(ភ្នំពេញ)៖ លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានកោតសរសើរ និងយល់ស្របចំពោះទស្សនៈរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើសង្គ្រាមនៅអ៊ុយក្រែន ដែលថា «មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបានទេ»។

ថ្លែងនៅក្នុងឱកាសចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ លោកអគ្គរដ្ឋទូតចិន បានលើកឡើងដូច្នេះថា៖ «យើងបានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងខ្លាំង យើងយល់ឃើញថា សង្រ្គាមត្រជាក់បានបញ្ចប់ជាយូរយាណាស់មកហើយ អង្គការណាតូ គួរតែបោះ បង់ចោលគំនិតសង្គ្រាមត្រជាក់ដោយផ្អែកលើការប្រឈមមុខដាក់គ្នា ឱ្យបានឆាប់»

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងបទសម្ភាសជាមួយ Fresh News ជុំវិញស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន សម្តេចតេជោ ហ៊ុន សែន ដែលធ្លាប់ឆ្លងកាត់ដំណាក់កាលសង្គ្រាម និងជាបិតាស្ថាបនិកនៃសន្តិភាពប្រទេសកម្ពុជា បានលើកឡើងថា កងទ័ពរបស់ប្រទេសរុស្ស៉ី ប្រហែលជាមិនអាចផ្តួលរំលំប្រទេសអ៊ុយក្រែន តាមរយៈការប្រើប្រាស់កម្លាំងយោធាបានទេ ចំណែកឯយោធារបស់អ៊ុយក្រែនក៏មិនអាចកំទេចកម្លាំងយោធារបស់រុស្ស៉ីបានដែរ ពោលគឺ «មិនអាចយកសង្រ្គាមបញ្ចប់សង្រ្គាមបាននោះទេ» នៅសល់ច្រកចេញតែមួយគត់ គឺការចរចាដោះស្រាយដោយសន្តិវិធី។

លោក វ៉ាង វិនធាន បានបញ្ជាក់ថា «ការទាមទារ សន្តិសុខសមរម្យរបស់រុស្ស៉ី គួរតែត្រូវបានដោះស្រាយឱ្យបានត្រឹមត្រូវ ប្រទេសចិន គាំទ្រអង្គការណាតូ (សហភាព អឺរ៉ុប) និងរុស្ស៉ី ឱ្យចាប់ផ្តើមធ្វើការសន្ទនាឡើងវិញ និងកសាងយន្តការសន្តិសុខ នៅអឺរ៉ុបប្រកបដោយតុល្យភាព ប្រសិដ្ឋភាព និងនិរន្តរភាព»

លោកថ្លែងថា ប្រទេសចិនតែងប្រឆាំងនឹងការដាក់ទណ្ឌកម្មខុសច្បាប់ ដោយឯកតោភាគីលើប្រទេសមួយដែលមានអធិបតេយ្យភាព។ ការដាក់ទណ្ឌកម្មទៅលើរុស្ស៉ី មិនត្រឹមតែមិនអាចជួយអ្វីបាន ប៉ុន្តែនឹងរំខានដល់ដំណោះស្រាយវិបត្តិនៅអ៊ុយក្រែនថែមទៀត។ ជាមួយគ្នានេះ ចិនស្វាគមន៍ចំពោះការចរចាដោយផ្ទាល់រវាងរុស្ស៉ី និងអ៊ុយក្រែន និងគាំទ្រលើកទឹកចិត្តដល់ការខិតខំប្រឹឹងប្រែងតាមការទូតដែលនឹងជួួយដោះស្រាយវិបត្តិអ៊ុយក្រែនដោយសន្តិវិធី។

រហូតមកដល់ពេលនេះ សង្គ្រាមនៅអ៊ុយក្រែន ដែលកើតឡើងដោយសារវាយលុយពីសំណាក់កងទ័ពរុស្ស៉ី បានអូសអន្លាយរយៈពេល១១ថ្ងៃមកហើយ។ រុស្ស៉ីបានអះអាងថា ខ្លួនបានវាយដណ្តើមបានក្រុងធំៗមួយចំនួន នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនបានរាយការណ៍ថា ទាហានរុស្ស៉ីមិនតិចជាង១ម៉ឺននាក់នោះទេ បានស្លាប់ដោយការតបតរបស់ទាហានអ៊ុយក្រែន៕