(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ រួមជាមួយនារី៦២នាក់ដែលជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធនៅជុំវិញស្រុកតាំងគោក បានចូលរួមប្រារព្ធពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ក្រោមមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២។

បរិយាកាសនៃការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា នៅមូលដ្ឋានស្រុកតាំងគោកនេះ គឺពិតជាប្រកបដោយភាពរីករាយ សាមគ្គីភាព ភាតរភាព ដែលបានស្ដែងឱ្យឃើញពីគំរូនៃការលើកកម្ពស់សមភាពយេនឌ័រ រួមទាំងមានការប្រគល់វត្ថុអនុស្សាវរីយ៍ជូនស្ត្រី-នារីដែលបានចូលរួមក្នុងពិធីនេះផងដែរ។

នាឱកាសនោះ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានឱ្យដឹងថា ការលើកយកមូលបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» សម្រាប់ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២នេះ បានរំលេចឱ្យឃើញថា ស្រ្តី និងបុរសជាដៃគូស្មើភាព ហើយមូលបទនេះបានបញ្ជាក់អំពីតម្លៃនៃការទទួលបាននូវសមភាពរវាងស្រ្តី និងបុរស សម្រាប់ការអភិវឌ្ឍជាតិនៅលើគ្រប់វិស័យ និងជំរុញឱ្យគ្រប់អ្នកពាក់ព័ន្ធបន្តអនុវត្តវិធានការផ្នែកគោលនយោបាយកម្មវិធីយុទ្ធនាការ និងសកម្មភាពជាក់លាក់នានាក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ និងវិធានការយ៉ាងហ្មត់ចត់ម៉ឺងមាត់ ក្នុងអំឡុងពេលជួបវិបត្តិជាសកលនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមាននានា និងអាចរស់នៅបានជាមួយនឹងជំងឺកូវីដ-១៩ ប្រកបដោយសុវត្ថិភាព ដោយកំណត់យកការចាក់វ៉ាក់សាំងជាយុទ្ធសាស្ត្រគន្លឹះ ដើម្បីបង្កើតភាពសាំក្នុងសហគមន៍។ ជាការពិតណាស់ ការអនុវត្តវិធានការសុខាភិបាល និងវិធានការចាំបាច់នានា ពិតជាផ្ដល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី។

លោកអភិបាលស្រុកតាំងគោកបានបញ្ជាក់ថា ស្ត្រីបានចូលរួមយ៉ាងច្រើននៅគ្រប់សកម្មភាព ក្នុងនោះបានរួមចំណែកធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងសន្តិសុខសង្គម លើកកម្ពស់ស្ថានភាពជីវភាព ឋានៈ តួនាទី និងតម្លៃស្ត្រី រួមទាំងសីលធម៌ សង្គម វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់កម្ពុជា ហើយបានជំរុញដល់នារីបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា។

នាឱកាសនោះដែរ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានដឹកនាំសកម្មភាពចុះសួរសុខទុក្ខស្ត្រី-នារីជាក្រុមប្រឹក្សាឃុំដែលមានវិជ្ជមានកូវីដ១៩ ដោយមានអំណោយជំនួយមួយចំនួនមានដូចជាថ្នាំផ្ដាសាយ គ្រឿងឧបភោគ-បរិភោគ និងថវិកា។ ម្យ៉ាងទៀត លោកក៏បានចុះសួរសុខទុកស្ត្រីជាភរិយារបស់កងកម្លាំងសមត្ថកិច្ចដែលសម្រាលកូនដោយលំបាក ដោយមានជំនួយជាគ្រឿងឧបភោគ-បរិភោគ និងថវិកាមួយចំនួនផងដែរ៕