(ភ្នំពេញ)៖ The Peak ជាអគារពាណិជ្ជកម្ម ដែលខ្ពស់ជាងគេចំនួន៣ នៅភ្នំពេញកម្ពស់៥៥ជាន់ ទល់មុខមាត់ទន្លេ នៅក្បែរស្ពាននាគកោះពេជ្រ ជាមួយនឹងទុនវិនិយោគ៥៨០លានដុលា្លរ បានចាប់បុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦នេះ។

អគ្គនាយកក្រុមហ៊ុន World Bridge Land លោកឧកញ៉ា សៀ រិទ្ធី បានថ្លែងា The Peak Project ជាម្រោងអភិវឌ្ឍន៍អចលនវត្ថុមួយ ស្ថិតនៅក្រោមការគ្រប់គ្រង់ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Oxley-Gem (Cambodia) Co.,LTtd តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន Oxley International Holding Land Limited នៃប្រទេសសិង្ហបុរី ដែលជាក្រុមហ៊ុនដែលមាន សក្ដានុពលខាងធនធានហិរញ្ញវត្ថុ ធនធានមនុស្ស និងបទពិសោធន៍លើវិស័យសំណង់អគារធំៗ ខ្ពស់ៗហើយប្រណិត ហើយថែមទាំងទទួលបានកិត្ដិស័ព្ទ ដ៏ល្បីល្បាញខាងវិស័យអភិវឌ្ឍសំណង់អចលនវត្ថុ នៅសិង្ហបុរីជាច្រើនឆ្នាំមកហើយរួមជាមួយ Worldbridge Land សព្វថ្ងៃនេះ។

លោកបន្ថែមថា ក្នុងគម្រោងសាងសង់នេះ មានអគារភ្លោះកម្ពស់៥៥ជាន់ដ៏ប្រណីត និងសណ្ឋានគារ The Shangri-La Hotel  ដែលប្រកបដោយកិត្យានុភាព ក្នុងពិភពលោកជាយូរណាស់មកហើយ ឥឡូវបានចាប់ផ្ដើមសាងសង់ក្នុងទឹកកម្ពុជា ដែលគម្រោងនេះ មានចំណុះសរុប ចំនួនប្រមាណ១០១៤ Unite។

លោក Ching Chiat Kwong អគ្គនាយកនិងជានាយកប្រតិបត្ដិនៃក្រុមហ៊ុន Oxley International Holding Land Limited  បានថ្លែងផងដែរថា អគារពាណិជ្ជកម្មមួយនេះ នឹងចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជាមួយផ្នែក រួមទាំងជួយលើកស្ទួយ ដល់កិត្យានុភាពជាតិលើវិស័យសំណង់ និងស្ថាបត្យកម្មក្នុងរាជធានីភំ្នពេញ ដែលជាក្រុងនៃរបបនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងទេសចរណ៍ ជាមួយប្រមុខរាជរដ្ឋាភិបាល កម្ពុជា ស្របតាមកាលានុវត្ដភាព នៃកិច្ចអភិវឌ្ឍសង្គមឲ្យឆ្ពោះ ទៅកាន់វឌ្ឍនភាពជាតិរុងរឿងមួយ ផងដែរ។

លោកបន្ថែមថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នឹងជួយលើកកម្ពស់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា ឲ្យក្លាយទៅជាពលរដ្ឋរស់នៅ ក្នុងសង្គមមួយប្រកបដោយ ហេដ្ឋារចនាសម្ព័ន្ធល្អ មានសំណង់អគារខ្ពស់ៗ ប្រណីតៗយ៉ាងទាន់ទំនើបទាន់សម័យកាល។ពិសេសនៅរសៀលនេះ ក៏មានការបើក Showroom Grand Opening ដែលមានតារាល្បីៗនៅប្រទេសថៃចូលរួមផងដែរ»

សូមបញ្ជាក់ថា អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅរាជធានីភ្នំពេញ របស់ក្រុមហ៊ុន World Bridge Land នៅកម្ពុជាបានចាប់ដៃគូជាមួយ ក្រុមហ៊ុន Oxley Holding International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានវិនិយោគទុនជាង ៥៨០លានដុល្លារ ជាមួយអគារចំនួនបី កម្ពស់៥៥ជាន់ ដែលគម្រោងនេះ បានចាប់ផ្ដើមបុកគ្រឹះសាងសង់នៅថ្ងៃទី៣ ឧសភានេះ នឹងនឹងបញ្ចប់ទៅវិញក្នុងឆ្នាំ២០២០ ពិសេស Shangri-La ជាសណ្ឋាគារលំដាប់ផ្កាយប្រំាដ៏ប្រណីត ជាមួយអគារការិយាល័យកម្ពស់ ៥៥ជាន់ នេះ៕