(ស្វាយរៀង)៖ ក្នុងពេលសំណេះសំណាលជាមួយសមាជិក-សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ បានចាត់ទុកយុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំសម្រាប់អនាគតប្រទេសជាតិ។

លោកទេសរដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ជាប្រធាន ក៏ដូចជា ស.ស.យ.ក ខេត្តស្វាយរៀង និងស.ស.យ.ក ក្រុងបាវិត ក្រោមការដឹកនាំរបស់លោក ឌី វិជ្ជា ដែលបំពេញការងារយ៉ាងសកម្មសម្រាប់ជាតិមាតុភូមិ ការងារសង្គម និងការអប់រំជាដើម ជាពិសេសការចូលរួមដល់ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ក្នុងឱកាសនេះ លោកទេសរដ្ឋមន្រ្តីបានសម្តែងនូវកត្តញ្ញូតាធម៌ និងការដឹងគុណជូនចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងអតីតយុទ្ធជន ដែលបានពលី សាច់ស្រស់ ឈាមស្រស់ ដើម្បីភាពសុខក្សេមក្សាន្ត និងការអភិវឌ្ឍឥតឈប់ឈរសម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ជាពិសេសការបញ្ចប់សង្រ្គាមទាំងស្រុងនៅប្រទេសកម្ពុជា ដែលរហូតដល់ពេលបច្ចុប្បន្ននេះ សន្តិភាពពេញលេញទូទាំងប្រទេស ទើបមានអាយុកាលជាង២៣ឆ្នាំប៉ុណ្ណោះ ក្រោមគោលនយោបាយឈ្នះ-ឈ្នះនាចុងឆ្នាំ១៩៩៨ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាស្ថាបនិក មគ្គទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្នើម។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងសាងសង់នូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំមួយឆ្ពោះទៅមុខជានិច្ចសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាយុវជនទាំងអស់ក្នុងការផ្តល់នូវឱកាសគ្មានដែនកំណត់ ដើម្បីទទួលបាននូវរបបការងារ សុខដុមរមនា និងការថែទាំសុខមាលភាព ដែលទាំងអស់គ្នាត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាឲ្យខាងតែបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដ៏ឆាប់រហ័ស ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ។

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ប្រាប់យុវជនទាំងអស់ថា ការដឹងគុណ និងកត្តញ្ញូតាធម៌របស់យុវជនដល់ថ្នាក់ដឹកនាំ គឺជាការឆ្លុះបញ្ចាំងសម្រាប់ការលូតលាស់ និងការរីកចម្រើនរបស់ប្រទេសជាតិ ហើយជាមួយគ្នានេះយុវជនមិនត្រូវភ្លេចឡើយនូវគុណបំណាច់របស់ឪពុកម្តាយដែលបានផ្តល់កំណើត និងចិញ្ចឹមថែរក្សាបីបាច់ និងដឹងគុណចំពោះលោកគ្រូ-អ្នកគ្រូចំពោះការអប់រំប្រៀនប្រដៅផងដែរ។

លោកទេសរដ្ឋមន្រ្តីបានចាត់ទុកយុវជនគឺជាទ្រព្យសម្បត្តិរបស់ជាតិ ដែលជាកម្លាំងចលករ ជាក្តីសង្ឃឹម និងជាថ្នាក់ដឹកនាំមួយសម្រាប់អនាគតប្រទេសជាតិ ប្រសិនបើគ្មានយុវជន សង្គមមិនទាន់មានភាពពេញលេញនៅឡើយទេ ហើយយុវជននោះទៀតសោតត្រូវមានភាពជឿជាក់ ទស្សនវិស័យ ចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន ដើម្បីធ្វើជាត្រីវិស័យក្នុងការជួយតម្រង់ទិស និងកំណត់ទិសដៅសម្រាប់ភាពជោគជ័យក្នុងជីវិត ហើយត្រូវតែស្មោះត្រង់ចំពោះជាតិមាតុភូមិដាច់ខាត។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងថា ប្រទេសជាតិប្រៀបបានទៅនឹងសួនផ្កាដ៏ស្រស់ស្អាតមួយ ហើយយុវជនប្រៀបបាននឹងផ្កាមួយទងនៅក្នុងសួនផ្កានោះ។ ផ្កាមួយទងៗមានក្លិនផ្សេងគ្នា មានពណ៌ផ្សេងគ្នា មានទំហំផ្សេងគ្នា តែនៅពេលដែលផ្គុំបញ្ចូលគ្នា វាអាចបង្កើតជាសួនផ្កាដ៏ស្រស់បំព្រងមួយ ឬបាច់ផ្កាដ៏ស្រស់ស្អាតមួយបាច់៕