(ភ្នំពេញ)៖ កម្លាំងគយចល័ត បានប្រតិបត្តិការចាប់បានឡានសេរីទំនើបៗ ចំនួន៦គ្រឿងអត់ពន្ធ នៅថ្ងៃទី០៣ ខែឧសភានេះ នៅតាមគោលដៅ និងទីតាំងខុសៗគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការចុះចាប់នេះដឹកនាំដោយ លោក ព្រាប ការ៉ាត់ មន្រ្តីគយចល័តក្រោមការចង្អុលបង្ហាញ ពីប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

មន្រ្តីគយចល័តបានបញ្ជាក់ថា រថយន្តស៊េរីទំនើបៗដែលចាប់បាន រួមមាន ម៉ាក AUDI មួយគ្រឿង, Lexus ៣គ្រឿង និង Land Cruiser ២គ្រឿង។ យ៉ាងណាក៏ដោយ យើងសង្កេតឃើញថា ការចាប់បានរថយន្តគេចពន្ធស៊េរីទំនើបនៅថ្ងៃនេះ នៅតែមានចំនួនដ៏ច្រើនដដែល។

មន្រ្តីគយចល័តដដែលរូបនោះ ធ្លាប់បានបញ្ជាក់ថា ចំណូល នៃការបង់ពន្ធចូលរដ្ឋមានការកើនឡើង ហើយជាពិសេសនឹងធ្វើឲ្យឈ្នួញទាំងឡាយ មានភាពរអារ និងខ្លាចឈប់នាំចូល រថយន្តគេចពន្ធបន្តទៀត។ ទីតាំងដែលចាប់រថយន្តបានមាន៖ AUDI ចាប់បាននៅខណ្ឌចំការមន, Lexus250 ចាប់បាននៅបឹងត្របែក, Land Cruiser 012 នៅតាមបណ្តោយផ្លូវមុនីវង្ស, Land Cruiser 015 នៅក្បែរសាកលវិទ្យាល័យពុទ្ធិសាស្រ្ត, Lexus350 ចាប់បាននៅក្បែរផ្សារសូរិយា និង Lexus 460 សង្កាត់បឹងកក់១​ ខណ្ឌទួលគោក។

ពាក់ព័ន្ធនឹងសកម្មភាពបង្រ្កាបរថយន្តអត់ពន្ធនារដូវកាលចុងក្រោយនេះ មហាជនបានសម្តែងនូវការកោតសរសើរចំពោះនាយកដ្ឋានគយ និងនាយកដ្ឋាន ស្រាវជ្រាវបង្ការ និងបង្រ្កាបបទល្មើសគយ ដែលបានធ្វើសកម្មភាពយ៉ាងសកម្មចំពោះ ជនមានអំណាចនិងមានទឹកលុយ ប្រើប្រាស់រថយន្តខុសច្បាប់។ ជាងនេះទៅទៀត ការបង្រ្កាបរថយន្តអត់ពន្ធពីសំណាក់កម្លាំងគយចល័ត នឹងត្រូវធ្វើ​ឡើងជាប់ជានិច្ចដូចភ្លៀងរលឹម៕