(ភ្នំពេញ)៖ លោក ម៉ន គ្រីយ៉ា ប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី២ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ រួមដំណើរដោយលោកស្រី សួស សូលីដា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងលោក វ៉ាន់ ផន ចៅសង្កាត់ បានឧបត្ថម្ភសម្ភារប្រើប្រាស់ និងថវិកាដល់មន្ត្រីក្រោមឱវាទ ដូចជាមេភូមិ មន្ត្រីនាយរងប៉ុស្តិ៍ សមាជិកាសមាគមនារីសង្កាត់ និងអ្នកគ្រូក្នុងមូលដ្ឋានសង្កាត់ចំនួន៦០នាក់។

ការឧបត្ថម្ភនេះគឺដើម្បីទុកជាវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីជួបសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត» ដែលរៀបចំឡើងនៅសាលាសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២។

លោក ម៉ន គ្រីយ៉ា និងលោក ឯក ឃុនដឿន បានលើកឡើងថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្ត និងផ្តល់ឱកាសទូលាយចំពោះស្រ្តីអោយចូលរួមការងារសង្គម នយោបាយ និងពាណិជ្ជកម្មជាដើម។ ស្រ្តីជាច្រើនបានកំពុងកាន់តួនាទីជាអ្នកសម្រេចចិត្ត ទាំងក្នុងវិស័យសាធារណៈ និងឯកជន។ រាជរដ្ឋាភិបាលបានកំណត់ថា ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ និងសង្គម គ្រួសារ និងសង្គមមិនអាចខ្វះស្ត្រីបានឡើយ។

ប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី២ និងលោកអភិបាលខណ្ឌឫស្សីកែវ ក៏បានក្រើនរំលឹកឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេងស្រីសម្រាប់បន្តវេន ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពីមត្តេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឲ្យលះបង់ការសិក្សានៅគ្រប់កម្រិត និងការទប់ស្កាត់មិនឲ្យមានអំពើហិង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រីនៅក្នុងសាលា និងឲ្យមានការអនុវត្តឲ្យសកម្មផុលផុសនៃយុទ្ធនាការដើម្បីប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ប្រដាប់អាវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ។

សូមជម្រាបថា សម្រាប់មេភូមិ មន្ត្រីនាយរងប៉ុស្តិ៍ សមាជិកាសមាគមនារីសង្កាត់ និងអ្នកគ្រូក្នុងមូលដ្ឋានសង្កាត់ចំនួន៦០នាក់ ដែលទទួលបានវត្ថុអនុស្សាវរីយ៍នៅក្នុងកម្មវិធីសំណេះសំណាល និងអបអរសាទរខួបទី១១១ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២២ គឺក្នុងម្នាក់ៗទទួលបានក្រណាត់សំពត់១ដុំ សៀវភៅ១ក្បាល និងថវិកាចំនួន៣០,០០០រៀល ដោយក្នុងនោះលោក ឯក ឃុនដឿន ឧបត្ថម្ភក្រណាត់សំពត់៤៥ដុំ សៀវភៅ៤៥ក្បាល និងថវិកា៩០០,០០០រៀល និងលោក ម៉ន គ្រីយ៉ា ឧបត្ថម្ភថវិកាចំនួន៤៥០,០០០រៀល៕