ្មានសង្ឃឹមថា បញ្ហានោះ នឹងត្រូវបានដោះសាររួចឡើយ។ (នៅកម្ពុជា ស្ថាប័នមានសមត្ថកិច្ច បាននិងកំពុងពង្រឹងការអនុវត្តច្បាប់តែប៉ុណ្ណោះ)។

សំនួរត្រូវបានចោទសួរទៀតថា ហេតុអ្វីបានជាតំណាងរាស្ត្រកំសាកអស់ទាំងនោះ មិនក្លាហាន ហ៊ានចេញមុខមកទទួលស្គាល់ការពិត? តើការឃុបឃិតគ្នាលាក់បាំងកំហុសដ៏ធំប៉ុនភ្នំរបស់លោក កឹម សុខា អាចលាក់បាំងជិតដែរឬ? ហើយហេតុអ្វីក៏ពួកគេមិនងើបឡើង ដើម្បីស្វែងរកសមាសភាពមេបក្សថ្មី សម្រាប់ដឹកនាំពួកគេ? តើនៅក្នុងគណបក្សសង្គ្រោះជាតិ មានតែបុគ្គលពីរនាក់ (កឹម សុខា សម រង្ស៊ី) ហ្នឹងឬ?

ចុះមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ដែលមានឧត្តមគតិ ហើយមិនសូវមានរឿងប្រឡូកប្រឡាក់ជាមួយស្រីញី ហេតុដូចម្តេចបានជានាំគ្នាពួនសម្ងំ? ឬមួយក៏ពួកគេសុខចិត្តលក់ក្បាល ធ្វើអាមី អាថោងគេអស់មួយជីវិត ដើម្បីបំរើមេបក្សដែលម្នាក់ជាទណ្ឌិត (សម រង្ស៊ី) និងម្នាក់ទៀត (កឹម សុខា) ដែលមជ្ឈដ្ឋានទូទៅគេដឹងឮ ល្បីសុះសាយថា ជាជនអសីលធម៌នោះឬអ្វី?

ម៉្យាងវិញទៀត តើមន្ត្រីអង្គការសិទ្ធិមនុស្សដែលកំពុងពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ នៅពេលដែលពួកគេជាប់ឃុំ បាននាំឲ្យបក្សប្រឆាំងខាតប្រយោជន៍ នយោបាយកំរិតណា ហេតុអ្វីបានជាបក្សសង្គ្រោះជាតិចេញមុខការពារទាំងបំពានយ៉ាងដូច្នេះ? ឬមួយក៏ចំណាត់ការផ្លូវច្បាប់ទៅលើអ្នកទាំងនោះ មានតម្លៃស្មើនឹងបាត់កម្លាំងអន្តរាគមន៍ទ្រង់ទ្រាយធំក្នុងការសម្អុយកម្ពុជា ដែលអាចនឹងនាំឲ្យគ្រោះថ្នាក់ដល់បក្សសង្គ្រោះជាតិមែនឬ?

អ្នកតំណាងរាស្ត្របក្សសង្គ្រោះជាតិ និងជាពិសេសអ្នកវិភាគជ្រុលនិយមខ្លះ គួរគាប់បីគិតថា មិនមែនរាល់សកម្មភាពបំពានច្បាប់ទាំងអស់ របស់មន្ត្រីអង្គការសមាគម ដែលធ្វើការផ្នែកសិទ្ធិមនុស្ស សុទ្ធតែត្រូវបានរួចខ្លួនពីផ្លូវច្បាប់នោះទេ។ បើដូច្នោះមែន តើកម្ពុជាចាំបាច់ខំប្រឹង ពង្រឹងនីតិរដ្ឋធ្វើអ្វី?

ខ្ញុំសូមចោទសួរទៅវិញថា «ជាអ្នកតំណាងរាស្ត្រ ហេតុអ្វីនៅពេលនេះ ប្រជាពលរដ្ឋកំពុងជួបគ្រោះរាំងស្ងួត ខ្វះទឹកប្រើប្រាស់ក្នុងកំរិតធ្ងន់ធ្ងរ ម្តេចមិនឃើញមុខ ចុះទៅជួយដោះស្រាយបញ្ហាដែលកំពុងប្រឈម? ហេតុអ្វីបែរជាឃើញពួកតំណាងរាស្ត្រទាំងនោះនាំគ្នាសរសេរ តែសារភូតភរព្រះមហាក្សត្រ ហើយចេញផ្សាយសេចក្តីថ្លែងការណ៍បំភ័ន្តប្រជាពលរដ្ឋទៅវិញ?»

