(ព្រះវិហារ)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភិរយា កាលពីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ បានអញ្ជើញនាំយកអំណោយដ៏សប្បរសធម៌របស់សម្ដេចតេជោ និងសម្តេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

អំណោយត្រូវបានលោក សេង ទៀង និងភរិយា នាំយកប្រគល់ជូនដល់ដៃគ្រួសារកូនភ្លោះបី នៅលំនៅដ្ឋានក្នុងភូមិតស៊ូ ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ។ អំណោយដ៏សប្បុរសធម៌ទាំងនោះរួមមាន ថវិកា ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។

ទារកភ្លោះទាំងបីនាក់នេះ ប្រសូត្រនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលសុខភាពខេត្តព្រះវិហារ។ ទារកភ្លោះទាំងបីនាក់នេះ ជាកូនលើកទី២ របស់គ្រួសារលោក វ៉ា ឡាដូ អាយុ ២៥ឆ្នាំ មន្ត្រីយោធាខេត្តព្រះវិហារ និងអ្នកស្រី ឡៃ ស្រីរ័ត្ន អាយុ ២១ឆ្នាំ មុខរបរជាកសិករ។

ក្នុងឱកាសនោះ លោក សេង ទៀង មានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់គ្រួសារទទួលបានកូនភ្លោះបីនេះ។ លោក សេង ទៀត បានបញ្ជាក់ថា ជានិច្ចកាលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ក្នុងប្រទេសកម្ពុជា។

ជំនួយការផ្ទាល់របស់សម្តេចតេជោ ក៏បានឱ្យដឹងដែរថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោល គឺរយៈពេលជាង ២៣ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន ៣៨៦គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាក ការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោក សេង ទៀង បន្តថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឱ្យសកម្មភាពនយោបាយនោះឡើយ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់។

លោក សេង ទៀង បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ ដោយប្រកាន់ខ្ជាប់នូវឥរិយាបថរស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុល ឬទឹកលាងដៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ជាពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា និងគ្មានការរើសអើងអ្វីទាំងអស់៕