(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីរំពឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត។

ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បង្ហាញក្តីរំពឹងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «យើងសង្ឃឹមថា វ៉ាក់សាំងនឹងត្រូវបានផ្តល់ជំនួយដោយសាធារណរដ្ឋប្រជាមានិតចិន បន្តទៀត ហើយនិងដៃគូអភិវឌ្ឍន៍ខ្លះ ក៏គ្រោងនឹងដឹកមក នៅក្នុងខែមីនានេះ»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា វ៉ាក់សាំង គឺជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជា ព្រោះបើគ្មានការចាក់វ៉ាក់សាំង ភាពស៉ាំក្នុងសហគមន៍មិនអាចកើតមានឡើយ ហើយសកម្មភាពសេដ្ឋកិច្ចក៏មិនអាចដំណើរការបានដែរ។

របាយការណ៍ក្រសួងការពារជាតិកម្ពុជា ចេញផ្សាយថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ ជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួន ២,៧៥៩,៨៤៤នាក់, ចាក់ដូសទី២ បានចំនួន ២,៧៣២,៣៨០នាក់, ដូសទី៣ចំនួន ១,៩៥៣,៧៣២នាក់ និងដូសទី៤ ចំនួន២១៣,២០៧នាក់។

ចិនបានក្លាយជាប្រទេសនាំមុខគេ ក្នុងការផ្តល់វ៉ាក់សាំងដល់កម្ពុជា។ នៅឆមាសទី១ ឆ្នាំ២០២២នេះដែរ វ៉ាក់សាំង ៨លានដូសទៀត ក្នុងនោះការបញ្ជាទិញ ៣លានដូស ពីប្រទេសចិន នឹងមកដល់កម្ពុជា។

បន្ថែមលើនេះ នៅក្នុងខែមីនា ឆ្នាំ២០២២ ប្រទេសនៅអឺរ៉ុបមួយចំនួន បានឲ្យដឹងថា នឹងបញ្ជូនវ៉ាក់សាំងឲ្យកម្ពុជា។ ប៉ុន្តែ បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន កាលបរិច្ឆេទនៃការផ្តល់ គឺជាពេលដែលវ៉ាក់សាំងជិតអស់សុពលភាពទៅហើយ ហេតុនេះសម្តេចតេជោ ហ៊ុន សែន បានអះអាងទុកជាមុនថា បើទោះបីកម្ពុជាអត់មានវ៉ាក់សាំង ក៏មិនប្រើវ៉ាក់សាំងដែលហួសសុពលភាពនោះដែរ៕