(បន្ទាយមានជ័យ)៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ នាំយកស៊ីទែនទឹកចែកជូនប្រជាពលរដ្ឋ នៅតាមបណ្តាឃុំរបស់ស្រុកស្វាយចេក និងជូនសិស្សសាលានៅស្រុក ព្រះនេតព្រះ ដើម្បីទុកស្តុកទឹក សម្រាប់ការចែកចាយ និងប្រើប្រាស់ប្រចាំថ្ងៃ។

សម្រាប់ការចែកចាយអំណោយរបស់ លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ទាំងនេះ នៅស្រុកស្វាយចេក ត្រូវបានលោក អាត់ ខែម ថ្លែងថា មានស៊ីទែនចំនួន៣០ ចំណុះ២ពាន់លីត្រ និងស៊ីទែនចំនួន២ ចំណុះ ១ម៉ឺនទៅ១ម៉ឺន៥ពាន់លីត្រ ព្រមទាំងម៉ាស៊ីនបូមទឹក ចំនួន៤គ្រឿងផងដែរ។

លោក អាត់ ខែម បានបញ្ជាក់ថា សម្រាប់ស៊ីទែនទាំងនេះ ត្រូវបានចែកជូនដល់ដៃអាជ្ញាធរ និងប្រជាពលរដ្ឋ ដើម្បីទុកដាក់ទឹកនៅតាម បណ្តាឃុំ ទុកសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋ ដែលខ្វះខាត នៅតាមតំបន់ទាំងនោះ។ ជាមួយគ្នានេះ នៅថ្ងៃដដែលនេះ លោក អាត់ ខែម ក៏បាននាំយកស៊ីទែនដាក់ទឹកចំណុះ២ពាន់លីត្រ ទៅជូនលោកគ្រូ និងអ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស នៅភូមិដូនច្រែង ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ សម្រាប់ទុកដាក់ទឹក ប្រើប្រាស់តាមតម្រូវការ។
លោកស្នងការក៏បានផ្តល់នូវថវិកាចំនួន១២០០០បាតជូនលោកគ្រូអ្នកគ្រូ សម្រាប់ស្តារស្រះនៅទីនោះផងដែរ៕