(ភ្នំពេញ)៖ លោកស្រី ទូច សារ៉ុម សមាជិកាអចិន្ត្រៃយ៍គណៈកម្មាធិកាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោក ម៉ម ឡេងយ៉ានី ប្រធានក្រុមការងារចុះជួយសង្កាត់គីឡូម៉ែត្រលេខ៦ លោក ជុំ បាយ័នវិបុល ប្រធាក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ រួមដំណើរដោយលោកស្រី សួស សូលីដា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងថវិកាដល់មន្ត្រីក្រោមឱវាទ ដូចជាមេភូមិ នាយប៉ុស្តិ៍ សមាជិកាសមាគមនារីសង្កាត់ និងមន្ត្រីពាក់ព័ន្ធចំនួន៧៧នាក់។

ការឧបត្ថម្ភនេះគឺដើម្បីទុកជាវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីជួបសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលរៀបចំឡើងនៅសាលាសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំខណ្ឌទាំងអស់នៅក្នុងកម្មវិធីអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

បន្ថែមពីនេះ ថ្នាក់ដឹកនាំខណ្ឌទាំងអស់ក៏បានក្រើនរំលឹកឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឲ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឲ្យមានការអនុវត្តឲ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។

សូមជម្រាបថា សម្រាប់មេភូមិ នាយប៉ុស្តិ៍ សមាជិកាសមាគមនារីសង្កាត់ និងមន្ត្រីពាក់ព័ន្ធ ចំនួន៧៧នាក់ ដែលទទួលបានវត្ថុអនុស្សាវរីយ៍ នៅក្នុងកម្មវិធីសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ គឺក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់១ដុំ សៀវភៅ១ក្បាល និងថវិកាចំនួន៣០,០០០រៀល ដោយក្នុងនោះលោក ឯក ឃុនដឿន ឧបត្ថម្ភក្រក្រណាត់សំពត់៧៧ដុំ សៀវភៅ៧៧ក្បាល និងថវិកាក្នុងម្នាក់ៗ ២០,០០០រៀល និងលោក ម៉ម ឡេងយ៉ានី ឧបត្ថម្ភក្នុងម្នាក់១០,០០០រៀល៕