មិនត្រឹមតែប៉ុណ្ណោះ សាធារណមតិ បានដឹងយ៉ាងច្បាស់ណាស់ថា រាល់ចំណាត់ការកោះហៅទៅសាក សួររបស់មន្ត្រីនគរបាលយុត្តិធម៌ (ACU) និងការចោទប្រកាន់ ចាប់ខ្លួន ឃុំខ្លួនបុគ្គលល្មើសច្បាប់មួយចំនួននោះ គឺមិនមែនជាការយាយីរំខានដល់ការបំពេញតួនាទីរបស់ពួកគេក្នុងការបំរើ ប្រជាពលរដ្ឋ របស់មន្ត្រីសិទ្ធិមនុស្សទាំងនោះ និងសមាជិកគណបក្សប្រឆាំងឡើយ។ វាំងនននឹងបើកឡើង ក្រោយពេលសំណុំរឿងរបស់ជនពាក់ព័ន្ធ ស្ថិតដល់ដំណាក់កាលបើកសវនាការសួរដេញដោល តតាំងក្តីក្តាំនៅតុលាការ។

ទោះជាយ៉ាងណា គេបានលេចលឺថា មន្ត្រីសង្គមស៊ីវិលទាំងនោះ កន្លងមកអ្នកខ្លះពាក់អាវក្រោះ និងហ៊ានប្រកាសប្តូរជីវិត ធ្វើអ្វីៗគ្រប់យ៉ាងទាំង ទង្វើបំពានច្បាប់ក៏ហ៊ានដែរ ដើម្បីការពារបក្សសង្គ្រោះជាតិ។ និងបានឮទៀតថា កាតព្វកិច្ចចម្បងរបស់ពួកគេ គឺការពារជនល្មើសតែប៉ុណ្ណោះ។ ក្រុមអ្នកចេញមុខការពារជនកំពុងជាប់ឃុំ ក៏ត្រូវតែយល់ដឹងដែរថា ការប្រើសិទ្ធិហួសព្រំដែន ឬធ្វើសកម្មភាពណាមួយប្រឆាំងនឹងការងាររបស់ មន្ត្រីនគរបាលយុត្តិធម៌ ឬក៏រារាំង រំខាន ប្រឆាំងការងារ ឬសេចក្តីសម្រេចចិត្តរបស់តុលាការ គឺជននោះត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ (មានទោស)។

ការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងនោះ ឬអ្នកតំណាងរាស្ត្រក្នុងបទល្មើសជាក់ស្តែង ក្នុងន័យថា បើពួកគេគ្មានកំហុស ក៏គ្មានទោសដែរ។ ប៉ុន្តែបើសិនមានការចោទប្រកាន់ការឃុំខ្លួនណាមួយ គួរណាស់មន្ត្រីទាំងអស់ដែលគាំទ្រអ្នកជាប់ឃុំអស់ទាំងនោះ រួមទាំងសមាជិកសភាបក្សប្រឆាំងផងដែរ។ គួរប្រឹងប្រែងស្វែងរកមេធាវីល្អ ខ្លាំងពូកែ មានសមត្ថភាព និងត្រូវខំប្រមូលភស្តុងតាងដោះបន្ទុកឲ្យបានរឹងមាំ ដើម្បីការពារជនជាប់ចោទ នោះទើបហៅថា ក្រុមអ្នកតំណាងរាស្ត្រដែលចេះច្បាប់ និងនោះទើបហៅថា អ្នកតំណាងរាស្ត្រទៀងត្រង់ដែលលើកកម្ពស់តម្លៃនីតិរដ្ឋ នៅកម្ពុជាពិតប្រាកដ។

តាមរយៈការបកស្រាយប៉ុណ្ណេះ អាចបញ្ជាក់ជូនថា ក្រុមមនុស្សដែលកំពុងជ្រួលច្របល់ គឺអ្នកវិភាគជ្រុលនិយមមួយចំនួនជាខ្សែញាក់បំរើឲ្យ គណបក្សប្រឆាំង និងក្រុមសមាជិកសភា ដែលភូតព្រះមហាក្សត្រនេះឯង ខណៈដែលថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងជួររាជរដ្ឋាភិបាល និងបក្សកាន់អំណាច បាននិងកំពុងនៅជិត និងដោះស្រាយបញ្ហាទឹកជូនប្រជាពលរដ្ឋយ៉ាងសស្រាក់សស្រាំ៕