(សៀមរាប)៖ គណបក្សប្រជាជនកម្ពុជាឃុំរលួស ស្រុកប្រាសាទបាគង បានប្រកាសបញ្ចូលសមាជិកថ្មីចំនួន១០៦៦នាក់ ដែលស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការស្វាគមន៍ពីសំណាក់លោក សំ វណ្ណថន សមាជិកគណៈកម្មការធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តសៀមរាប។

កម្មវិធីនេះធ្វើឡើងនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានការចូលរួមពីលោក ប៊ូ សុខគីម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំរលួស លោក សូរ ប្លាតុង ប្រធានគណៈកម្មាធិការគណបក្សស្រុកប្រាសាទបាគង និងសមាជិកគណបក្សចំនួន១០៦៦នាក់។

នាឱកាសនោះ តំណាងសមាជិកថ្មីបានឡើងអាននូវពាក្យសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដីពីលោក សំ វណ្ណថន និងអង្គពិធីទាំងមូល។

បន្ទាប់ពីលោក អ៊ុ វ៉ុង ប្រធានគណៈកម្មាធិការគណបក្សឃុំរលួសឡើងអានសេចក្ដីសម្រេចទទួលស្គាល់សមាជិកគណបក្សថ្មីរួចមក លោក សំ វណ្ណថន ក៏បានមានមតិសំណេះសំណាល។

លោក សំ វណ្ណថន បានថ្លែងនូវការអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ អរគុណមគ្គុទ្ទេសក៍សន្តិភាពដ៏ឆ្នើម គឺសម្ដេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ ស្ថិរភាពពេញលេញ។

លោកបានលើកឡើងអំពីគុណតម្លៃនៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបានពីសន្តិភាព ដោយសារមានសន្តិភាព ទើបប្រទេសកម្ពុជាមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ ហើយសន្តិភាពនេះគឺបានពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

មិនតែប៉ុណ្ណោះ លោក សំ វណ្ណថន បានផ្ដាំផ្ញើដល់សមាជិកថ្មីទាំងអស់ត្រូវបង្កើនការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាសន្តិភាពតទៅពេលអនាគត និងចូលរួមជាមួយសមាជិកគណៈពង្រឹងទាំងអស់ចុះសួរសុខទុក្ខជាមួយប្រជាពលរដ្ឋនៅក្នុងភូមិឃុំ។

ជាមួយគ្នានោះ លោក សំ វណ្ណថន ក៏បានចែកជូនសមាជិកគណបក្សសរុបចំនួន១០៦៦នាក់ ក្នុងម្នាក់ទទួលបានសារុង១ មី១កេស៕