(ភ្នំពេញ)៖ ទិវានារីអន្តរជាតិ ឬ International Women s Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។

នៅឆ្នាំ២០២២នេះ ជាខួបទី១១១ នៃទិវានារីអន្តរជាតិ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនៅលើពិភពលោក រៀបចំទិវានេះ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត»។

តើទិវានារីអន្តរជាតិនេះមានប្រវត្តិបែបណា? ហេតុអ្វីចាំបាច់រៀបចំទិវានេះ? អង្គភាពព័ត៌មាន Fresh News សូមលើកយក ប្រវតិ្តទិវានេះ មកជម្រាបជូនប្រិយមិត្តអ្នកអានដូចតទៅ៖

ទិវា នារី អន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ ពេល រាប់ សតវត្ស ដើម្បី ចូលរួម ក្នុងសង្គម ដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិច ដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បាន ផ្ដើម គំនិត ធ្វើ កូដកម្ម ផ្លូវភេទ ប្រឆាំងនឹងបុរស ដើម្បីបញ្ចប់សង្គ្រាម និងនៅអំឡុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក «សេរីភាព សមភាព ភាតរភាព» ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។

គំនិតនៃទិវានារីអន្តរជាតិ បានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និង ចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម។

ប្រវត្តិសង្ខេបនៃព្រឹត្តិការណ៍នេះ រៀបតាមលំដាប់នៃកាលវេលាដូច ខាងក្រោម៖

* ឆ្នាំ១៩០៩
យោងតាមសេចក្ដីថ្លែងការណ៍ របស់បក្សសង្គមនិយមអាមេរិក ទិវានារីជាតិលើកទីមួយ ត្រូវបានគេគោរពអបអរសាទរ ទូទាំងសហរដ្ឋអាមេរិក នៅ ថ្ងៃ ទី២៨ ខែកុម្ភៈ។ នារីបានបន្តធ្វើបុណ្យរំលឹកខួបទិវានេះ រហូតទៅដល់ថ្ងៃអាទិត្យចុងក្រោយ នៃខែនោះនាឆ្នាំ១៩១៣។

* ឆ្នាំ១៩១០
សមាគមសង្គមនិយមអន្តរជាតិ ជួបប្រជុំគ្នានៅទីក្រុង Copenhagen បានបង្កើតជាទិវានារីមួយ ដែលមានលក្ខណៈជាអន្តរជាតិ ដើម្បី អបអរ ចលនា ដើម្បីសិទ្ធិនារី និងដើម្បីជួយសម្រេចឲ្យបាន នូវសិទ្ធិបោះឆ្នោតជាសកលសម្រាប់នារី។

សំណើនេះត្រូវបានទទួល អបអរដោយមានការអនុមតិ ជាឯកច្ឆន្ទដោយសន្និសីទ របស់នារីជាង១០០នាក់ មកពីប្រទេស១៧ ដែល រួម មាន នារី ដំបូង គេ បីនាក់ត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រ សភាហ្វាំងឡង់។ ពុំមានកាលបរិច្ឆេទជាក់លាក់ ណាមួយត្រូវបានជ្រើសរើសសម្រាប់ធ្វើ ពិធី អបអរ និង គោរព ទិវានេះទេ។

* ឆ្នាំ១៩១១
ជាលទ្ធផលនៃកិច្ចពិភាក្សា ដែលបានសម្រេចនៅទីក្រុង Copenhagen កាលពីឆ្នាំមុន ទិវានារីអន្តរជាតិ ត្រូវបានគេធ្វើពិធីទទួលអបអរជាលើកដំបូង (នៅថ្ងៃទី១៩ ខែមិនា) នៅប្រទេសអូទ្រីស ប្រទេសដាណឺម៉ាក ប្រទេសអាល្លឺម៉ង់ និង ប្រទេសស្វីស ដែលក្នុងប្រទេសទាំងនោះ មាននារីនិងបុរសជាងមួយលាននាក់ បានមកចូល រួមគាំទ្រទាំងអស់គ្នា។

ជាបន្ថែមទៅលើសិទ្ធិ ក្នុងការបោះឆ្នោត និងសិទ្ធិបម្រើការងាររដ្ឋ នារីទាំងនោះបានទាមទារ ឲ្យមានសិទ្ធិក្នុងការធ្វើការងារសិទ្ធិ ទទួល ការ បណ្ដុះ បណ្ដាល និងសិទ្ធិក្នុងការបញ្ចប់ការរើសអើង ចំពោះការងារ។ ជិត មួយសប្ដាហ៍ក្រោយមក នៅថ្ងៃទី២៥ ខែមិនា សោកនាដកម្មដ៏ខ្លោចផ្សា បណ្ដាលមកពីអគ្គិភ័យ ឆាបឆេះរោងចក្រត្រីកោណផលិតអាវម៉ាដាំ រឹបរាង នៅទីក្រុងញីវយ៉កថ្មី បានផ្ដាច់អាយុជីវិតនារីបម្រើការរោងចក្រ នោះអស់ជាង១៤០នាក់ ដែលភាគច្រើនជានារីអន្តោប្រវេសន៍ អ៊ីតាលី និង ជ្វីហ្វ។

ព្រឹត្តិការណ៍នេះ មានផលប៉ះពាល់ យ៉ាងធំធេងលើច្បាប់ការងារក្នុង សហរដ្ឋអាមេរិក ហើយ លក្ខខណ្ឌ ការងារ ដែល នាំ ឲ្យ មាន គ្រោះ មហន្តរាយនេះ ត្រូវបានគេស្មិងស្មាធិ៍ រំលឹកប្រតិស្ឋអធិស្ឋាន ក្នុងអំឡុងពិធីបុណ្យជាបន្តបន្ទាប់ ដើម្បីរំលឹកទិវានារី អន្តរជាតិ។

