(ភ្នំពេញ)៖ នាយ​ឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ​និវត្តន៍ មកដល់កម្ពុជាវិញ និងបានដកស្រង់បទពិសោធន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចសិក្សាផ្លូវការ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា​ ឆ្នាំ ២០១៦ នៅសហរដ្ឋអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសធន៍ល្អៗ នៅតាមស្ថាប័នបណ្តុះបណ្តាល និងស្ថាប័នប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ចំនួន៤រួមមាន៖

១-មជ្ឈមណ្ឌលបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់សហព័ន្ឋ ដែលមានបណ្ឌិត្យសភាចំនួន១១​ចំណុះ និងមានភារកិច្ចបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់មកពីទីភ្នាក់ងារចំនួន៩៦ ទូទាំងសហរដ្ឋអាមរិក ​មានទីតាំងនៅរដ្ឋ Georgia។

២- ទីស្នាក់ការកណ្តាល ស្ថាប័នស៊ើបអង្កេតសន្តិសុខ មាតុភូមិ ដែលមានទីតាំងនៅរដ្ឋ Washington DC ។

៣- មជ្ឈមណ្ឌលអប់រំ បណ្តុះបណ្តាលមន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារថ្នាក់មូលដ្ឋាន នៃរដ្ឋ Florida។

៤-ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខ មាតុភូមិប្រចាំតំបន់ ទទួលបន្ទុកការងារអន្តោប្រវេសន៍។

ក្នុងដំណើរទស្សនកិច្ចសិក្សាខាងលើនេះ គណៈប្រតិភូ ទទួលបានលទ្ធផល ដូចខាងក្រោម៖

១. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការងារដឹកនាំគ្រប់គ្រង លើការអប់រំ បណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់។

២. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីវិធីសាស្រ្តបង្ហាត់បង្រៀន និងការរៀបចំផែនការតម្រូវការ គ្រូជំនាញឯកទេសបន្តវេន។

៣. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការហ្វឹកហាត់អនុវត្តជាក់ស្តែង និងកន្លែងហ្វឹកហាត់នានា។

៤. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីកិច្ចសហការល្អរវាងអង្គភាពប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ និងអង្គភាពអប់រំ បណ្តុះបណ្តាល ក្នុងន័យជម្រុញឲ្យការងារអប់រំបណ្តុះបណ្តាល   ឆ្លើយតបតម្រូវការអង្គភាពប្រើប្រាស់ និងសភាពការណ៍សន្តិសុខ របស់ប្រទេសជាតិ ។

៥. បានសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការរៀបចំផែនការបណ្តុះបណ្តាលប្រចំាឆ្នាំ ការរៀបចំកម្មវិធីសិក្សាតាមវគ្គ និងការគ្រប់គ្រងវគ្គសិក្សានីមួយៗ។

៦. ប្រធានស្នាក់ការកណ្តាល របស់ស្ថាប័នស៊ើបអង្កេតសន្តិសុខមាតុភូមិ សហរដ្ឋអាមេរិក និងសេនានុព័ន្ធស្ថានទូតអាមេរិកប្រចាំកម្ពុជា បានសន្យាជួយសម្របសម្រួល ឲ្យមានកិច្ចសហប្រតិបត្តិការ វាងបណ្ឌិត្យសភានគរបាលកម្ពុជា និងអង្គភាពបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់នៅសហរដ្ឋអាមេរិក។

៧.បានសិក្សាស្វែងយល់ និងដកស្រង់បទពិសធន៍ អំពីការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី និងការចាត់បញ្ជូនមន្រ្តីកំពុង បំពេញការងារមកសិក្សា ដើម្បី​បំប៉នសមត្ថភាពបន្ថែម៕