(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រទេសកម្ពុជាកំពុងប្រឹងប្រែងក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ខណៈប្រទេសចិន និងដៃគូផ្សេងទៀត ក៏បានចូលរួមយ៉ាងសកម្មដើម្បីលុបបំបាត់ជំងឺនេះជាដើម។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «អីឡូវហើយកំពុងដាក់ផែនការច្រើនណាស់ រាប់ទាំងផែនការបំបាត់ជំងឺគ្រុនចាញ់ ឱ្យបានចប់នៅឆ្នាំ២០២៥ ហើយយុទ្ធនាការនេះដៃគូរបស់យើងក្នុងហ្នឹងមានសាធារណរដ្ឋប្រជាមានិតចិន ក៏កំពុងតែចូលរួមយ៉ាងសកម្មនៅក្នុងការបំបាត់ជំងឺគ្រុនចាញ់ មិនមែនគ្រាន់តែជាមួយកម្ពុជាទេ សហប្រតិបត្តិការនេះ គឺមានរវាងមេគង្គ-ឡានឆាង ដែលប្រទេសនៅតាមដងទន្លេមេគង្គ ជំងឺគ្រុនចាញ់មានខ្ពស់ណាស់ អញ្ចឹងបាននៅក្នុងកម្មវិធីមេគង្គ-ឡានឆាង ដែលប្រជុំទី១ នៅចិន ប្រជុំទី២ នៅកម្ពុជា ប្រជុំទី៣ នៅឡាវ ក៏មានផ្នែកយកចិត្តទុកដាក់ការបំបាត់នូវជំងឺគ្រុនចាញ់ ដៃគូដទៃទៀតរបស់យើងក៏បានចូលរួម ដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥»

បន្ថែមពីនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ចូលកំភ្លេចថាគ្រាន់តែនៅតាមផ្លូវជាតិលេខ៧ ដែលតភ្ជាប់ឡើងទៅខេត្តក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងតំបន់មួយចំនួនក្នុងស្រុកតំបែរ ស្រុកទឹកជ្រៅ និងផ្នែកខ្លះនៃស្រុកមេមត់ គឺជាតំបន់មានការឆ្លងជំងឺគ្រុនចាញ់ខ្ពស់ខ្លាំងណាស់ ក៏ប៉ុន្តែ បច្ចុប្បន្ននេះ សម្រាប់តំបន់ទាំងនោះពុំមានករណីឆ្លងជំងឺគ្រុនចាញ់ទៀតនោះទេ ក៏ប៉ុន្តែ កម្ពុជានៅសល់ផ្នែកខ្លះទៀត ត្រូវបន្តលុបបំបាត់ជំងឺនេះឱ្យអស់ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ដោយឡែកសម្រាប់សមិទ្ធផលមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីជនបទនោះ គឺមានសារៈដ៏សំខាន់សម្រាប់គាំពារដល់សុខុមាលភាពប្រជាពលរដ្ឋទាន់ពេលវេលា។

«យើងនឹកឃើញពីអតីតកាលរបស់យើងដ៏លំបាក ដែលយើងត្រូវដឹកអ្នកជំងឺពីកន្លែងមួយទៅកាន់កន្លែងមួយដ៏លំបាកហើយគ្មានមធ្យោបាយដឹកទៅទៀត ហើយបើមានមធ្យោបាយដឹក ពេលនោះការតភ្ជាប់ផ្លូវថ្នល់ក៏មិនទាន់មាន»។ នេះជាគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានឹងការដាក់ចេញយុទ្ធសាស្ត្រ ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់, នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានរំឮកឡើងថា ក្រោយពេលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលក្រោមការដឹកនាំរបស់របប ប៉ុល ពត ដែលបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសបានបន្សល់ទុកនូវជំងឺរ៉ាំរ៉ៃ ប៉ុន្តែ ក្រោយពីទទួលបានសុខសន្តិភាពកម្ពុជា បានងើបឡើងវិញជាបន្តបន្ទាប់។

ដោយឡែកនាដំណាក់កាលដែលកម្ពុជា កំពុងតែកសាងមាតុភូមិមួយដែលរងខ្ទេចខ្ទីដោយសារតែភ្លើងសង្គ្រាមនោះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា បានសម្រេចការលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងមុនការកំណត់ ខណៈនាដំណាក់កាលនោះសម្តេចមានការបារម្ភខ្លាំងណាស់ ព្រោះថារដ្ឋាភិបាលបានដាក់គោលដៅ លុបបំបាត់ជំងឺនេះនៅត្រឹមឆ្នាំ២០០០ ប៉ុន្តែ អ្វីដែលជាក្តីកង្វល់របស់សម្តេច គឺបន្ទាប់ពីអង្គការសហប្រជាជាតិ បានដកខ្លួនចេញពីកម្ពុជា គឺបានបន្សល់ទុកឱ្យកម្ពុជា មានតំបន់២ និងរដ្ឋាភិបាល២ ហើយសង្គ្រាមស៊ីវិលនៅតែបន្ត លើសពីនេះអ្វីដែលសម្តេចត្រូវគិតខ្លាំងជាងគេថា តើយើងអាចមានលទ្ធភាពយកវ៉ាក់សាំង ដើម្បីចាក់ជូនកុមារ ដែលរស់នៅក្នុងតំបន់ដែលកំពុងតែគ្រប់គ្រងដោយពួកខ្មែរក្រហម ដែរ ឬទេ?។

បើតាមប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា វាជាភ័ព្វសំណាងរបស់កម្ពុជា ដែលនយោបាយឈ្នះឈ្នះ របស់សម្តេចបានចាប់ផ្តើមពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ១៩៩៨ កម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមស៊ីវិលបានទាំងស្រុង ហើយកម្ពុជា ក៏បានបិទបញ្ចប់ជំងឺគ្រុនស្វិតដៃជើង តាមកាលកំណត់ តាមរយៈការទទួលវ៉ាក់សាំងគ្រប់ៗគ្នា គិតចាប់តាំងពីឆ្នាំ២០០០មក កម្ពុជា មិនមានកុមារណាម្នាក់មានជំងឺគ្រុនស្វិតដៃជើងនោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំឮកឡើងថា បើទោះបីកម្ពុជាមានការខ្វះខាតសម្ភារបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើង។ បន្ថែមពីនេះ ដើម្បីប្រយុទ្ធប្រឆាំងជំងឺគ្រុនស្វិតដៃជើងនេះ រាល់ពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងកម្ពុជា សម្តេចតែងស្នើដល់ប្រទេសទាំងនោះ ផ្តល់ឱកាសឱ្យកុមារកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺគ្រុនស្វិតដៃជើងនេះ៕