* ឆ្នាំ១៩១៣-១៩១៤
ជាផ្នែកមួយនៃចលនាសន្តិភាព ដែលកំពុងប្រុងប្រៀបដំណើរការនៅពេល មុនព្រឹត្តិការណ៍សង្គ្រាមលោកលើកទី១ នារីរុស្សី បាន ធ្វើ ពិធី រំលឹក ខួប ទិវានារីអន្តរជាតិ របស់គេជាលើកទី១ នៅថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ឆ្នាំ១៩១៣។ នៅតំបន់ផ្សេងទៀតក្នុងអឺរ៉ុប នៅ ថ្ងៃ ឬ ប្រហែល ថ្ងៃ ទី៨ ខែមីនា នៃឆ្នាំបន្ទាប់មក នារីបានមកមូលផ្ដុំជុំគ្នា ដើម្បី ឬមួយតវ៉ាប្រឆាំងនឹងសង្គ្រាម ឬ មួយ ដើម្បី សម្ដែង សាមគ្គីភាព ជាមួយ បងប្អូន នារីៗ របស់ គេ។

* ឆ្នាំ១៩១៧
ជាមួយនឹងទាហានរុស្សី២លាននាក់ នារីរុស្សីជាថ្មីម្ដងទៀត បានជ្រើសរើសយកថ្ងៃអាទិត្យចុងក្រោយ ក្នុងខែកុម្ភៈ ដើម្បីធ្វើកូដកម្ម ទាមទារ «ចំណីអាហារហូបចុក និងសន្តិភាព»។ មេដឹកនាំនយោបាយ បានជំទាស់នឹងការកំណត់ ពេលធ្វើកូដកម្មនេះ ប៉ុន្តែទោះជាយ៉ាងណាក្ដី ក៏នារីទាំងនោះនៅតែបោះជំហានទៅមុខជានិច្ច។

ប្រវត្តិបន្ទាប់មកទៀតគឺ បួនថ្ងៃក្រោយមកស្ដេចរុស្សី (The Czar) ត្រូវបង្ខំឲ្យដាក់រាជ្យ ហើយរដ្ឋាភិបាលបណ្ដោះអាសន្ន បានផ្ដល់សិទ្ធិបោះឆ្នោតដល់នារី។ ថ្ងៃអាទិត្យប្រកបដោយអត្ថន័យសំខាន់ ជាប្រវត្តិសាស្ត្រនោះបាន ប្រព្រឹត្តឡើងចំថ្ងៃទី២៣ ខែកុម្ភៈ តាមប្រតិទិនជូល្យ៉ិនៀ (Julian Calendar =ប្រតិទិនបង្កើតដោយរដ្ឋបុរស Julius Caesar ក្នុងឆ្នាំ៤៦មុនគ្រិស្តសករាជ ដែលកំណត់ពេល១ឆ្នាំម្ដង មាន១២ខែ មួយខែៗមាន៣០ឬ ៣១ថ្ងៃ លើកលែងតែខែកុម្ភៈចេញ) ដែលកាលនោះ ត្រូវបានគេប្រើប្រាស់ក្នុងប្រទេសរុស្សី ប៉ុន្តែវាត្រូវចំថ្ងៃទី៨មីនា តាមប្រតិទិន Gregorian (គឺប្រតិទិនជូល្យ៉ិន ដែលត្រូវគេ កែទម្រង់និងដែលគេប្រើប្រាស់សព្វថ្ងៃ ដែលត្រូវគេប្រើនៅទីដទៃទៀត។ ចាប់តាំងពីឆ្នាំដំបូងៗនោះមក ទិវានារីអន្តរជាតិ មានទំហំធំធេងថ្មីជាសកលសម្រាប់នារីទាំងឡាយ ទាំងនៅក្នុងប្រទេសអភិវឌ្ឍន៍ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍ។

ការរីកធំធាត់នៃចលនារីអន្តរជាតិ ដែលត្រូវពង្រឹងដោយសន្និសីទនារី ជាសកលរបស់អង្គការសហប្រជាជាតិចំនួនបួន បានជួយធ្វើឲ្យពិធីបុណ្យរំលឹកខួប ទិវានេះជាចំណុចប្រមូលផ្ដុំមួយ សម្រាប់សម្របសម្រួលកម្លាំង ដើម្បីទាមទារសិទ្ធិនារី និងទាមទារឲ្យនារី អាចចូលរួមក្នុងដំណើរការនយោបាយ និងសេដ្ឋកិច្ច។

ទិវានារីអន្តរជាតិ កាន់តែប្រែក្លាយទៅជាពេលវេលាមួយ សម្រាប់ឆ្លុះ បញ្ចាំង លើការរីកចម្រើនដែលទទួលបាន ដើម្បីអំពាវនាវឲ្យមានការប្រែប្រួល និងធ្វើពិធីអបអរសាទរ សកម្មភាពទាំងឡាយ ដែលធ្វើដោយសេចក្ដីក្លាហាន និងការប្ដេជ្ញាចិត្តដោយនារីសាមញ្ញ ដែលបានបំពេញតួនាទីវិសាមញ្ញ ក្នុងប្រវត្តិសាស្ត្រនៃសិទ្ធិរបស់នារី៕