(ឧត្តរមានជ័យ)៖ ផ្ទះរបស់ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យសរុបជិត១០០ខ្នង បានរងការខូចខាតដោយសារភ្លៀងខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់។ នេះបើតាមអាជ្ញាធរនៅតាមមូលដ្ឋានដែលកើតហេតុការណ៍ ដែលបានបញ្ជាក់ប្រាប់នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២នេះ។

នៅខេត្តឧត្តរមានជ័យ លំនៅឋានរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន៧៧ខ្នងរបើកដំបូល និងដូលរលំចំនួន២ខ្នង ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង រួមមានភូមិរំដួលជើងភ្នំ ភូមិបុស្ស ភូមិគិរីវ័ន្ដ ភូមិសំរោងសែនជ័យ១ ភូមិត្រពាំងតាវចាស់ ភូមិទំនប់ចាស់ ក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

នៅខេត្តបន្ទាយមានជ័យវិញ គ្រោះធម្មជាតិនេះបានបង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ១៣គ្រួសារ នៅភូមិសំបួរ ភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដោយប៉ើងដំបូល និងសរសរធ្លាក់ដល់ដី។

ក្រោយពីរងគ្រោះដោយខ្យល់កន្ត្រាក់រួចមក គេឃើញមានវត្តមានមន្ត្រីមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចចុះមកជួយអន្តរាគម៍ជួយរៀបចំ និងត្រៀមជួសជុលផ្ទះដែលខូចខាតនៅពេលខាងមុខផងដែរ៕