(ត្បូងឃ្មុំ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងពីការចាប់អារម្មណ៍ របស់ប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកវិភាគស្ថានភាពនយោបាយ និងអ្នកសារព័ត៌មាន ទៅលើសម្តីរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលេនស្គី ដែលបានលើកឡើងថា «នៅពេលនេះសន្តិភាព មានតម្លៃជាងរឿងអ្វីៗទាំងអស់ សម្រាប់អ៊ុយក្រែន» ដែលបង្ហាញឲ្យឃើញថា សន្តិភាពមានតម្លៃមហាសាល ដែលគ្រប់ប្រទេសទាំងអស់ត្រូវការបំផុត។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលប្រទេសមិនទាន់មានសង្គ្រាមនាំគ្នាស្រែករកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែនៅពេលមានសង្គ្រាម ទើបយល់ពីតម្លៃនៃសន្តិភាព។ ចំណែកកម្ពុជាវិញ បានកំណត់យកសន្តិភាព ជាអាទិភាពជាង២០ឆ្នាំមកហើយ ដើម្បីធានាបាននូវសិទ្ធិរស់រានមានជីវិតជូនប្រជាជន។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបលើដីជនបទ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃនេះបងប្អូនយើងធ្វើអត្ថាធិប្បាយ នៅពេលដែលប្រធានាធិបតីអ៊ុយក្រែន និយាយថា អាទិភាពកំពូល គឺសន្តិភាព ប៉ុន្តែកម្ពុជាបានរកចិត្តទុកដាក់លើរឿងសន្តិភាពជាង២០ឆ្នាំហើយ បើនិយាយឲ្យពិតទៅយើងបានប្រឹងប្រែងជាង៤០ឆ្នាំ ដើម្បីតែសន្តិភាពមួយ តើយើងបណ្តែតបណ្តោយឲ្យមនុស្សមួយក្រុម បំផ្លាញសន្តិភាពយើងបានទេ? ឥឡូវការជាក់ស្តែងបានកើតឡើងនៅអ៊ុយក្រែន អ៉ីរ៉ាក់ ស៉ីរី លីប៊ី យ៉េមែន។ ប្រទេសនៅអឺរ៉ុបទោះបីមិនទាន់ទទួលការវាយប្រហារ ក៏កំពុងផ្តោតការយកចិត្តទុកដាក់សន្តិភាពនៅអឺរ៉ុប»

សម្តេចតេជោបានថ្លែងថា «ឥឡូវដល់ប្រទេសមានសង្គ្រាមស្រែករកសន្តិភាព កាលពីមុនអត់ស្រែករកសន្តិភាពទេ ស្រែករកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដល់ឥឡូវប្រជាធិបតេយ្យក៏បាត់ សិទ្ធិមនុស្សក៏បាត់ ឯមនុស្សក៏ស្លាប់។ ឯយើងនៅទីនេះ យើងយកចិត្តដាក់ជាអាទិភាពកំពូល គឺសន្តិភាព ដើម្បីធានានូវសិទ្ធិរស់រានមានជីវិត បើមានសិទ្ធិរស់រានមានជីវិតហើយ សិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សត្រូវបានធានា បើស្លាប់ហើយបានអីធានាទៀត»

សម្តេចតេជោសង្ឃឹមថា មជ្ឈដ្ឋានខាងក្រៅយល់ច្បាស់ពីកម្ពុជា ដែលកំណត់យកការងារសន្តិភាពជាអាទិភាព ព្រោះមិនអាចបង្កើនឲ្យសង្គ្រាមរួចហើយ បានស្វែករកសន្តិភាពឡើងវិញតាមក្រោយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិតណាស់តម្រូវការក្នុងសង្គមពិតជាបញ្ហាកើតឡើង ហើយបញ្ហាទាំងអស់នោះទាមទារឲ្យមានការអត់ធ្មត់ដោះស្រាយ តាមផ្លូវសីលធម៌ ផ្លូវច្បាប់ ប៉ុន្តែកុំមានការអំពាវនាវឲ្យមានជាចលនា សង្គ្រាមកើតឡើងឲ្យសោះ ទោះក្នុងតម្លៃណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត។

សូមជម្រាបថា កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសប្រាប់ពិភពលោកថា នៅពេលនេះសន្តិភាព គឺមានសារៈសំខាន់បំផុត ជាងរឿងអ្វីៗទាំងអស់ ហើយលោកមិនចង់ឱ្យប្រទេសរបស់លោក ជួបប្រវិត្តសាស្ត្រ ដូចនៅក្នុងសម័យក្រិកបុរាណ ដែលកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។

ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបញ្ជាក់ដូច្នេះថា «ខ្ញុំមិនចង់ឃើញអ៊ុយក្រែន ជួបប្រវត្តិសាស្ត្រដូចសម័យកងទ័ពស្ប៉ាកតាន (Spartans) ៣០០នាក់ ត្រូវតស៊ូប្រយុទ្ធជាមួយកងទ័ពពែក្សរាប់សែននាក់នោះទេ។ ខ្ញុំត្រូវការសន្តិភាព, ខ្ញុំពិតជាត្រូវការសន្តិភាព សម្រាប់ប្រទេសរបស់ខ្ញុំ»